អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣ តាមម៉ាថាយ ១១,២៥-២៧អត្ថាធិប្បាយដោយលោកបូជាចារ្យ រ៉ាជេត ហាសាពូទី
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះពួកយើងរិះគិតពិចារណាអត្ថបទព្រះគម្ពីរតាមលោកម៉ាថាយ ១១,២៥-២៧ ។នៅក្នុងអត្ថបទនេះព្រះយេស៊ូមានព្រះបន្ទូលអរព្រះគុណព្រះបិតា ហើយព្រះយេស៊ូក៏មានព្រះបន្ទូលអំពីទំនាក់ទំនងពិសេស រវាងព្រះបិតាជាមួយព្រះយេស៊ូ ។ព្រះយេស៊ូអធិដ្ឋានទៅកាន់ព្រះបិតាថា "បពិត្រព្រះបិតាជាព្រះអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្តែងឲ្យមនុស្សតូចតាចយល់ ដែលទ្រង់លាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ ។ បងប្អូនជាទីគោរព នៅទីនេះព្រះយេស៊ូមានព្រះបន្ទូលអរព្រះគុណ និងសរសើរតម្កើងព្រះបិតា ដោយសារព្រះបិតាសព្វព្រះហឫទ័យសម្តែងឲ្យមនុស្សតូចតាចយល់ និងស្គាល់ព្រះបន្ទូលព្រះអង្គ ។ មនុស្សតូចតាចជាមនុស្សសាមញ្ញដែលចេះបន្ទាបខ្លួន មនុស្សតូចតាចតំណាងឲ្យមនុស្សទាំងអស់ដែលមានចិត្តគំនិតទូលំទូលាយ មនុស្សតូចតាចជាមនុស្សដែលមិនប្រឆាំងព្រះបន្ទូលព្រះអង្គគឺព្រមទទួលព្រះបន្ទូល និងអនុវត្តន៍តាមព្រះបន្ទូលព្រះអង្គ។ ពួកគេបានយល់ព្រះបន្ទូល និងទីសម្គាល់របស់ព្រះយេស៊ូពួកគេទុកចិត្តទាំងស្រុងលើព្រះជាម្ចាស់ ផ្ទុយទៅវិញអ្នកប្រាជ្ញនិងអ្នកចេះដឹងអង់អាចលើប្រាជ្ញាលើចំណេះដឹងរបស់ខ្លួនផ្ទាល់ ពួកគេមិនយល់ព្រមស្តាប់និងកែប្រែចិត្តគំនិត មនុស្សមានចំណេះដឹង និងប្រាជ្ញា តំណាងឲ្យមនុស្សដែលអង់អាចលើខ្លួន ។អត្ថបទថ្ងៃនេះដែលមានព្រះបន្ទូលអំពីការទំនាក់ទំនងពិសេសរវាងព្រះបិតាជាមួយព្រះយេស៊ូជាព្រះបុត្រា អត្ថបទថ្ងៃនេះប្រាប់បញ្ជាក់ថាព្រះបិតា មានទំនាក់ទំនងស្និទស្នាល។ ព្រះយេស៊ូមានព្រះបន្ទូលថា គ្មានអ្នកណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយគ្មានអ្នកណាស្គាល់ព្រះបិតាក្រោពីព្រះបុត្រា និងអ្នកដែលព្រះបិតាសម្តែងឲ្យស្គាល់នោះឡើយ ។ អត្ថបទថ្ងៃនេះអញ្ជើញពួកយើងក្លាយជាមនុស្សតូចតាមមានចិត្តជ្រះថ្លា មានចិត្តទូលំទូលាយ ស្តាប់និងអនុវត្តន៍តាមព្រះបន្ទូលរបស់ព្រះអង្គ ។ អត្ថបទថ្ងៃនេះអញ្ជើញពួកយើងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយព្រះបិតា និងព្រះយេស៊ូជាព្រះបុត្រាដោយផ្ញើជីវិតទាំងស្រុងទៅលើព្រះជាអម្ចាស់ ។ សូមព្រះជាម្ចាស់ប្រទានពរយើង ។