អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣ តាមលូកា ១១,៥-១៣ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
ក្នុងអត្ថបទដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូលើកទឹកចិត្តឱ្យយើងអធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ដោយមានចិត្តព្យាយាម មានសង្ឃឹមជានិច្ចថា ព្រះអង្គនឹងប្រោសប្រទានអ្វីៗដែលយើងត្រូវការ ពីព្រោះព្រះជាម្ចាស់ជាព្រះបិតា ហើយនឹងព្រះអង្គជ្រាបនូវអ្វីដែលយើងត្រូវការ ហើយព្រះអង្គមានចិត្តធម៌ពោរពេញដោយចិត្តមេត្តាករុណា និងប្រោសប្រទានអ្វីៗទាំងអស់ដែលយើងត្រូវការសម្រាប់ជីវិតរបស់យើង។
ខ្ញុំចាប់អារម្មណ៍ឃ្លាចុងក្រោយរបស់សន្តលូកាជាអ្នកនិពន្ធអត្ថបទដំណឹងល្អនៅថ្ងៃនេះ។ គាត់សរសេរថា ព្រះជាម្ចាស់នឹងប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ហើយអ្នកណាមានព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះមានអ្វីៗទាំងអស់ មិនបាច់សុំអ្វីពីព្រះវិញ្ញាណដ៏វិសុទ្ធទេ។ ព្រះវិញ្ញាណដ៏វិសុទ្ធជាទ្រព្យសម្បត្តិដ៏មានតម្លៃឥតឧបមា ដែលព្រះអង្គប្រោសប្រទានឱ្យអស់អ្នកដែលចង់បានព្រះវិញ្ញាណនេះ។ សូមមើលលិខិតរបស់សន្តប៉ូលផ្ញើជូនគ្រីស្តបរិស័ទនៅទីក្រុងកាឡាទី។ សន្តប៉ូលគាត់និយាយអំពីផលនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ កាឡាទីជំពូកទី៥,២២ លោកប៉ូលសរសេរថា រីឯផលដែលកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធគឺសេចក្តីស្រឡាញ់ អំណរ សេចក្តីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្តោសមេត្តា ជំនឿ ចិត្តស្លូតបូត។
ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រទានឱ្យយើងមានសេចក្តីស្រឡាញ់ អំណរសប្បាយ និងចិត្តអត់ធ្មត់ ចេះទុកចិត្តលើខ្លួនឯង-ល-។ យើងមានអ្វីៗទាំងអស់មិនបាច់សុំអ្វីពីព្រះវិញ្ញាណដ៏វិសុទ្ធទេ កុំគិតតែពីរឿងលោកីយ៍ រឿងលោកីយ៍មានតែមួយរយៈ ហើយនឹងមិនអាចបំពេញចិត្តរបស់យើងទេ គិតអំពីរឿងខាងវិញ្ញាណវិញ។ ទ្រព្យសម្បត្តិខាងវិញ្ញាណជាទ្រព្យសម្បត្តិពិតប្រាកដមែន ដែលណែនាំឱ្យយើងជោគជ័យក្នុងជីវិត។ ទោះបីខ្ញុំក្រក៏ដោយ ទោះបីខ្ញុំឈឺក៏ដោយ បើសិនជាខ្ញុំមានព្រះវិញ្ញាណដ៏វិសុទ្ធ ខ្ញុំមានអំណរសប្បាយ សេចក្តីស្រឡាញ់ ចេះអត់ធ្មត់ ចេះទុកចិត្តលើខ្លួនឯង-ល-។
ដូច្នេះសុំទូលអង្វេព្រះជាម្ចាស់ជាព្រះបិតាដែលស្រឡាញ់យើង ជាកូនជាទីស្រឡាញ់ ស្រឡាញ់យើងក្នុងអង្គព្រះយេស៊ូគ្រីស្ត។ សុំទូលអង្វរព្រះអង្គសុំឱ្យព្រះអង្គប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់សណ្ឋិតនៅក្នុងដួងចិត្តរបស់យើង។ អាម៉ែន៕