អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៣ តាមលូកា ១២,១៣-២១អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​សែ សាត

តាមរយៈព្រះបន្ទូលដំណឹងល្អថ្ងៃនេះ ខ្ញុំចង់ចែកចំណុចសំខាន់គឺព្រះបន្ទូលថ្ងៃនេះរំលឹកទាំងបងប្អូន រំលឹកទាំងខ្ញុំ អំពីបំណងប្រាថ្នានៅខាងក្នុងដួងចិត្តរបស់យើងម្នាក់ៗ ឬការស្រេកឃ្លាននៅក្នុងដួងចិត្តរបស់យើងម្នាក់ៗ ឱ្យយើងរិះគិតនឹងជ្រើសរើស។ តើងជម្រើសរបស់យើងរើសយកលោភលន់ចង់បានទ្រព្យសម្បត្តិលោកិយ៍លុយកាក់ ឬក៏ស្រេកឃ្លានព្រះជាម្ចាស់ខ្លាំងជាង ឬស្រេកឃ្លានព្រះហឫទ័យរបស់ព្រះអង្គខ្លាំងជាង?

យើងស្តាប់នៅក្នុងព្រះបន្ទូលដំណឹងល្អគឺមានបុរសម្នាក់បានសុំឱ្យព្រះយេស៊ូប្រាប់ទៅបងប្រុសរបស់គាត់ឱ្យយកកេរមរតកចែកឱ្យគាត់ ហើយព្រះយេស៊ូបានសួរសំណួរទៅគាត់ថា តើនរណាបានតែងតាំងព្រះអង្គឱ្យធ្វើជាចៅក្រមចែកទ្រព្យសម្បត្តិឱ្យអ្នករាល់គ្នា និងក្រោយមកព្រះអង្គមានព្រះបន្ទូលប្រាប់ទៅបណ្តាជនថា សូមប្រយ័ត្នកុំមានចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិឱ្យសោះ។ អញ្ចឹងពេលដែលព្រះអង្គមានព្រះបន្ទូលថា ចូរប្រយ័ត្នកុំមានចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិឱ្យសោះ ព្រះអង្គមិនគ្រាន់តែប្រាប់បណ្តាជននៅសម័យរបស់ព្រះអង្គប៉ុណ្ណោះទេ ព្រះអង្គក៏មានព្រះបន្ទូលនេះដាស់តឿនយើងម្នាក់ៗជាគ្រីស្តបរិស័ទ ទាំងរូបខ្ញុំផ្ទាល់ជាលោកពុក ទាំងពុកម៉ែបងប្អូនជាគ្រីស្តបរិស័ទ។ យើងមានសេចក្តីប្រាថ្នាចង់បាន ឬចិត្តលោភលន់ តែព្រះអង្គឱ្យជម្រើសមកយើង។ តើយើងស្រេកឃ្លានព្រះជាម្ចាស់ ឬស្រេកឃ្លានព្រះហឫទ័យព្រះអង្គខ្លាំងជាងទ្រព្យសម្បត្តិ និងលុយកាក់នៅលោកិយ៍នេះ ឬយ៉ាងណា? ឬអាចមានសំណួរថា តើយើងខ្វល់ខ្វាយធ្វើការប្រចាំថ្ងៃ ដោយប្រើអស់ពីកម្លាំងកាយចិត្តបញ្ញារបស់យើងនិងភ្ជាប់ជំពាក់ជាមួយទ្រព្យសម្បត្តិ និងលុយកាក់លោកិយ៍នេះតែប៉ុណ្ណឹង ឬក៏ភ្ជាប់ជាមួយព្រះជាម្ចាស់។ កន្លែងនេះសន្តប៉ូលបានរំលឹកយើងកាលពីសប្តាហ៍មុន គឺសន្តប៉ូលរំលឹកថា ទោះបីបងប្អូនស្លាប់ ឬរស់ គឺស្លាប់ ឬរស់សម្រាប់ព្រះគ្រីស្ត។ លោក​រំលឹកយើងម្នាក់ៗថា ជីវិតប្រចាំថ្ងៃរបស់យើងជាគ្រីស្តបរិស័ទនេះត្រូវមានទិសដៅច្បាស់លាស់ គឺឱ្យដឹងថា វត្តមានរបស់យើងគឺសម្រាប់ព្រះគ្រីស្ត។ ដូច្នេះតាមរយៈព្រះបន្ទូលនៅថ្ងៃនេះ ព្រះអង្គបានលើកប្រស្នារំលឹកយើងពីសេដ្ឋីម្នាក់ដែលគាត់សន្សំទ្រព្យសម្រាប់ជីវិតរបស់ខ្លួន ប៉ុន្តែនរណាជាម្ចាស់ជីវិតពិតប្រាកដគឺព្រះជាម្ចាស់មិនមែនជាទ្រព្យសម្បត្តិទេ ដែលជួយបន្ថែមអាយុជីវិតរបស់យើងនោះ។  អញ្ចឹងកន្លែងនេះព្រះអង្គរំលឹកយើងឱ្យចេះស្វែករកទ្រព្យសម្បត្តិ ហើយឱ្យចេះប្រើប្រាស់ទ្រព្យសម្បត្តិមានន័យថា ឱ្យយើងមានចិត្តសប្បុរសដោយសារជំនឿ និងឱ្យយើងទុកចិត្តលើព្រះជាម្ចាស់ ហើយគ្រប់កិច្ចការដែលយើងធ្វើគឺធ្វើសម្រាប់ព្រះគ្រីស្ត ដើម្បីព្រះគ្រីស្ត និងអង្គព្រះគ្រីស្ត ដើម្បីសិរីរុងរឿងរបស់ព្រះអង្គ។ សម្បត្តិសួគ៌ មានន័យថា ការទទួលជីវិតដ៏ពិតប្រាកដគឺព្រះជន្មផ្ទាល់របស់ព្រះអង្គដោយសារជំនឿនេះឯង។

