អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣ តាមម៉ាថាយ ២៥,១-១៣អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អក្នុងថ្ងៃនេះ ព្រះយេស៊ូបានលើកឡើងអំពីប្រស្នាមួយដែលមានអត្ថន័យនឹងមានឱជារសជីវិតខាងផ្លូវវិញ្ញាណរបស់គ្រីស្តបរិស័ទ។ ព្រះអង្គបានលើកឡើងអំពីស្ត្រីទាំង១០នាក់ ប៉ុន្តែស្រ្តីទាំង១០នាក់នោះមានតែស្រ្តី៥នាក់ដែលមានបញ្ញា ដែលមានប្រាជ្ញា ដែលមានគំនិត ប៉ុន្តេស្រ្តី៥នាក់ទៀតគេទៅទទួលស្វាមីគេដែរ ប៉ុន្តែគេទៅទាំងដែលអត់មានប្រាជ្ញា អត់មានបញ្ញា អត់មានគំនិត ហេតុអីបានជាស្រ្តីទាំង១០នាក់នេះ ៥នាក់អត់មានគំនិត ៥នាក់ទៀតមានគំនិត ហេតុអ្វីបានជាព្រះយេស៊ូលើកប្រស្នាតាមរបៀបនេះ ហេតុអ្វីមិនមានបញ្ញាទាំង១០ ហេតុអីបានជាមានតែ៥។
បងប្អូនជាទីស្រលាញ់ បងប្អូនជាទីគោរពរាប់អាន ស្រ្តីដែលមានបញ្ញាមុននឹងធ្វើអ្វីមួយគេរិះគិតបានវែងឆ្ងាយ មានគតិបណ្ឌិត មានសុភវិនិច្ឆ័យ ចេះរៀបចំចិត្តគំនិត ចេះរៀបចំឥរិយាបទដើម្បីជួបនឹងធ្វើអ្វីមួយនៅពេលណាដែលមានបញ្ហា មានន័យថាមានបញ្ញាដើម្បីដោះស្រាយហើយនេះបញ្ញានេះជាអាវុធមួយដ៍សំខាន់ គំនិតច្នៃប្រឌិតជាអ្វីមួយដែលមនុស្សយើងត្រូវការ ការរៀបចំទុកជាមុន ការរៀបចំនេះនាំឱ្យម្នាក់ៗទទួលបានជោគជ័យនៅពេលខាងមុខ។ រីឯស្រ្តី៥នាក់ទៀត ស្រ្តីដែលអត់មានបញ្ហា ពេលណាគាត់ជួបបញ្ហាគាត់រកអ្នកដទៃជួយ បាទធម្មតាយើងត្រូវជួយគ្នា ប៉ុន្តែពេលខ្លះយើងត្រូវការជួយខ្លួនឯងដែរហើយនេះនាំឱ្យស្រ្តី៥នាក់ទៀត គាត់រត់ទៅទិញដើម្បីបង្ការដោយសារគាត់អស់ប្រេងដើម្បីពន្លឺទទួលស្វាមី។ ពេលគាត់ទៅរកទិញប្រេងស្វាមីបានចូលមកដល់ក្នុងផ្ទះហើយនេះស្រ្តីដែលមានបញ្ញា គេសល់ប្រេងហើយគេបន្ថែមប្រេងចង្កៀងរបស់គេ ពេលស្វាមីមកដល់ គេអាចបំភ្លឺស្វាមីហើយនាំស្វាមីចូលទៅក្នុងផ្ទះគេដោយសេចក្ដីសុខសាន្ត។ រីឯស្រ្តី៥នាក់ទៀត អត់មានប្រេងបង្ការគេអត់បានទទួលស្វាមីដោយត្រឹមត្រូវ គេអត់បានទទួលស្វាមីចូលទៅក្នុងផ្ទះ ផ្ទុយទៅវិញនាំឱ្យសោកស្ដាយនៅក្នុងប្រស្នានាំឱ្យរិះគិតយើងជាគ្រីស្តបរិស័ទ យើងគឺជាកូនក្រមុំ ជាកូនក្រមុំដ៍ល្អ ជាកូនក្រមុំដ៍ផូរផង់ ជាកូនក្រមុំដែលមានចិត្តស្មោះត្រង់ជាមួយស្វាមីគឺយើងត្រូវការចេះត្រៀមចិត្ត ត្រៀមខ្លួន ត្រៀមចិត្តគំនិតជានិច្ច ដើម្បីទទួលស្វាមីរបស់យើង គឺទទួលព្រះយេស៊ូដើម្បីឱ្យផ្លូវវិញ្ញាណ ផ្លូវកាយរបស់យើងបានល្អផូរផង់ ដែលពោរពេញដោយឱ្យព្រះវិញ្ញាណដ៍វិសុទ្ធជួយបំភ្លឺយើង ដើម្បីឱ្យយើងមានស្មារតី យើងមានឆន្ទៈល្អ យើងមានបញ្ញាល្អ យើងមានគំនិតល្អដើម្បីទទួលស្វាមីរបស់យើង។ ការរិះគិតពិចារណា ការចេះថ្លឹងថ្លែង ការចេះប៉ាន់ប្រមាណនៅក្នុងការរស់នៅរបស់យើង នាំឱ្យយើងជោគជ័យនៅក្នុងជីវិតរបស់យើង។ តើយើងគួរធ្វើដូចម្ដេចដើម្បីឱ្យយើងមានប្រេងរហូតនៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ ច្បាស់ហើយបងប្អូនជាទីស្រលាញ់គឺមានផ្លូវតែមួយដែលនាំគ្នាចេះអធិដ្ឋាន ចេះអធិដ្ឋាន យកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្តន៍ក្នុងជីវិតប្រចាំថ្ងៃ ចូលរួមថ្វាយអភិបូជាជារៀងរាល់ថ្ងៃ ជារៀងរាល់អាទិត្យ ចូលរួមបង្ហាញមេត្តាករុណាដល់អ្នកក្រីក្រ ដល់អ្នកទន់ខ្សោយ ដល់ក្មេងកំព្រាជួយគេឱ្យអស់ស្មោះពីចិត្តអ្វីទាំងអស់នោះហើយ គឺជាប្រេងដែលជួយឱ្យជីវិតរបស់គ្រីស្តបរិស័ទមានការរីកចម្រើន នឹងមានសេចក្ដីជ្រះថ្លានៅក្នុងដំណើរជីវិតរបស់យើងដែលជាអ្នកជឿ ហេតុនេះចូលឱ្យយើងជាគ្រីស្តបរិស័ទចេះរៀបចំចិត្តគំនិតជានិច្ច ដើម្បីទទួលស្វាមីរបស់យើង ទទួលព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះហើយព្រះអង្គនឹងយាងចូលមកក្នុងជីវិតរបស់យើង ដើម្បីព្រះអង្គយាងចូលមកក្នុងជីវិតរបស់យើងបាន យើងត្រូវការចេះរៀបចិត្តគំនិតឱ្យបានល្អត្រឹមត្រូវនឹងឱ្យបានគាប់ប្រសើរដោយសមនឹងឋានៈជាភរិយាដ៍ល្អរបស់ស្វាមីរបស់យើង។ ហេតុនេះពេលខ្លះយើងពឹងទៅលើកិច្ចការរបស់ខ្លួនឯងអត់បានទេ យើងត្រូវពឹងទៅលើព្រះវិញ្ញាណដែលជួយបំភ្លឺ ដែលជួយផ្ដល់កម្លាំងនឹងជួយផ្ដល់បញ្ញាឱ្យយើងចេះរិះគិតពិចារណា ចេះថ្លឹងថ្លែង។ អាម៉ែន! អាលេលូយ៉ា៕