អត្ថាធិប្បាយគម្ពីរថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៥ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទដំណឹងល្អនៅក្នុងថ្ងៃនេះយើងបានលឺថា ព្រះយេស៊ូបានលើកប្រស្នាអំពីគ្រាប់ពូជដែលអ្នកសាបព្រោះ ព្រោះទៅលើដីដែលមានថ្ម ព្រោះទៅលើដីដែលមានបន្លា ព្រោះទៅលើដីដែលមានជីជាតិ និងព្រោះទៅលើដីដែលជាផ្លូវ។ នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អ នៅពេលដែលបងប្អូនបានស្តាប់នៅព្រះបន្ទូលណាមួយដែលទាក់ទងទៅនឹងគ្រាប់ពូជគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រាប់ពូជគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវផ្សព្វផ្សាយឱ្យមនុស្សគ្រប់គ្នាបានស្គាល់ និងបានយល់អំពីការសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ពិភពលោកទាំងមូល។ បងប្អូនលឺថាគ្រាប់ពូជខ្លះធ្លាក់ទៅលើដីដែលមានបន្លាមានន័យថាគ្រាប់ពូជនោះដុះបានលឿនល្អ ប៉ុន្តែដោយសារមានបន្លារុំព័ន្ធជិតដូច្នេះព្រះបន្ទូលមិនអាចលូតលាស់បានទេ។ មានពេលខ្លះយើងឆ្លៀតទៅប្រកាសដំណឹងល្អ បងប្អូនខ្លះក៏ទទួលព្រះបន្ទូលរបស់ព្រះយេស៊ូ ប៉ុន្តែដោយសារបរិស្ថាន ដោយសារបរិយាកាសជុំវិញខ្លួន អត់មានការលើកទឹកចិត្ត មានអំពើហឹង្សានៅក្នុងក្រុមគ្រួសារជាដើម នាំឱ្យជំនឿរបស់បងប្អូន និងនាំឱ្យព្រះបន្ទូលដែលសាបព្រោះនៅក្នុងចិត្តរបស់បងប្អូនបាត់បង់ទៅវិញផងដែរ។ រីឯព្រះបន្ទូលខ្លះធ្លាក់ទៅលើផ្លូវ ធ្លាក់ទៅលើថ្ម ពេលមានថ្ងៃមកធ្វើឱ្យគ្រាប់ពូជនោះក្រៀមស្វិតផងដែរ។ នៅក្នុងជំនឿរបស់យើងម្នាក់ៗពេលខ្លះមិនសូវខុសគ្នាប៉ុន្មានដែរ ពេលខ្លះយើងទទួលជំនឿលឿនណាស់ល្អ ប៉ុន្តែខ្វះកែណែនាំ ដោយសារខ្វះការដាក់ជី ខ្លះកាអធិដ្ឋាន ខ្វះការចូលរួមអភិបូជា ខ្វះការលើកទឹកចិត្តនាំឱ្យជំនឿរបស់យើងដូចជាអន់ថយទៅវិញ។ រីឯគ្រាប់ពូជខ្លះទៀតដែលធ្លាក់ទៅលើដីដែលមានជីជាតិពេលខ្លះក៏ឱ្យផលល្អ ខ្លះឱ្យហុកសិប ខ្លះឱ្យមួយរយ។ ហេតុនេះវាស៊ីសងទៅលើអ្នកសាបព្រោះ អ្នកថែទាំ​ និងបងប្អូនដែលជាអ្នកទទួល។ ប្រសិនបើបងប្អូនជឿលើព្រះយេស៊ូទុកចិត្តលើព្រះអង្គ និងផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់។ ទោះបីយើងជួបបញ្ហាណាក៏ដោយក៏យើងនៅជាប់ជាមួយព្រះជាម្ចាស់ ក៏ប៉ុន្តែប្រសិនបើយើងមានជំនឿទន់ខ្សោយ ពេលណាយើងជួបបញ្ហានេះ បញ្ហានោះ នាំឱ្យជំនឿរបស់យើងមានការបាត់បង់ផងដែរ។

បងប្អូនជាទីស្រឡាញ់ បងប្អូនជាទីគោរពរាប់អាន! ដើម្បីឱ្យជំនឿរបស់បងប្អូនមានការរីកចម្រើនទៅមុខ បងប្អូនត្រូវតែខិតខំបដិបត្តិតាមជំនឿរបស់បងប្អូន។ ប្រសិនបើបងប្អូនជឿលើព្រះយេស៊ូគ្រីស្តព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ យើងត្រូវតែបដិបត្តិតាមជំនឿនេះឱ្យបានត្រឹមត្រូវ បងប្អូនត្រូវតែអធិដ្ឋានជានិច្ច។ ពេលដែលយើងអធិដ្ឋានកាន់តែច្រើនព្រះជាម្ចាស់យល់ពីជម្រៅចិត្តរបស់បងប្អូនកាន់តែច្រើនដែរ។ ប្រសិនបើបងប្អូនចំណាយពេលវេលារបស់បងប្អូនទៅជួបព្រះជាម្ចាស់នៅព្រះវិហារតាមរយៈការអធិដ្ឋាន តាមរយៈការថ្វាយអភិបូជាបងប្អូននឹងរកឃើញកំណប់ បងប្អូននឹងរកឃើញព្រះបន្ទូលដែលនាំឱ្យបងប្អូនរីកចម្រើន និងនៅជាប់ជាមួយព្រះជាម្ចាស់។ ហេតុនេះនៅក្នុងជីវិតរបស់បងប្អូន ឬនៅក្នុងជីវិតរបស់គ្រីស្តបរិស័ទពេលខ្លះយើងប្រៀបដូចជាគ្រាប់ពូជដែលធ្លាក់ទៅលើថ្ម  គ្រាប់ពូជខ្លះដែលធ្លាក់ទៅលើបន្លា គ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ និងគ្រាប់ពូជខ្លះធ្លាក់ទៅលើដីដែលមានជីជាតិ ហើយយើងម្នាក់ៗបានទទួលព្រះអំណោយទានពីព្រះជាម្ចាស់ផ្សេងៗពីគ្នា ប៉ុន្តែសុំឱ្យព្រះអំណោយទានដែលយើងបានទទួលនេះក្លាយទៅជាព្រះអំណោយទានដែលជួយឱ្យជំនឿរបស់យើងរីកចម្រើនតាមរយៈការអធិដ្ឋាន តាមរយៈការចូលរួមអភិបូជា-ល-។ អាម៉ែន៕

Daily Program

Livesteam thumbnail