អភិបូជា ថ្ងៃអាទិត្យទី២៧ នៃរដូវធម្មតា ឆ្នាំគនៅព្រះសហគមន៍កាតូលិក ព្រះកុមារយេស៊ូ បឹងទំពន់ថ្ងៃអាទិត្យ ទី០៥ ខែតុលា ឆ្នាំ២០២៥

បងប្អូនជាទីស្រឡាញ់ នៅ​ក្នុង​ព្រះ​បន្ទូល​ដំណឹង​ល្អ​នៅ​ថ្ងៃ​នេះ យើង​បាន​ស្ដាប់​ឮក្រុម​សាវ័ក គឺ​ក្រុម​គ្រីស្ត​ទូត​ដែល​បានអធិដ្ឋានទូល​អង្វរ​ព្រះយេស៊ូ សូម​ព្រះ​អង្គប្រទាន​ជំនឿ​ឲ្យ​យើង​ខ្ញុំ​ថែម​ទៀត។ ខ្ញុំ​គិត​ថានេះ​ជា​ពាក្យ​អធិដ្ឋាន​មួយ​ដែល​យើង​គូរ​ចាប់​អារម្មណ៍ ហើយ​យើង​យក​មក​អធិដ្ឋាន​នៅ​ក្នុង​ចិត្ត។ ខ្ញុំ​​ចង់​សួរ​បងប្អូន​ថា បងប្អូន​ធ្លាប់​អធិដ្ឋាន​សូម​ជំនឿ​ពី​ព្រះ​ជា​ម្ចាស់​ទេ? ខ្ញុំ​មាន​អារម្មណ៍​ថា ជួន​កាល​យើង​មិន​សូវ​​ទេ យើង​សូម​អ្វី​ៗ​ជា​ច្រើន ប៉ុន្តែសូម​ជំនឿគឺ​មិន​សូវ​ តើពិតទេ?

ជំនឿប៉ុនគ្រាប់ពូជដ៏តូច ដែលព្រះយេស៊ូមានព្រះបន្ទូលនៅថ្ងៃនេះ៖ «បើយើងមានជំនឿប៉ុនគ្រាប់ពូជដ៏តូច អ្នកទាំងអស់គ្នាអាចបញ្ជា ឲ្យដើមឈើរំលើងឫសទៅដុះក្នុងសមុទ្របាន»។ ដូច្នេះព្រះបន្ទូលនេះជួយឲ្យយើងគិតអំពីពាក្យអធិដ្ឋានរបស់យើង តើយើងសូមជំនឿដើម្បីឲ្យយើងមានជំនឿរឹងមាំពិតប្រាកដ ជំនឿទីមួយណែនាំឲ្យយើងមានសេចក្តីសង្ឃឹមលើព្រះជាម្ចាស់ នឹងចង់ផ្ញើជីវិតលើព្រះជាម្ចាស់។

អត្ថបទទីមួយដែលយើងស្ដាប់នៅថ្ងៃនេះ ព្យាការីហាបាគូកបាននិយាយថា៖«ហេតុអ្វីព្រះអង្គឲ្យខ្ញុំឃើញ សុទ្ធតែរឿងអាក្រក់នៅក្នុងប្រទេសអ៊ីស្រាអែល? មានបញ្ហាមនុស្សស្លាប់មានបញ្ហាមនុស្សឈ្លោះគ្នា ប្ដឹងផ្ដល់គ្នា រឿងពួកខ្មាំងសត្រូវបៀតបៀន» គាត់សួរព្រះជាម្ចាស់ហេតុអ្វីព្រះអង្គទុកឲ្យសេចក្តីអាក្រក់នេះកើតមានតទៅមុខទៀត ថ្ងៃណាទើបព្រះអង្គមករំដោះយើង? យើងបានស្ដាប់ឮព្រះបន្ទូលរបស់ព្រះអង្គប្រាប់គាត់ថា សូមកត់ហេតុការណ៍ទាំងអស់ ហើយប្រហែលមិនទាន់ដល់ពេលប៉ុន្តែហេតុការណ៍នឹងកើតមានឡើងឃ្លាចុងក្រោយយើងបានស្ដាប់ឮថាមនុស្សអាក្រក់នឹងទទួលទោស ​មនុស្សសុចរិតនឹងរស់ដោយសារជំនឿ។ សព្វ​ថ្ងៃយើងរស់ដោយសារជំនឿប្រហែលយើងមានការលំបាកជាច្រើន ប្រទេសយើងមានសង្គ្រាមធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះថែមទៀត ពេលខ្លះយើងហាក់បាត់ជំនឿ បាត់សេចក្តីសង្ឃឹ​ម​ ហើយមានបងប្អូនខ្លះចាញ់ការល្បួងផ្សេងៗ នឹងលះបង់ចោលជំនឿ។ ព្រះបន្ទូលនៅថ្ងៃនេះជួយរំឭកយើងកុំឲ្យយើង​​អស់សង្ឃឹម ជំនឿគឺធ្វើឲ្យយើងមានកម្លាំងបន្តផ្ញើជីវិតលើព្រះអង្គទោះបីយើងជួបនូវឧបសគ្គផ្សេងៗនៅក្នុង​ជីវិត។

នេះទាក់ទងជាមួយនិងការអប់រំជំនឿ នៅថ្ងៃនេះបងប្អូនគ្រូអប់រំជំនឿនឹងប្រកាសពាក្យសន្យាថានឹងជួយព្រះសហគមន៍នៅទីនេះអប់រំជំនឿមួយឆ្នាំទៀត។ អញ្ចឹងការអប់រំជំនឿមានន័យថាយើងណែនាំឲ្យគេស្គាល់ព្រះជាម្ចាស់ ឲ្យស្គាល់ព្រះយេស៊ូ ឲ្យស្គាល់ព្រះសហគមន៍ ហើយយើងមើលរបៀបដែលគេមានជំនឿបន្តិចម្ដងៗ។ ក្នុងជំនឿនេះ ចំណុចទីមួយដែលខ្ញុំចង់ឲ្យយើងចាប់អារម្មណ៍ ពេលណាយើងមានជំនឿ គឺណែនាំឲ្យយើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់យ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ ទំនាក់ទំនងនេះយើងហៅថាអធិដ្ឋាន គឺការសន្ទនាជាមួយនិងព្រះជាម្ចាស់។ ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នាអធិដ្ឋាន អធិដ្ឋានដើម្បីឲ្យយើងជិតស្និទ្ធជាមួយព្រះជាម្ចាស់ សព្វថ្ងៃសម្ដេចប៉ាបឡេអូទី១៤បានទូន្មានយើងថា៖ ប្រសិនបើយើងអធិដ្ឋានជិតស្និទ្ធជាមួយព្រះជាម្ចាស់ ​នោះព្រះជាម្ចាស់នឹង ប្រទានឲ្យយើងទាំងអស់គ្នានូវអំណោយទាន មានន័យថាមានសេចក្តីក្លាហាន មានសេចក្តីសង្ឃឹម អំណោយទាន ផ្សេងៗ ដើម្បីឲ្យយើងក្លាយទៅជាសាក្សីអំពីជំនឿដល់អ្នកដទៃ។ ការអធិដ្ឋាននេះជាប្រភពដែលណែនាំឲ្យយើងទទួលនូវអំណោយទានផ្សេងៗនៅក្នុងជីវិតរបស់យើង ជំនឿនាំឲ្យយើងមានទំនាក់ទំនងពិសេសជាមួយព្រះជាម្ចាស់ និងទំនាក់ទំនងនោះនាំឲ្យយើងបានទទួលអំណោយទាន ដែលផ្ដល់សេចក្តីសង្ឃឹមឲ្យយើង។

ទីពីរ ព្រះបន្ទូលថ្ងៃនេះ ពេលណាយើងនិយាយអំពីជំនឿ គឺណែនាំឲ្យយើងកែប្រែចិត្តគំនិត។ អប់រំជំនឿមានន័យថាណែនាំឲ្យបងប្អូននៅក្នុងក្រុមនីមួយៗ ឲ្យគេមានជំនឿ ហើយជំនឿនាំឲ្យគេកែប្រែចិត្តគំនិត ដូច្នេះដើម្បីយើងអាចជ្រមុជទឹកឲ្យគេបាន ដរាបណាខ្លួនងមានជំនឿ​ និងជីវិតរបស់បងប្អូនយើងកែប្រែ។ ខ្ញុំធ្លាប់ជួបបងប្អូនគ្រីស្តបរិស័ទខ្លះ ដែលបានមកប្រាប់ខ្ញុំថា ពីមុនគាត់ធ្លាប់ធ្វើអំពើអាក្រក់ជាច្រើន តែក្រោយពេលក្លាយជាគ្រីស្តបរិស័ទ គាត់បានកែប្រែរបៀបរស់នៅ។ ឧទាហរណ៍ថា៖ បើពីមុនគេធ្លាប់លេងល្បែងស៊ីសង ឥឡូវគេឈប់លេង ពីមុនគេញៀនស្រា គេលែងហូបស្រា ញៀនស្រា។

