កម្រិតឯកតកម្មនៃឧស្ម័នផ្ទះកញ្ចក់ យោងតាមអង្គការឧតុនិយមអន្តរជាតិ មនុស្ស​ជាតិ​បន្តដើរក្នុងទិសដៅមិនល្អ

យោងតាមរបាយការណ៍ថ្មីមួយនៃអង្គការឧតុនិយមអន្តរជាតិ បានឲ្យដឹងថា ឧស្ម័នផ្ទះកញ្ចក់ ដែល​​បានរាំងស្កាត់​កម្តៅនៅក្នុងបរិយាកាស បានឈានដល់​កម្រិតឯកតកម្ម​ម្តងបន្ថែមទៀត​កាល​ពីឆ្នាំមុន ហើយនិន្នាការនៃការកើនឡើងរបស់វាមិនបានធ្លាក់ចុះទេ។

នេះគឺជាលើកទី១ ការប្រមូលផ្តុំឧស្ម័នកាបូនិក ឬឧស្ម័នផ្ទះកញ្ចក់ជាមធ្យមនៅ​លើ​ពិភពលោក បាន​លើស ៥០% នៃបរិមាណមុនយុគសម័យឧស្សាហកម្ម ហើយបន្ត​កើន​ឡើង​នៅឆ្នាំ​២០២៣ នេះ។

របាយការណ៍ បានចង្អុលបង្ហាញថា ពេលវេលាចុងក្រោយបង្អស់​ ដែលផែនដី​មានផ្ទុក​ឧស្ម័ន​កាបូនិក ដែលអាចអាចប្រៀបធៀគ្នាបាននឹងពេលសព្វថ្ងៃ គឺក្នុងរវាង ពី ៣លាន ទៅ ៥លាន ឆ្នាំមុន។ នៅពេលនោះ សីតុណ្ហភាពមានចំនួន ពី ២°C ទៅ ៣ °C លើសសីតុណ្ហភាព​នា​ពេល​សព្វ​​ថ្ងៃ ហើយកម្រិតទឹកសមុទ្រ មានកម្ពស់ខ្ពស់ជាង ពី ១០ ម ទៅ ២០ ម បើប្រៀបធៀបនឹង​កម្ពស់​​​ទឹកនាពេលសព្វថ្ងៃ។

លោកអគ្គលេខានៃអង្គការឧតុនិយមអន្តរជាតិ OMM លោកប៉េតឺរី តាអាឡាស បានរៀបរាប់​ឲ្យ​ដឹង​ថា ៖ ”ទោះបីជាមានការព្រមានអស់ប៉ុន្មានទសវត្ស ពីផ្នែកនៃសហគមន៍អ្នកវិទ្យាសាស្រ្ត ជា​មួយ​នឹង​ការផ្សព្វផ្សាយឯកសាររាប់ពាន់ទំព័រនៃរបាយការណ៍ និងការរៀបចំសន្និសីទរាប់សិប​ស្តីអំពី​​​អាកាសធាតុ មនុស្សនៅតែបន្តដើរនៅក្នុងទិសដៅមិនល្អ។”

យោងតាមរបាយការណ៍របស់អង្គការឧតុនិយមនេះ បានឲ្យដឹងដែរថា នៅខណៈដែលការ​បំភាយ​​​នៅតែបន្ត ឧស្ម័នកាបូនិចបន្តកើនឡើង នៅក្នុងបរិយាកាស និង​បង្កបានជាការកើន​ឡើង​នូ​វ​សីតុណ្ហភាពពិភពលោក។ បើពិចារណាចំពោះរយៈពេលនៃជីវិត របស់ឧស្ម័នកាបូនិច ការ​កើនកម្តៅដែលគេពិនិត្យឃើញរួចហើោយ នឹងនៅតែវិលវល់​រាប់ទសវត្សទៅមុខ ទោះ​បីជា​ការ​បំភាយត្រូវគេលុបបំបាត់ដល់សូន្យបានយ៉ាងលឿនក្តី។

