អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤

(សន្តម៉ាកុស ៧,៣១-៣៧)រិះគិតព្រះបន្ទូល​ដោយ លោកបូជាចារ្យ យ៉ូហាន ម៉ារី វីយ៉ាណែរ ផាន បូរី

នៅក្នុងអត្ថបទគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ ខ្ញុំចង់ឱ្យបងប្អូនចាំពាក្យមួយ​ដែលព្រះយេស៊ូប្រើ​ពាក្យ​នេះទៅកាន់បុរសថ្លង់ម្នាក់គឺពាក្យថា (អេផាថា។ អេផាថា​មានន័យថាចូលបើកឡើង ហេតុនេះខ្ញុំចង់ឱ្យបងប្អូនចាំពាក្យនេះ។​ ដោយឡែកនៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ ខ្ញុំចង់ចែករំលែកជាមួយបងប្អូន​មានបីចំណុច​៖ ដែលទាក់ទងទៅនិងមនុស្សគរ ថ្លង់ដែលព្រះយេស៊ូបានប្រោសគាត់ឱ្យបានជា និងស្តាប់ឮ ហើយអាចនិយាយបាន។

ចំណុចទីមួយគឺព្រះយេស៊ូនាំអ្នកជំងឺទៅដាច់ដោយឡែកពី​គេ ដោយសារព្រះយេស៊ូ​យល់​ដល់​​បង​ប្អូន​ឯទៀតៗដែលចង់ជួយសង្គ្រោះអ្នកជំងឺម្នាក់នេះ។ គេនាំមនុស្សគ​រថ្លង់​ម្នាក់​មក​​​គាល់​ព្រះអង្គ ម្យ៉ាងទៀតបុរសនោះពុំអាចនិយាយបាន​ ឬដើរដូចធម្មតាបាន គេទូលអង្វរ​សុំ​ឱ្យ​​ព្រះអង្គ​ដាក់ព្រះហស្តលើគាត់ ហេតុនេះបុរសគរថ្លង់អត់បានទៅអង្វរសុំព្រះយេស៊ូ ក៏​ប៉ុន្តែ​អ្នកឯ​ទៀតៗគេមានចិត្តមេត្តាករុណា​ ចង់ឱ្យព្រះយេស៊ូប្រោសមនុស្សគរថ្លង់ម្នាក់នេះ​ឱ្យបាន​ស្តាប់ឮ​ និង​និយាយបានដូចគេឯងដែរ។

ហេតុនេះហើយបានជាព្រះយេស៊ូនាំមនុស្សគរថ្លង់នេះទៅដាច់ដោយឡែកពីគេ ហើយ​ព្រះយេស៊ូ​បានប៉ះត្រចៀករបស់គាត់ ព្រះយេស៊ូបានប៉ះអណ្តាតរបស់គាត់ ហើយ​ព្រះយេស៊ូ​ចាប់​​ផ្តើមព្យាបាលមនុស្សពិការម្នាក់នេះ។ ព្រះយេស៊ូមិនគ្រាន់តែផ្លុំ មិនគ្រាន់តែស្តោះ ក៏​ប៉ុន្តែព្រះយេស៊ូយកព្រះហស្តរបស់ព្រះអង្គទៅប៉ះអ្នកជំងឺ ហើយនៅពេលនោះ​ឫទ្ធានុភាព​ដែល​ព្រះអង្គមាននាំឱ្យអ្នកជំងឺអាចស្តាប់​ឮ នាំឱ្យគាត់អាចនិយាយ​បានដូចមនុស្ស​ឯ​ទៀត​ៗ កាលពីមុនគាត់ស្តាប់អត់ឮ គាត់និយាយអត់បាន នាំ​ឱ្យគាត់មិនអាច​មានទំនាក់ទំនងល្អជា​មួយ​បងប្អូនឯទៀតទេ ក៏ប៉ុន្តែដោយសារតែព្រះយេស៊ូ ដោយសារគាត់ជឿទុកចិត្តលើព្រះយេស៊ូ និងដោយសារបងប្អូនឯទៀតៗនាំឱ្យបុរសម្នាក់នេះទទួលការសង្គ្រោះ។