ខ្ញុំសួរបងប្អូនថា ជំនឿដែលបងប្អូនមាន តើបងប្អូនមានប៉ុនគ្រាប់ពូជដ៏ល្អិត ហើយបានកែប្រែជីវិតរបស់យើងឬទេ? តើជំនឿរបស់យើងអាចកែប្រែថ្ងៃនេះ ជំនឿប៉ុនគ្រាប់ពូជគឺធ្វើឲ្យរំលើងឫសដើមឈើ ប៉ុន្តែរឿងដែលពិបាកជាងគេ គឺការកែប្រែជីវិតរបស់យើង។ ពេលខ្លះយើងពិបាកណាស់ ខ្ញុំមានបទពិសោធន៍ជួបបងប្អូនជាច្រើនដែលមានបញ្ហានៅក្នុងគ្រួសារពិបាកលើកលែងទោសឲ្យគ្នាណាស់។ ពិបាកលះបង់ចោលសេចក្តីដែលមានជាប់នៅក្នុងជីវិត ដែលយើងហៅថាការល្បួងដូចជា ការល្បួងខាងរូបកាយ ការល្បួងខាងទ្រព្យសម្បត្តិ ការល្បួងខាងកិត្តិយស ការល្បួងជាច្រើនក្នុងជីវិតយើង។ ប៉ុន្តែ ព្រះយេស៊ូរំឭ​កយើង ប្រសិនបើយើងមានជំនឿប៉ុនគ្រាប់ពូជដ៏ល្អិតនោះ យើងអាចកែប្រែបាន រំលើងឫសឈើ មានន័យថា កែប្រែធម្មជាតិ គឺកែប្រែអាកប្បកិរិយារបស់យើងជាមនុស្សដែលធ្លាប់មានពីមុនមក មកជាបុត្រធីតាព្រះជាម្ចាស់ ដូច្នេះសូមឲ្យជំនឿរបស់យើងជួយកែប្រែជីវិតរបស់យើង។ ប្រសិនបើយើងអត់ទាន់កែប្រែ សូមធ្វើដូចក្រុមគ្រីស្តទូតនៅថ្ងៃនេះអធិដ្ឋាន សូមព្រះអង្គប្រទានជំនឿថែមទៀតប្រសិនបើយើងខ្វះខាត។

ចំណុចទីបី ពេលណានិយាយអំពីជំនឿលើព្រះយេស៊ូលើព្រះជាម្ចាស់ដែលជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ជំនឿនេះនាំឲ្យយើងទាំងអស់គ្នាក្លាយជាអ្នកបម្រើ! បានជាព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូប្រាប់យើងអំពីអ្នកបម្រើ។ អ្នកបម្រើដែលមានចិត្តស្មោះត្រង់ អ្នកបម្រើដែលបំពេញកិច្ចការដោយសេចក្តីស្រឡាញ់ អ្នកបម្រើដែលយកចិត្តទុកដាក់ធ្វើកិច្ចការយ៉ាងស្វាហាប់មិនទាមទារពីម្ចាស់។  ពេលណាយើងធ្វើការងារទាំងអស់ហើយ​គ្រាន់តែនិយាយថា ខ្ញុំគ្រាន់តែជាអ្នកបម្រើដែលបានបំពេញភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ ត្រង់នេះបញ្ជាក់ថា យើងមិនទាមទារអ្វីពីព្រះអង្គទេ ព្រោះព្រះអង្គប្រទានការសង្គ្រោះឲ្យយើង ដោយសារព្រះហឫទ័យមេត្តាករុណារប​ស់​​ព្រះអង្គ។ កិច្ចការដែលយើងធ្វើ ដើម្បីបង្ហាញពីចិត្តគំនិតយើង យើងបើកចិត្តគំនិតរកការសង្គ្រោះរបស់ព្រះអង្គ ហើយនឹងបង្ហាញថា យើងទាំងអស់គ្នាចង់អរព្រះគុណព្រះអង្គ ដើម្បីសម្ដែងសេចក្តីល្អចំពោះបងប្អូនឯទៀតៗ។ ដូច្នេះជំនឿនាំឲ្យយើងមានទំនាក់ទំនងពិសេសជាមួយព្រះជាម្ចាស់ មានសេចក្តីសង្ឃឹម ជំនឿនាំឲ្យយើងកែប្រែជីវិតរបស់យើង ជំនឿនាំឲ្យយើងក្លាយទៅជាអ្នកបម្រើដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់។

សូមព្រះបិតាប្រទានជំនឿឲ្យយើងថែមទៀត ប្រសិនបើយើងខ្វះខាត នឹងសូមឲ្យជំនឿនេះធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់យើង ធ្វើការអស្ចារ្យនៅក្នុងព្រះសហគមន៍របស់យើង ដើម្បីឲ្យមនុស្សលោកបានទទួលដំណឹងល្អរបស់ព្រះអង្គ។ អាម៉ែន៕

 

 

 

                                                                                             + លោក​អភិបាល សិលា សួន ហង្សលី

                                                                     អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍​កាតូលិក​កម្ពុជា

                                                                                                                         ភូមិភាគ​ភ្នំពេញ

 

 

Daily Program

Livesteam thumbnail