អត្ថាធិប្បាយគម្ពីរថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៥ លោកបូជាចារ្យ អ៊ុន សុន
យើងជាគ្រីស្ទបរិស័ទទាំងអស់គឺ ព្រះជាម្ចាស់ត្រាស់ហៅឲ្យទៅជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ នេះជាការអស្ចារ្យមែនទែនដែលយើងម្នាក់ៗជាគ្រីស្ទបរិស័ទមានតម្លៃថ្លៃថ្លា មានកិត្តិយស ដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យយើងទៅជាជនដ៏វិសុទ្ធរបស់ព្រះអង្គ គឺមានន័យថាឲ្យយើងរស់នៅក្នុងការទាក់ទងនឹងព្រះជាម្ចាស់។ ការទាក់ទងជាមួយនឹងព្រះជាម្ចាស់ ឲ្យយើងគោរពស្រឡាញ់ព្រះអង្គ ដូចព្រះអង្គស្រឡាញ់យើង និងមានធម៌មេត្តាករុណារបស់យើងដែលធ្វើឲ្យជីវិតរបស់យើងមានការផ្លាស់ប្ដូរ។
យើងរស់នៅដោយការពឹងពាក់ទៅលើចំណេះវិជ្ជារបស់ខ្លួន កម្លាំងរបស់ខ្លួន គឺមានកំណត់ មានព្រំដែនដែលអ្វីដែលនាំឲ្យយើងធ្វើខុសចំពោះខ្លួនឯង ចំពោះបងប្អូន ដូចជាចំពោះព្រះជាម្ចាស់ដែរ។ ដូច្នេះ នៅពេលដែលយើងបានទទួលពិធីជ្រមុជទឹក ដែលទទួលឋានៈជាព្យាការី ជាបូជាចារ្យ ជាស្ដេច ធ្វើឲ្យជីវិតរបស់យើង តម្លៃរបស់យើង នៃជីវិតរបស់យើងគឺមានសេចក្ដីដែលត្រូវជាប់ប្រសើរនឹងព្រះជាម្ចាស់។ ហើយសេចក្ដីនេះហើយធ្វើឲ្យតម្លៃនៃជីវិត អត្ថន័យនៃជីវិតនៃយើងទាំងអស់គ្នា យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ និងលើកតម្កើងព្រះជាម្ចាស់នូវការត្រាស់ហៅដែលព្រះអង្គឲ្យយើងទៅជាជនដ៏វិសុទ្ធរបស់ព្រះអង្គ។ ហើយព្រះអង្គជាព្រះអង្គដែលនាំឲ្យយើងមានការផ្លាស់ប្ដូរ ហើយនាំឲ្យយើងមានការកែប្រែគំនិត។
អ្វីដែលយើងរស់នៅក្នុងក្រសែភ្នែកមនុស្ស យើងជួនកាលយើងមិនមែនជាអ្នកមាន យើងមិនមែនជាអ្នកដែលឆ្លាតចេះ ប៉ុន្តែក្នុងក្រសែភ្នែករបស់ព្រះជាម្ចាស់ យើងពិតជាអស្ចារ្យមែនទែនបងប្អូន។ នៅថ្ងៃនេះខ្ញុំក៏សូមអរព្រះគុណព្រះជាម្ចាស់ដែលព្រះជាម្ចាស់បានត្រាស់ហៅយើង បានលើកតម្កើងយើង ហើយសូមឲ្យយើងទៅជាអ្នកដែលនាំបងប្អូនឲ្យកាន់តែទៀតមកជួបនឹងព្រះជាម្ចាស់ ហើយឃើញព្រះអំណោយទានដែលព្រះជាម្ចាស់មានសម្រាប់បងប្អូន។
នៅពេលណាដែលយើងចេះសម្ដែងមេត្តាករុណារបស់ព្រះជាម្ចាស់ នៅពេលណាដែលយើងមានសេចក្ដីស្រឡាញ់ ចេះអាណិតអាសូរ និងការលើកលែងទោស គឺនៅទីនោះហើយដែលនាំឲ្យមនុស្សយើងទទួលបាននូវសេចក្ដីសុខសាន្ត។
យើងក៏មិនភ្លេចដល់បងប្អូនយើងដែលរស់នៅតាមព្រំដែនដែលមានបញ្ហាសង្គ្រាម និងទុក្ខលំបាកវេទនាទាំងឡាយ សូមឲ្យបងប្អូនចេះចាប់អារម្មណ៍ ជួយលើកទឹកចិត្តគឺមានព្រះជាម្ចាស់ដែលគង់ជាមួយទោះបីនៅកាលៈទេសៈណាក៏ដោយ គឺធ្វើឲ្យយើងឃើញថា ការជួបនឹងព្រះជាម្ចាស់គ្មានទីកន្លែង គ្មានពេលវេលា គឺមានតែការដែលធ្វើឲ្យយើងឃើញថាយើងពិតជាបានទទួលការស្រឡាញ់ ការថ្នាក់ថ្នម និងការលើកទឹកចិត្តឲ្យយើងម្នាក់ៗទទួលស្គាល់ថា យើងពិតជារួមរស់ជាមួយព្រះអង្គ ជាគ្រួសាររបស់ព្រះអង្គពិតប្រាកដ។ នៅក្នុងថ្ងៃនេះដែរ ជាឱកាសមួយដើម្បីឲ្យយើងម្នាក់ៗត្រៀមខ្លួនជានិច្ចក្នុងការជួបជាមួយបងប្អូនដូចជាយើងមានពេលវេលាជួបជាមួយព្រះជាម្ចាស់។
នៅពេលណាមានពីរឬបីនាក់ជួបជុំគ្នាអធិស្ឋាន ព្រះជាម្ចាស់គង់ជាមួយ។ គឺនៅទីនោះហើយដែលយើងនឹងទទួលសេចក្ដីសុខសាន្ត និងការផ្លាស់ប្ដូរជីវិតរបស់យើងពីអ្វីដែលយើងតាំងខ្លួនជាចំណុចកណ្ដាល ប៉ុន្តែតាមពិតគឺជាព្រះជាម្ចាស់ទេដែលជាប្រភពនៃជីវិត និងជាអ្នកដែលគង់នៅកណ្ដាលយើងគ្រប់ពេលវេលា។ សូមអរគុណ សូមជូនពរ សូមសេចក្ដីសុខសាន្តដល់បងប្អូនទាំងអស់គ្នា៕