អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣ តាមម៉ាថាយ ១១ុំ២០-២៤ដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
ថ្ងៃនេះព្រះយេស៊ូមានអារម្មណ៍ខ្លាំងបន្តិចដែរ ពីព្រោះព្រះអង្គមិនសូវសប្បាយចិត្ត និងអត់សូវពេញចិត្តអ្នកក្រុងកូរ៉ាស៊ីន និងបេសេដា ។ដោយសារក្រុងទាំងពីរនេះព្រះយេស៊ូប្រហែលធ្វើកិច្ចការបរស់ព្រះជាម្ចាស់ច្រើន ធ្វើការអស្ចារ្យច្រើន ប៉ុន្តែហាក់ដូចជាមនុស្សនៅក្រុងទាំងពីរនេះ មិនសូវចាប់អារម្មណ៍ ឬក៏មិនសូវយកចិត្តទុកដាក់មិនចង់ទទួលដំណឹងល្អដែលព្រះអង្គបានប្រាប់ពួកគេ។ដូច្នេះហើយព្រះយេស៊ូបានរិះគង់ក្រុមទាំងពីរ ហើយជាពិសេសប្រៀបធៀបធ្ងន់ដែរ ចំពោះក្រុងបុរាណពីរដែលព្រះជាម្ចាស់ឃើញថា មនុស្សក្រងទាំងពីរនឹងធ្វើបាបយ៉ាងច្រើន និងយ៉ាងខ្លាំងដែរ គឺក្រុងសុដុម និងក្រុងកូម៉ូរ៉ា។អានេះយើងត្រូវត្រឡប់ទៅមើលកំណើតពិភពលោកជំពូកទី១៩ដែលព្រះជាម្ចាស់បានប្រាប់លោកលុតក្មួយរបស់អាប្រាហាំចេញពីក្រុងសុដុមយ៉ាងប្រញ៉ាប់ ពីព្រោះព្រះជាម្ចាស់នឹងបំផ្លាញក្រុងទាំងពីរ។ហេតុអ្វី។ ដោយសារពួកគាត់អត់បានប្រព្រឹត្តិអំពើអាក្រក់យ៉ាងច្រើន តែដោយសារគាត់អត់មានអ្នកណាទៅប្រាប់ ឬណែនាំទេ បានជាព្រះយេស៊ូបាននិយាយថា ប្រសិនបើការអស្ចារ្យ ឬការណែនាំពីព្រះអង្គទៅដល់ក្រុងទាំងពីរប្រហែលពួកគេអាចកែប្រែចិត្តគំនិតធ្វើឱ្យព្រះជាម្ចាស់មិនបំផ្លាញក្រុងទាំងពីរនេះទេ ប៉ុន្តែផ្ទុយគ្នានៅសម័យជំនាន់ព្រះអង្គក្រុងកូរ៉ាស៊ីន និងក្រុងបេសេដាឃើញព្រះជាម្ចាស់ដែលកើតជាមនុស្សផ្ទាល់ ឃើញព្រះសង្រ្គោះផ្ទាល់ ប៉ុន្តែបែបទៅជាពួកគាត់អត់សូវចាប់អារម្មណ៍។បងប្អូនជាទីស្រឡាញ់ជាឱកាសល្អដែរ សម្រាប់ព្រះបន្ទូលថ្ងៃនេះ ដើម្បីជួយយើងរិះគិតថា នៅពេលដែលយើងបានទទួលដំណឹងល្អពីព្រះជាម្ចាស់ហើយ ជាពិសេសបងប្អូនដែលជាគ្រីស្តបរិស័ទតាំងពីក្មេងមក ឬក៏តាំងពីជីដូនជីតាមកជ្រមុជទឹកយូរហើយតាំងពីក្មេង ប៉ុន្តែដូចជាដំណឹងល្អមិនជួយកែប្រែជីវិតយើង ហើយធ្វើឱ្យយើងហាក់ដូចជាអត់ដឹងអំពីព្រះយេស៊ូជាព្រះសង្គ្រោះ។ដូច្នេះព្រះបន្ទូលថ្ងៃនេះ ជួយដាស់តឿបងប្អូនដែរកុំឱ្យយើងផ្លាត់នូវឱកាសនៃការទទួលការសង្គ្រោះពីព្រះអង្គ ហើយក៏កុំឱ្យយើងធ្លាក់ក្នុងការធ្វើទារុណកម្ម ឬក៏ធ្វើបាបពីព្រះជាម្ចាស់ដែរ ពីព្រោះនេះជារឿងមួយដែលមិនមែនព្រះជាម្ចាស់ចង់ធ្វើនោះទេ តែដោយសារយើងបដិសេធព្រះអង្គមិនទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយបែបទៅជារស់នៅគ្មានព្រះអង្គនៅក្នុងជីវិតរបស់យើង។បាទសុំឱ្យព្រះបន្ទូលថ្ងៃនេះជួយដាស់តឿបងប្អូនឱ្យបងប្អូនកែប្រែចិត្តគំនិតត្រឡប់មករកព្រះជាម្ចាស់វិញ មិនថាសកម្មភាពផ្ទាល់ខ្លួន ឬសកម្មភាពក្នុងសង្គម ចំពោះអ្នកដទៃ ឬចំពោះព្រះជាម្ចាស់។សុំព្រះជាម្ចាស់ជាកម្លាំងបងប្អូន និងជួយឱ្យបងប្អូនកែប្រែចិត្តគំនិតត្រឡប់មករកព្រះជាម្ចាស់វិញផងដែរ ។អាម៉ែន ៕