ប៉ុន្មានថ្ងៃមុននៃការបើកសន្និសីទនៃអង្គការសហប្រជាជាតិអំពីអាកាសធាតុ គឺ​សន្និសីទ​អន្តរជាតិ​​ស្តី​​អំពីអាកាសធាតុលើកទី២៨ នៅប្រទេសអារ៉ាប់ អេមីរ៉េត លោកប៉េតឺរី តាអាឡាស ព្យាករណ៍​ថា ៖ “កម្រិតសព្វថ្ងៃនៃការប្រមូលផ្តុំឧស្ម័នផ្ទះកញ្ចក់ នាំយើងទៅកាន់​ការកើនឡើង​នូវ​​សីតុណ្ហភាព​​ដែលខ្ពស់ឆ្ងាយខ្លាំងជាងគោលដៅនៃកិច្ចព្រមព្រៀងស្តី​អំពីអាកាសធាតុ​នា​ទីក្រុង​​ប៉ារីស ​ពីពេលនេះរហូតដល់ដំណាច់សតវត្ស។

លក្ខខណ្ឌឧតុនិយមកាន់តែតានតឹង មានកម្តៅក្តៅខ្លាំង និងការធ្លាក់ភ្លៀងខ្លាំងក្លា ការរលាយ​ទឹកកក ការកើនឡើងនូវកម្ពស់ទឹកសមុទ្រ ការកើនកម្តៅ និងការឡើងជាតិអាស៊ីតនៅក្នុង​សមុទ្រ​នានា។ មនុស្សជាតិបានចូលរួមធ្វើឲ្យកើនឡើងនូវការបង់ថ្លៃដើមនៃសង្គម សេដ្ឋកិច្ច និង​បរិស្ថាន។ ដូច្នេះវាមានភាពបន្ទាន់នឹងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល។

ដើម្បីយល់បន្ថែមវិបាកនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅលើអាកាសធាតុ អង្គការឧតុនិយម​ពិភព​លោ​កថ្មីៗ​នេះ បានបង្កើតការតាមដានជាសកល​នូវឧស្ម័នផ្ទះកញ្ចក់។ គំនិតផ្តួចផ្តើមនេះ ត្រូវ​តែអនុញ្ញាតឲ្យទទួលបានព័ត៌មានសំខាន់ដើម្បីឈានដល់គោលដៅ​នៃកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែលត្រូវរក្សា​ការកើនឡើងនូវសីតុណ្ហភាពមធ្យមពិភពលោក​នៅក្រោម ២°C បើ​ប្រៀប​ធៀបនឹងកម្រិតមុនយុគសម័យឧស្សាហកម្ម ហើយត្រូវកម្រិតសីតុណ្ហភាព​ឲ្យកើនត្រឹម ១,៥°C ។

លោកឡូរេនហ្ស៉ូ ឡាប្រាដ័រ មន្រ្តីវិទ្យាសាស្រ្តនៅអង្គការឧតុនិយមពិភពលោក បាន​សន្និដ្ឋាន​ថា ៖ “រឿងល្អ គឺថា សព្វថ្ងៃនេះ ពិភពលោកមានប្រព័ន្ធព័ត៌មានល្អ ដែលអាចឲ្យ​យើង​ដឹង​អំពី​លំហូ​ឧស្ម័នផ្ទះកញ្ចក់។ ឥឡូវនេះ ប្រទេសដែលនៅក្នុងក្របខណ្ឌ​នៃ​សន្និសីទ​អន្តរជាតិ​ស្តីអំពី​អាកាស​ធាតុ ពួកគេមានព័ត៌មាន។ អ្វីដែលត្រូវការ គឺឆន្ទៈ​នយោបាយ​ដើម្បីធ្វើប្រតិកម្ម”។

Daily Program

Livesteam thumbnail