 ចំណុចទីពីរ ព្រះអង្គងើបព្រះភក្ត្រឡើងទៅលើ មានន័យថា គ្រប់សកម្មភាពទាំងអស់​ដែលព្រះយេស៊ូធ្វើគឺព្រះយេស៊ូធ្វើក្នុងនាមព្រះបិតា ព្រះអង្គទុកចិត្តលើព្រះបិតា។ ត្បិតអ្វី​ដែលទ្រង់ធើ្វ ព្រះអង្គទុកចិត្តលើព្រះបិតា ទ្រង់មិនបាន​សម្រេចចិត្តខ្លួនឯង​ទេគឺ​ព្រះយេស៊ូ​ធ្វើក្នុងនាម​ព្រះបិតាគ្រប់សកម្មភាពទាំងអស់។ ព្រះយេស៊ូមិន​ដែលភ្លេចព្រះបិតាទេ​ព្រះអង្គងើយឡើងទៅលើដូចព្រះអង្គអធិដ្ឋាន។ ងើយឡើងទៅលើទុកចិត្តលើព្រះជាម្ចាស់អង្វរព្រះជាម្ចាស់សម្រាប់គេ។ ហេតុនេះព្រះយេស៊ូមានទំនាក់ទំ​នងជាពិសេសជាមួយព្រះបិតា​ដោយ​សារអ្នកជំងឺម្នាក់នេះ ព្រះអង្គមិនធ្វើការទាំងនេះម្នាក់ឯងទេ គឺមានព្រះបិតាដែលគង់នៅ និងធ្វើការជាមួយនឹងព្រះបិតាតាមរយៈព្រះអង្គ។

 ហេតុនេះអេផាថា «ចូរបើកឡើង» បើកត្រចៀក បើកមាត់ មិនតែប៉ុណ្ណោះបើក​ដួងចិត្ត​របស់​អ្នកជំងឺ។ កាលពីមុនគាត់មិនអាចនិយាយបាន មិនអាចស្តាប់ឮ ហើយដួងចិត្ត​របស់​គាត់ពិតជាក្តុកក្តួល មានអារម្មណ៍អត់ល្អ ហេតុនេះគាត់អាចនិយាយបាន គាត់អាចស្តាប់​ឮ។​អេផាថា «ចូលបើកឡើង»។

កិច្ចការទីបីគឺជាកិច្ចការសប្បុរស គឺគ្រីស្តបរិស័ទយើងម្នាក់ៗយើងបង្ហាញទង្វើល្អ​ ផ្តល់​សេចក្តីសង្ឃឹមដល់អ្នកដែលអស់សង្ឃឹមជាពិសេសដល់អ្នកជំងឺអ្នកទន់ខ្សោយឱ្យយើងមានចិត្តឆេះឆួលដូចប្រជាជនឯទៀតៗដែលគេមានចិត្តឆេះឆួលឱ្យមនុស្សពិការ​ម្នាក់នោះអាចស្តាប់ឮ​អាចនិយាយបាន។

យើងជាគ្រីស្តបរិស័ទ ឱ្យយើងមានចិត្តឆេះឆួលជួយអ្នកដទៃដូចគ្នាដែរ ចូរឱ្យយើង​ចេះ​លើកទឹកចិត្ត​គេ​ បង្ហាញ​សេចក្តី​ស្រឡាញ់ដែលយើងមានដល់អ្នកដទៃជា​ពិសេស​ដល់​អ្នក​ដែលសង្គមមិនសូវយក​ចិត្តទុកដាក់។ ចូរយើងអង្វរព្រះជាម្ចាស់ឱ្យគ្រូពេទ្យ​តាមកន្លែង​ផ្សេងៗ នៅតាមមន្ទីរពេទ្យ នៅតាមភូមិផ្សេងៗ ចេះយកចិត្តទុកដាក់ជាមួយនឹងអ្នកជំងឺ ស្រឡាញ់អ្នកជំងឺ ចេះសង្គ្រោះអ្នកជំងឺដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។

បងប្អូនជាទីស្រឡាញ់ បង​ប្អូនជាទីគោរពរាប់អាន ចូរឱ្យបងប្អូទូលអង្វរព្រះជាម្ចាស់ ចូរ​​បងប្អូនស្រឡាញ់ព្រះជាម្ចាស់ និងចូរថ្វាយអ្វីៗទាំងអស់ទៅព្រះជាម្ចាស់ ដោយជំនឿ សេចក្តី​សង្ឃឹម និងសេចក្តីស្រឡាញ់។ ពេលណាយើងមានជំនឿ មានសេចក្តីសង្ឃឹម មាន​សេចក្តីស្រឡាញ់ នាំឱ្យយើងទទួលការសង្គ្រោះដូចមនុស្សគរថ្លង់​ដែល​អាចស្តាប់ឮ និង​និយាយបាន ហើយគាត់អាចចូលទៅក្នុងសង្គមដោយមា​ន​ទំនាក់ទំនងជា​មួយ​បងប្អូន​ឯ​ទៀតៗ​បានផងដែរ។ ហេតុនេះសូមឱ្យយើងម្នាក់ៗចេះបង្ហាញមេត្តាករុណា និងចេះប្រកាសជំនឿដល់​បងប្អូនឯទៀតៗដូចបងប្អូនដែលចង់ឱ្យអ្នកជំងឺម្នាក់នោះបានជាសះស្បើយដែរ។ អេផាថា «ចូរបើកឡើង»។ អាម៉ែន៕

 

វាយអត្ថបទ​ដោយ សេង លក្ខិណា

 

Daily Program

Livesteam thumbnail