អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១០ខែតុលា ឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១០ខែតុលា ឆ្នាំ២០២៣ តាមសន្តលូកា ១០,៣៨-៤២បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់!

នៅថ្ងៃនេះ ជាថ្ងៃអង្គារ ចូលនៅក្នុងទី១០ខែតុលា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ គឺល្អសម្រាប់សភាពការណ៍យើងដែលកំពុងរស់នៅក្នុងសម្ពាធការងារយ៉ាងច្រើននៅក្នុងជីវិតរបស់យើង។

ថ្ងៃនេះព្រះយេស៊ូទៅសួរសុខទុក្ខផ្ទះនាងម៉ាថា និងនាងម៉ារី តាមពិតទាំងពីរនាក់នេះសប្បាយចិត្តមែនទែន ដែលព្រះយេស៊ូមកដល់ ដោយសារម៉ាថា​ជាបងក៏រៀបចំអ្វីៗទាំងអស់ តែការងារក៏ច្រើនដែរ ដោយសារព្រះយេស៊ូមក គឺធ្វើម៉េចរៀបចំឱ្យល្អ តែនាងម៉ារីក៏ម្យ៉ាងដែរ គឺនាងម៉ារីនៅកំដរព្រះយេស៊ូស្តាប់ព្រះបន្ទូល។ ដោយសារភាពនឿយហត់របស់ម៉ាថា ទាមទារឱ្យម៉ារីទៅជួយ។

ព្រះបន្ទូលរបស់ព្រះអង្គគួរឱ្យចាប់អារម្មណ៍ ព្រះយេស៊ូប្រាប់ថានាងម៉ាថាមានអ្វីត្រូវកង្វល់ច្រើន តែនាងម៉ារីបានទទួល​ចំណែកដែលល្អជាងគេហើយ។ បាទបងប្អូន! ជីវិតរបស់យើងត្រូវតែមានទាំងសងខាង គឺការបំពេញការងារ និងភាពស្ងៀមស្ងាត់ ដើម្បីនឹកដល់ជីវិតខាងផ្លូវវិញ្ញាណ ឬយើងនិយាយបានថាគឺជាការអធិដ្ឋាន។ នេះជាមូលហេតុមួយនៃប្បញ្ញត្តិរបស់ព្រះសហគមន៍ ឬក៏វិន័យរបស់ព្រះសហគមន៍ម្យ៉ាងដែរ ឱ្យមានថ្ងៃឈប់សម្រាក។ បងប្អូននៅចាំវិន័យទី៣ ថ្ងៃរបស់ព្រះជាម្ចាស់គឺជាថ្ងៃដែលត្រូវគោរព ហើយក៏ជាថ្ងៃដែលត្រូវសម្រាកពីការងារទៅថ្វាយបង្គំ។ ដោយសារជីវិតរបស់យើងមិនមែនជាម៉ាស៊ីន តែសូម្បីតែម៉ាស៊ីន ឬរោងចក្រក៏​មានថ្ងៃ​ឈប់សម្រាកដែរ។ យើងជាមនុស្សដែលមានតម្លៃ យើងមិនអាចធ្វើការងារដូចជាទាសករ ធ្វើរហូតបានទេ ពីព្រោះមនុស្សយើង ព្រះជាម្ចាស់បានឱ្យមានពេលវេលា ដើម្បីថ្វាយបង្គំ មានពេលវេលាសម្រាប់គិតខាងផ្លូវវិញ្ញាណ។ នាងម៉ារីជាតំណាងសម្រាប់ពេលនេះ គឺយើងមានពេលវេលាសម្រាប់នឹកដល់ព្រះជាម្ចាស់នៅមួយព្រះយេស៊ូគ្រីស្ត។ បងប្អូនខ្លះដឹងហើយថា ថ្ងៃអាទិត្យជាថ្ងៃផ្លូវការម្យ៉ាងដែរ ដែលយើងបានទៅចូលរួមអភិបូជា យើងមានពេលវេលាប្រាំមួយថ្ងៃ និយាយរួមច្រើនជាងអ្វីដែលយើងអាចថ្វាយទៅព្រះជាម្ចាស់ទៅទៀត។ តែមានបងប្អូនខ្លះមិនចាប់អារម្មណ៍កន្លែងនេះ យើងអត់គិតពីព្រះជាម្ចាស់ អត់ត្រឡប់មកមើលជីវិតខាងផ្លូវវិញ្ញាណរបស់យើងវិញ យកពេលវេលា និងគិតអំពីការសម្រាកដែលសប្បាយផ្លូវកាយតែមួយភ្លេច តែភ្លេចថា ខាងផ្លូវវិញ្ញាណ ឬជីវិតខាងក្នុងត្រូវការអ្វីដែលស៊ីជម្រៅ និងសេចក្តីសុខសាន្តមែនទែន។

បងប្អូនជាទីស្រឡាញ់យើងអាចបំពេញការងារដូចម៉ាថា​ និងជាតួនាទីដែលបងប្អូនត្រូវតែធ្វើហើយ តែសូមកុំភ្លេចថា មួយថ្ងៃៗយើងគួរតែមានពេលវេលាអង្អុយស្ងាត់ស្ងៀម ពេលយើងអធិដ្ឋានយ៉ាងស្ងាត់ស្ងៀមជាមួយព្រះជាម្ចាស់ ជាមួយក្រុមគ្រួសារ សូត្រផ្គាំ ឬក៏អធិដ្ឋានអ្វីតាមព្រះបន្ទូល ឬជាមួយបងប្អូននៅក្នុងព្រះសហគមន៍។ ​យើងទៅមនសិការព្រះកាយ ឬហៅថា គាល់ព្រះកាយ ទៅអភិបូជានៅថ្ងៃអាទិត្យ ដើម្បីយកពេលវេលានោះ ស្តារជីវិតខាងផ្លូវវិញ្ញាណរបស់យើងវិញ ធ្វើដូចនេះបងប្អូននឹងមានលក្ខណៈទាំងម៉ាថា និងម៉ារីដែលជាចំណុចដែលព្រះយេស៊ូចង់ឱ្យយើងមានតុល្យភាពនៅក្នុងជីវិតរបស់យើងដែរ ដើម្បីឱ្យជីវិតរបស់យើងល្អប្រសើរ និងរៀបចំស្រេចដើម្បីបំពេញបេសកកម្មរបស់ព្រះអង្គឱ្យបានល្អ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕

Daily Program

Livesteam thumbnail