ការបំពុលប្លាស្ទីក កិច្ចចរចាជួបប្រទះឧបសគ្គ ប៉ុន្តែរដ្ឋនានាស្ថិតនៅតុចរចា

ឆន្ទៈក្នុងការធ្វើឲ្យក្លាយជាផ្លូវការខាងផ្លូវច្បាប់នូវកិច្ចព្រមព្រៀងពិភពលោក ជាមួយនឹងការបង្ខំដើម្បីបញ្ចប់ការបំពុលប្លាស្ទីក បានពើបប្រទះនឹងការខ្វែងគំនិតគ្នារវាងរដ្ឋនានា។ កំពុងជួបប្រជុំគ្នាសម្រាប់ជុំទី៥ នៃកិច្ចចរចានៅទីក្រុងហ្សឺណេវ គណៈប្រតិភូនានាបានព្រមព្រៀងចាប់ផ្តើមការពិភាក្សាសម្រាប់កាលបរិច្ឆេទបន្តនាពេលអនាគត ក្រោយពីខ្វះនូវការកុងសង់សុស។
នៅក្នុងសេចក្តីថ្លែងសន្ទរកថាដែលផ្សព្វផ្សាយចេញពីសម័យប្រជុំ អគ្គលេខាអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានថ្លែងប្រាប់ឲ្យដឹងថា លោកមានការសោកស្តាយយ៉ាងជ្រាលជ្រៅ។ ទោះបីមានការខិតខំប្រឹងប្រែងយ៉ាងប្រាកបប្រជា កិច្ចចរចាបានបញ្ចប់ដោយមិនមានកុងសង់សុសគ្នាឡើយ។
ដោយបានស្វាគមន៍ដល់ការប្តេជ្ញាចិត្តនៃរដ្ឋនានាជាសមាជិកដែលនៅសន្យានិងបន្តដំណើរការចរចា លោកហ្គូទែរ៉េស បានរំឭកថា ពិភពលោកត្រូវការសន្ធិសញ្ញាដើម្បីទទួលប្រឈមមុខនឹងការងារដ៏មហាលំបាកនេះសម្រាប់ប្រជាជន និងបរិស្ថាន។ ក៏ដូចជាទស្សនៈនៃប្រមុខកម្មវិធីអង្គការសហប្រជាជាតិសម្រាប់បរិស្ថាន PNUE ដែលជាទីភ្នាក់ងារទទួលបន្ទុកកំណត់ក្របខណ្ឌដំណើរការចរចាអន្តររដ្ឋាភិបាល លោកស្រីអ៊ីនហ្គឺ អេនដឺសេន បានទទួលស្គាល់ថា ការចរចារយៈពេល ១០ថ្ងៃ មកនេះ គឺលំបាកនៅក្នុងបរិបទភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញ ដែលត្រូវបានកត់សម្គាល់ដោយការលំបាកខាងសេដ្ឋកិច្ច និងភាពតានតឹងជាពហុភាគី។ ទោះបីជាយ៉ាងណា រឿងមួយដែលច្បាស់ គឺថា ថ្វីបើមានការស្មុគស្មាញនានា ប្រទេសទាំងអស់ប្រាថ្នាយ៉ាងច្បាស់ថានៅតែស្ថិតនៅក្នុងតុចរចា។
នៅតាមច្រកផ្លូវនៃអគារអង្គការសហប្រជាជាតិ នៅកណ្តាលទីក្រុងស្វីស វត្តមាននៃគណប្រតិភូចំនួន ១៨៣ប្រទេស ផ្តល់ជាសាក្សីនូវទម្ងន់នយោបាយសម្រាប់អនាគតសន្ធិសញ្ញាមួយអំពីប្លាស្ទីក។ ជាសរុបមានអ្នកចូលរួមច្រើនជាង ២៦០០០នាក់ ដែលមាន ១៤០០នាក់ ជាប្រតិភូជាតិ និងជិត ១០០០នាក់ ជាអ្នកអង្កេតការណ៍ សម្រាប់សម័យប្រជុំថ្មីនេះ។
គោលដៅដែលលើកបង្ហាញ គឺធ្វើយ៉ាងណាបញ្ឈប់វដ្តនៃការសាយភាយប្លាស្ទីក តាំងពីការគិតគូរផលិតរហូតដល់ពួកវាក្លាយជាសម្រាម។ គេផ្តោចអារម្មណ៍លើបញ្ហាប្លាស្ទីកស្រួចស្រាវចំនួនបួន មាន ការកំណត់ពិដាននៃផលិតកម្ម ផលិតផលគីមីដែលគួរឲ្យព្រួយបារម្ភ ហិរញ្ញវត្ថុ និងយន្តការនៃការសម្របនឹងបរិស្ថាន។
ប៉ុន្តែទោះបីជាមានការសន្យាដ៏ខ្លាំងក្លា យោងតាម PNUE ក៏បានឲ្យដឹងដែរថា មិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានរកឃើញសម្រាប់សំណើរដែលដាក់លើតុចរចាទេ។ លោកស្រីអេនដឺសេន បានទទូចថា ទោះបីយើងមិនបានឈានដល់អត្ថបទច្បាប់នៃសន្ធិសញ្ញា ដែលយើងសង្ឃឹម PNUE នឹងបន្តការងារខ្លួនប្រឆាំងនឹងការបំពុលប្លាស្ទីក ដែលជាការបំពុលដែលមាននៅក្នុងទឹកក្រោមដី ក្នុងដី ក្នុងស្ទឹង សមុទ្រ ក៏ដូចជា នៅក្នុងខ្លួនយើងផងដែរ។
សម្រាប់លោក ល្វីស វ៉ាយ៉ាស វ៉ាល់ឌីវីសូ ប្រធានគណៈកម្មាធិការនៃកិច្ចចរចាអន្តររដ្ឋាភិបាល នៃសន្ធិសញ្ញា បានឲ្យដឹងថា ការបរាជ័យបណ្តោះអាសន្នមិនត្រូវធ្វើឲ្យខូចខាតដល់ការប្តេជ្ញានៃរដ្ឋសមាជិកនោះទេ។ មិនបានឈានដល់គោលដៅដែលយើងបានកំណត់អាចជាប្រភពនៃភាពសោកសៅ ឬការភ័យខ្លាច។ ប៉ុន្តែរឿងនេះមិនត្រូវបំបាក់ទឹកចិត្តយើងទេ។
លោកជេយ៉ូទី ម៉ាទៀ ហ្វីលីព ដែលតួនាទីរបស់លោកគឺកំណត់ក្របខណ្ឌដំណើរការចរចា បានថ្លែងថា ចេញពីសម័យប្រជុំលើកនេះ យើងបានចេញដំណើរជាមួយនឹងការយល់ដឹងអំពីការលំបាកដើម្បីដោះស្រាយ និងការសន្យាសាជាថ្មី និងរួមគ្នាដើម្បីដោះស្រាយវា។
ជាសន្និដ្ឋានបញ្ចប់ ពីពេលនេះទៅ យើងមានកាតព្វកិច្ចនឹងធ្វើរឿងប្លាស្ទីកឲ្យរីកចម្រើនទៅមុខ។
Daily Program
