ការប្រែប្រួលអាកាសធាតុនៅពីក្រោយគ្រោះរាំស្ងួតដ៏បំផ្លិចបំផ្លាញនៅតំបន់ អាម៉ាហ្ស៊ូន នៅឆ្នាំ២០២៣
ការប្រែប្រួលអាកាសធាតុ ជំរុញឲ្យមានគ្រោះរាំងស្ងួតដ៏បំផ្លិចបំផ្លាញយ៉ាងសម្បើម ដែលបានវាយប្រហារនៅឆ្នាំ២០២៣ លើតំបន់អាម៉ាហ្ស៊ូន។ នេះគឺជាតំបន់មួយក្នុងចំណោមតំបន់ទាំងឡាយ ដែលប្រព័ន្ធបរិស្ថានមានសារសំខាន់បំផុតនៅលើពិភពលោកដើម្បីធ្វើឲ្យអាកាសធាតុមានស្ថិរភាព ដែលវាកំពុងរងការគំរាមកំហែងពីការឡើងកម្តៅ។
គ្រោះរាំងស្ងួតកសិកម្មជាប្រវត្តិសាស្រ្តបានប៉ះពាល់ដលមនុស្ស រាប់លាននាក់ នៅក្នុងអាងទន្លេអាម៉ាហ្ស៊ូនទាំងមូល។ វាក៏បង្កឲ្យមានភ្លើងឆេះព្រៃដ៏ច្រើនសម្បើម ការធ្លាក់ថយចុះនូវចរន្តទឹក និងបង្កឲ្យមានការស្លាប់ដ៏មហន្តរាយនូវពពួកសត្វផងដែរ។
អ្នកជំនាញខ្លះបានផ្តល់យោបល់ថា ការមកដល់នូវបាតុភូតឧតុនិយមធម្មជាតិ អែលនីណូ គឺជាប្រភពដើមនៃលក្ខខណ្ឌហួតហែងនេះ។ ប៉ុន្តែការសិក្សាថ្មីមួយដែលដឹកនាំដោយអ្នកវិទ្យាសាស្រ្តនៃក្រុមជំនួយអាកាសធាតុពិភពលោក បានបង្ហាញថា ការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយការបំពុលនៃកាបូនដែលបំភាយនៅលើផែនដី គឺជាអ្នកទទួលខុសត្រូវចម្បងលើស្ថានភាពមហន្តរាយ។
បើយោងតាមក្រុមអ្នកវិទ្យាសាស្រ្តនេះ បានឲ្យដឹងថា បាតុភូតនេះ បានបង្កឲ្យមានគ្រោះរាំងស្ងួតប្រហែល ៣០ដង ច្រើនជាងក្នុងរយៈពេល ពីខែមិថុនា ទៅដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ស្ថានភាពនេះគ្មានអ្វីក្រៅពីធ្វើឲ្យកាន់តែធ្ងន់ធ្ងរធំធេងនៅពេលអាកាសធាតុនៅតែឡើងកម្តៅ ដែលជំរុញឲ្យតំបន់អាម៉ាហ្ស៊ូន ឈានដល់ចំនុចប្រែប្រួលទាំងស្រុងសម្រាប់អាកាសធាតុរបស់ខ្លួន។
ក្រុមអ្នកវិទ្យាសាស្រ្តភ័យខ្លាចថា ការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើ បញ្ចូលគ្នា នឹងពង្រីកវិសាលភាពនៃគ្រោះរាំងស្ងួត និងការកើនកម្តៅតំបន់អាម៉ាហ្ស៊ូន។ បើយោងតាមអ្នកវិទ្យាសាស្រ្ត រឿងនេះនឹងបង្កឲ្យមានការផ្លាស់ប្តូរដែលកាន់តែលឿនឡើងពីព្រៃត្រូពិចនៅក្នុងតំបន់អាម៉ាហ្ស៊ូនទៅជាវាលស្មៅខ្ពស់ៗ និងកាត់បន្ថយសមត្ថភាពស្តុកកាបូន។
សមត្ថភាពស្តុកកាបូននៅតំបន់អាម៉ាហ្ស៊ូន គឺត្រូវគេវាយតម្លៃថា ស្តុកបានច្រើនជាង ១០០ ពាន់លានតោន នៅក្នុងដើមឈើ និងនៅក្នុងដី ឬ ច្រើនជាង ២ដង នៃការបំភាយប្រចាំឆ្នាំរបស់ពិភពលោកពីគ្រប់ប្រភព។
លោកស្រី រ៉ឺហ្ស៊ីណា រ៉ូឌ្រីហ្គ៉េ សាស្រ្តាចារ្យសមុទ្រសាស្រ្តរូបវិទ្យា និងអាកាសធាតុ នៅសកលវិទ្យាល័យ សហព័ន្ធ សាន់តា កាតារីណា បានថ្លែងថា ៖ “តំបន់អាម៉ាហ្ស៊ូននឹងអាចកសាង ឬបំផ្លាញ ផែនការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរបស់យើង”។លោកស្រីពន្យល់ថា ៖ “ប្រសិនបើយើងការពារព្រៃឈើ ព្រៃឈើនឹងបន្តធ្វើការងារដូចជា អាងដ៏ធំបំផុតនៃការស្តុកកាបូននៅលើផែនដីពិភពលោក។ ប៉ុន្តែប្រសិនបើយើងនៅអនុញ្ញាតឲ្យមានការបំភាយកាបូន ដែលមានប្រភពដើមពីមនុស្ស និងការកាប់បំផ្លាញព្រៃឈើឈានដល់ចំនុច ក្រឡាប់ចាក់ នេះនឹងធ្វើឲ្យមានការសាយភាយនូវបរិមាណឧស្ម័នកាបូនិកដ៏ច្រើនសម្បើម និងធ្វើឲ្យការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរបស់យើងនឹងកាន់តែស្មុគស្មាញបន្តទៀត។”
លក្ខខណ្ឌនៃគ្រោះរាំងស្ងួតនៅអាងទន្លេអាម៉ាហ្ស៊ូន ត្រូវបានបង្កឡើងតាំងពីពាក់កណ្តាលឆ្នាំ២០២៣ ដោយការធ្លាក់ភ្លៀងដ៏ខ្សោយ និងសីតុណ្ហភាពកើនឡើង។ កម្រិតទឹកស្ទឹងទន្លេ បានធ្លាក់ចុះយ៉ាងសម្បើម ដែលបានធ្វើឲ្យខូចខាតដល់តំបន់ ដែលពឹងផ្អែកលើខ្សែទឹកស្ទឹងទន្លេខ្វាត់ខ្វែងដើម្បីធ្វើនាវាចរណ៍ សម្រាប់ការដឹកជញ្ជូន និងតម្រូវការចាំបាច់។ ការប្រមូលផលកសិកម្មមានសភាពខ្សោយ ដែលបង្កឲ្យមានការខ្វះខាតចំណីអាហារ និងទឹកស្អាត។
ជាសេចក្តីសន្និដ្ឋាន ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានការធ្លាក់ភ្លៀងខ្សោយ ប្រហែលជាជាង ១០ដង តិចជាងមុន និងគ្រោះរាំងស្ងួតសម្រាប់កសិកម្ម អាចកើនឡើងប្រហែល ៣០ដង ច្រើនជាងមុន។