អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣ តាមសន្តលូកា ១៣,១៨-២១ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! យើងបានមកដល់សប្តាហ៍ទី៣០នៃ​រដូវ​ធម្មតា គឺថ្ងៃអង្គារ ហើយក៏យើងដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះជួយយើងមែនទែន ដើម្បីឱ្យយើងនឹកដល់អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។

ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបានដូចជាអ្វី?

ថ្ងៃនេះ លូកាជំពូកទី១៣,១៨-២១ បាននិយាយ​អំពី​គ្រាប់ពូជដ៏ល្អិត ជាគ្រាប់តូចមួយ ប៉ុន្តែដើមរបស់វាគឺអាចធំរហូតដល់បក្សាបក្សីអាចរស់នៅបាន តែយើងកុំប្រៀបធៀបថា ធំដូចនៅស្រុកយើងដែលមានដើមអំពិលបារាំងអ៊ីចឹងទេ ដោយសារស្រុកព្រះយេស៊ូដើមឈើធំៗអត់សូវមានច្រើនប៉ុន្មានទេ។  ប៉ុន្តែគ្រាប់តូចល្អិតនឹងសំខាន់វារីកចម្រើនឡើង វាមានកម្លាំង វាមានចលនា ដូចគ្នាដែលមេម្សៅដែលគេដាក់ក្នុងនំបុ័ងដែលធ្វើឱ្យនំបុ័ងវាដោលឡើង។ ដូច្នេះបងប្អូន! ក្នុង​ខែ​នេះ ជា​ខែនៃបេសកកម្ម។ ហើយជីវិតរបស់យើងត្រូវតែធ្វើដូចគ្រាប់ពូជដ៏ល្អិត ដូចជាមេម្សៅដោយសារកាលណាយើងរស់នៅតាមរបៀបនេះ យើងបង្ហាញថា មានព្រះរាជ្យរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងធ្វើយ៉ាងម៉េចបងប្អូនដឹងហើយយើងនៅកន្លែងណាធ្វើឱ្យកន្លែងនោះរស់រវើក ធ្វើឱ្យកន្លែងនោះមានសង្ឃឹម មានកិច្ចការរបស់ព្រះជាម្ចាស់ មិនមែនយើងនៅកន្លែងណាកន្លែងនោះបែកខ្ទេច កន្លែងនោះមានការឈ្លោះគ្នា កន្លែងនោះមានការនិយាយដើមគ្នា មានការទាស់ទែងគ្នានោះទេ។ នេះមិនមែនជាសញ្ញារបស់ព្រះរាជ្យរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងទេ។

សូមបងប្អូនពិចារណាមើលថា តើយើងនៅកន្លែងណាក៏ដោយ យើងនាំឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់រីកចម្រើនឡើង ឬអត់? យើងដូចជាគ្រាប់ពូជដ៏ល្អិត ឬជាមេម្សៅ ឬអត់? សញ្ញានេះជាសញ្ញាល្អ ដើម្បីយើងរិះគិតអំពីជីវិតរបស់យើង។ កាលណាយើងមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ កាលណាយើងមានព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង មានសេចក្តីល្អ សុភមង្គលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង បងប្អូន យើងមិនអាចនៅស្ងៀមបានទេ។ យើងត្រូវតែចែករំលែក ហើយការចែករំលែករបស់យើងផ្តល់សេចក្តីសង្ឃឹម អំណរសប្បាយការស្រឡាញ់គ្នាទៅវិញទៅមក។

នៅឆ្នាំដែលយើងកំពុងធ្វើដំណើរជាមួយគ្នានេះ សូមបងប្អូនរំលឹកអំពីជីវិតនៅក្នុងព្រះសហគមន៍ អំពី​ការធ្វើ Synodal Church គឺការរួមធ្វើដំណើរជាមួយគ្នា យើងត្រូវការជីវិតរបស់បងប្អូនឲ្យ​​ដូចជាគ្រាប់ពូជដ៏ល្អិត ឬដូចជាមេម្សៅ។ សូមព្រះជាម្ចាស់ជួយតម្រង់ឱ្យបងប្អូននឹកឃើញថា តើអ្វីដែលយើងអាចធ្វើបាននៅកន្លែងដែលយើងរស់នៅ ដោយបង្ហាញព្រះរាជ្យរបស់ព្រះជាម្ចាស់។ ពេលធ្វើដូចនេះ ព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ក្នុងជីវិតយើងហើយ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕

 

Daily Program

Livesteam thumbnail