ឆ្នាំ២០២៣ គឺប្រហែលជាឆ្នាំដែលក្តៅបំផុតនៃប្រវត្តិសាស្រ្ត
រដូវក្តៅឆ្នាំ២០២៣ គឺក្តៅបំផុតដែលមិនដែលធ្លាប់បានកត់ត្រា និងជំរុញឲ្យមានការភ័យខ្លាចអំពីការរលំស្រុតនៃអាកាសធាតុ។ អង្គការសហប្រជាជាតិ ទទូចអំពីភាពចាំបាច់នៃប្រតិកម្មជាបន្ទាន់ប្រឈមមុខនឹងការប្រែប្រួលដល់កម្រិតអាសន្ននេះ។
ទីភ្នាក់ងារត្រួតពិនិត្យអឺរ៉ុប កូពែនីគុស បានប្រកាសកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ថា រដូវក្តៅនៅអឺរ៉ុបខែមិថុនា កក្កដា សីហា បានជួបសីតុណ្ហភាពមធ្យមដែលខ្ពស់បំផុតមិនដែលធ្លាប់បានវាស់វែង ហើយសម្រាប់ឆ្នាំ២០២៣ វាប្រហែលជាឆ្នាំដែលក្តៅបំផុតនៃប្រវត្តិសាស្រ្ត។
នៅក្នុងសេចក្តីប្រកាសមួយ លោកអន់តូនីញ៉ូ ហ្គូតឺរ៉េស អគ្គលេខានៃអង្គការសហប្រជាជាតិ បានអធិប្បាយថា ៖ “ការដួលរលំនៃអាកាសធាតុបានចាប់ផ្តើម។” លោកបានរំលឹកថា នេះគឺជាហេតុផលដែលអ្នកវិទ្យាសាស្រ្តបានព្រមានតាំងពីយូរប្រឆាំងនឹងផលវិបាកនៃការពឹងអាស្រ័យរបស់មនុស្សជាតិទៅលើឥន្ធនៈផូស៊ីល។
រលកកម្តៅ គ្រោះរាំងស្ងួត ទឹកជំនន់ ឬអគ្គីភ័យ បានវាយប្រហារទ្វីបអាស៊ី អឺរ៉ុប អាម៉េរិកខាងជើង នៅអំឡុងពេលនេះ ជាមួយនឹងអត្រានៃសោដនាកម្ម និងដែលមិនអាចវាស់វែងទំហំការខូចខាតបាន។ មហន្តរាយទាំងនេះបានធ្វើឲ្យបង់ថ្លៃនូវជីវិតមនុស្ស និងការខូចខាតទៅលើសេដ្ឋកិច្ច និងបរិស្ថានទៀតផង។ អឌ្ឍគោលខាងជើង មានកម្រិតឯកតកម្មនៃកម្តៅ បានវាយប្រហារ រហូតដល់អឌ្ឍគោលខាងត្បូងដែលជារដូវរងា និងជៀសមិនរួចពីរងផលប៉ះពាល់ផងដែរ។
ទីភ្នាក់ងារ កូពែនីគុស បានប្រកាសថា រដូវនៅខែមិថុនា កក្កដា សីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងអឌ្ឍគោលខាងជើង បានឡើងកម្តៅដែលមិនធ្លាប់បានកត់ត្រា នៅក្នុងពិភពលោក ហើយវាចំនឹងតំបន់នេះដែលមានប្រជាជនភាគច្រើនរស់នៅ។
សីតុណ្ហភាពបានកើនឡើង0,66°C លើសសីតុណ្ហភាពមធ្យមក្នុងអំឡុងឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។ នេះជាកំណត់សម្គាល់នៃការកើនឡើងសីតុណ្ហភាពមធ្យមនៅលើភពផែនដីដោយហេតុផលនៃការកើនកម្តៅអាកាសធាតុ ដែលបង្កឡើងដោយសកម្មភាពមនុស្ស។
ទីភ្នាក់ងារ កូពែនីគុស បញ្ជាក់ថា ខែកក្កដា គឺជាខែដែលក្តៅបំផុតដែលមិនដែលធ្លាប់បានវាស់វែង។ ខែសីហា គឺជាខែទី២ ដែលក្តៅខ្លាំងបន្ទាប់។
លោកស្រី សាម៉ង់ថា បឺហ្គេស អនុប្រធានសេវាកម្មនៃការប្រែប្រួលអាកាសធាតុ នៃអង្គការ កូពែនីគុស បានថ្លែងថា ៖ “ដោយយល់ដឹងអំពីកម្តៅដែលលើសនៅលើផ្ទៃមហាសមុទ្រ វាប្រហែលថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលក្តៅបំផុតដែលមនុស្សជាតិមិនដែលជួបប្រទះ។
លោកស្រី បឺហ្គេស បានបញ្ជាក់ថា ៖ “យោងតាមទិន្នន័យសិក្សា ខែចំនួនបីដែលយើងទើបឆ្លងកាត់ថ្មីៗ គឺក្តៅបំផុតចាប់តាំងពី១២០០០០ឆ្នាំ មកហើយ មានន័យថា គឺតាំងពីការចាប់ផ្តើមនៃមនុស្សជាតិមកម្ល៉េះ។
វាមានការកើនកម្តៅលើសនៅតាមសមុទ្រនានានៃភពផែនដី។ សមុទ្របន្តស្រូបយក ៩០% នៃកម្តៅលើសដែលបង្កឡើងដោយសកម្មភាពរបស់មនុស្ស ចាប់តាំងពីយុគសម័យឧស្សាហកម្ម។ សមុទ្រដើរតួដ៏សំខាន់នៅក្នុងបាតុភូតនៃការឡើងកម្តៅថ្មីនេះ។
លោកស្រី សាម៉ង់ថា បឺហ្គេស បញ្ជាក់ថា ៖ “ការកើនកម្តៅតាមសមុទ្រ បង្កជាការកើនកម្តៅបរិយាកាស និងការកើនឡើងនូវភាពសំណើម។ ទាំងនេះនឹងបង្កើតជាការធ្លាក់ភ្លៀងលើសកាន់តែច្រើនធ្ងន់ធ្ងរ និងបង្កើនថាមពលដល់ព្យុះស៊ីក្លូនត្រូពិច។”
ការកើនកម្តៅលើសក៏ប៉ះពាល់ផងដែរដល់ស្ថានជីវចម្រុះ។ លោកស្រីបឺហ្គេស បន្ថែមថា វានឹងធ្វើឲ្យសារធាតុចិញ្ចឹមនៅក្នុងសមុទ្រធ្លាក់ចុះ កម្រិតឧកស៊ីសែនធ្លាក់ចុះ ដែលគំរាមដល់ការរស់រានមានជីវិតរបស់ពពួកសត្វនឹងរុក្ខជាតិ។ បាតុភូតនេះ ក៏បង្កឲ្យផ្កាថ្មសមុទ្រឡើងស និងការរីកសាយភាពនៃសារាយចង្រៃផងដែរ។