តើយើងត្រូវសន្សំទ្រព្យទាំងអស់នោះបែបណា ដើម្បីឱ្យជីវិតខាងផ្លូវវិញ្ញាណរបស់យើង​ជាប់​ជាមួយ​ព្រះជាម្ចាស់?

យើងមានរបៀបខ្លះៗ ពេលខ្លះបងប្អូនតែងតែដាស់តឿនគ្នាថា សូមទៅព្រះវិហារ ទៅអភិបូជារៀងរាល់ថ្ងៃអាទិត្យ ដើម្បីឱ្យយើងជិតស្និទ្ធជាមួយព្រះអង្គ ដើម្បីឱ្យជំនឿរបស់យើងរឹងមាំ។  មិនខុសទេ សូម្បីតែខ្ញុំជាលោកឪពុក ត្រូវអធិដ្ឋាន ស្តាប់ព្រះបន្ទូលព្រះអង្គ រិះគិតពិចារណា និងជាប់ជាមួយអភិបូជា ជាប់ជាមួយអគ្គសញ្ញាលើកលែងទោសរំដោះបាប និងសកម្មភាពផ្សេងៗដែលព្រះបន្ទូលណែនាំឱ្យធ្វើ ជាពិសេសគឺកិច្ចការសប្បុរស ដែលចេញពីប្រភពនៃសេចក្តី​ស្រឡាញ់របស់ព្រះអង្គនេះ។ អញ្ចឹង ឱ្យយើងម្នាក់ៗរិះគិតឡើងវិញតាមរយៈព្រះបន្ទូលនៅថ្ងៃនេះ ហើយព្រះបន្ទូលថ្ងៃនេះទៅជាជីវិតរបស់យើង ឱ្យយើងមានជម្រើសយ៉ាងត្រឹមត្រូវ មានចិត្តប្រាថ្នាយ៉ាងត្រឹមត្រូវគឺឱ្យព្រះជាម្ចាស់ទៅជារបស់ទីមួយ ឬព្រះអង្គជាម្ចាស់ជីវិតរបស់យើងមានន័យថា យើងជាប់ជាមួយព្រះអង្គដែលជាម្ចាស់ជីវិតរបស់យើងក្នុងគ្រប់សកម្មភាពទាំងអស់ឱ្យយើងខ្វល់ខ្វាយពីព្រះហឫទ័យរបស់ព្រះអង្គខ្លាំងជាង ប្រសើរជាងយើងខ្វល់ខ្វាយដែលជាប់ជំពាក់ដោយទ្រព្យសម្បត្តិ ឬលុយកាក់ក្នុងលោកនេះ ឬកិត្តិយសក្នុងលោកនេះ។ សូមព្រះវិញ្ញាណដ៏វិសុទ្ធណែនាំជីវិតរបស់យើង បំភ្លឺជីវិតរបស់យើង ហើយគ្រប់កិច្ចការដែលយើងធ្វើសម្រាប់ព្រះគ្រីស្ត ដោយសារព្រះគ្រីស្តក្នុងអង្គព្រះគ្រីស្ត។ ដូចសន្តប៉ូលបានរំលឹកយើងថា ឱ្យយើងស្លាប់ ឬយើងរស់គឺសម្រាប់ព្រះគ្រីស្ត។ សូមព្រះអង្គណែនាំយើងឱ្យជីវិតរបស់ព្រះគ្រីស្តផ្ទាល់ជាគំរូ ឬទៅជាបែបបទនៃរបៀបរស់នៅរបស់យើងជាគ្រីស្តបរិស័ទ។ សូមព្រះជាម្ចាស់ណែនាំយើង បំភ្លឺយើងឱ្យយើងចេះស្វែងរកទ្រព្យសម្បត្តិយ៉ាងត្រឹមត្រូវគឺសម្បត្តិសួគ៌ ហើយឱ្យចេះចែករំលែងទ្រព្យសម្បត្តិលោកីនេះដោយផ្គង់ផ្ចិតទៅរកសម្បត្តិសួគ៌ដែលជាទ្រព្យសម្បត្តិដ៏ពិតប្រាកដរបស់យើងម្នាក់ៗ៕

Daily Program

Livesteam thumbnail