ហេតុអ្វីគ្រីស្តបរិស័ទត្រូវតែចូលព្រះវិហារាល់ថ្ងៃ?
បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស័រ ពីមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ភូមិភាគភ្នំពេញ។
បូ. អេមេល្សដាល ហ្រ្វង់ស័រ៖ បងប្អូនជាទីស្រលាញ់! ពិតណាស់គ្រីស្តបរិស័ទទាំងអស់ចាំបាច់ត្រូវតែចូលព្រះវិហារាល់ថ្ងៃអាទិត្យ ដើម្បីរួបរួមគ្នាលើកតម្កើងព្រះជាម្ចាស់ ហើយក៏ដើម្បីរំលឹកថា ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញពិតមែន។ ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញនៅថ្ងៃអាទិត្យព្រលឹមឡើង ហេតុនេះជាគ្រីស្តបរិស័ទត្រូវតែជួបជុំគ្នានៅថ្ងៃអាទិត្យដើម្បីរំលឹកហេតុការណ៍ដ៏អស្ចារ្យ និងហួសពីការស្មាន។
ដូច្នេះយើងជួបជុំគ្នានៅថ្ងៃអាទិត្យ មិនត្រឹមតែរំលឹកដល់ព្រះអង្គប៉ុណ្ណោះទេ គឺដើម្បីរួមរស់ជាមួយព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ និងគង់នៅ។ យើងស្តាប់ព្រះបន្ទូលរបស់ទ្រង់ យើងទទួលព្រះកាយ ហើយយើងទទួលព្រះអង្គផ្ទាល់នៅពេលថ្វាយអភិបូជា ដែលជាកម្លាំង និងជាជីវិត។
យើងជួបជុំគ្នាដើម្បីរួមគ្នាទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ដើម្បីបានជីវិតអស់កល្បជានិច្ច ដើម្បីពង្រឹងជំនឿ ដើម្បីស្គាល់ព្រះជាម្ចាស់ ដើម្បីស្រលាញ់ព្រះអង្គ ដើម្បីបំពេញកិច្ចឲ្យស្របទៅតាមព្រះហឫទ័យរបស់ព្រះយេស៊ូ និងស្រលាញ់បងប្អូនឯទៀតៗដែលនៅក្នុងព្រះសហគមន៍ និងដើម្បីទទួលបានកំលាំងថ្មីពីព្រះអង្គផងដែរ។ ហើយក៏មានមូលហេតុជាច្រើនទៀតដែលតម្រូវឲ្យយើងត្រូវតែចួលរួមពិធីអភិបូជានៅរាល់ថ្ងៃអាទិត្យរួមជាមួយបងប្អូនគ្រីស្តបរិស័ទដទៃទៀត។
តែបើយើងព្យាយាមចូលព្រះវិហារ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យកាន់តែពិសេសថែមទៀត។ ខ្ញុំគិតថាមួយអាទិត្យមួយម៉ោងសម្រាប់ព្រះជាម្ចាស់មិនយូរទេ ព្រោះយើងសល់ច្រើនម៉ោងទៀតសម្រាប់ខ្លួនឯង។ ដូច្នេះ សូមបងប្អូនខិតខំចូលរួមថ្វាយអភិបូជារាល់ថ្ងៃអាទិត្យ (មួយអាទិត្យម្តង)។ សព្វថ្ងៃនេះឃើញបងប្អូនគ្រីស្តបរិស័ទមួយចំនួន ចូលព្រះវិហារមួយអាទិត្យម្តង ខ្លះពីរអាទិត្យម្តង ខ្លះទៀតមួយខែម្តង ឬមួយឆ្នាំម្តង និងខ្លះទៀតបានចូលព្រះវិហារតែកម្មវិធីបុណ្យធំៗ។
ការចូលព្រះវិហារយូរៗម្តង កុំនឹកស្មានថាយើងបានស្គាល់ព្រះជាម្ចាស់ ស្គាល់ខ្លួនឯង និងបានស្គាល់ពីអត្ថន័យជីវិតឲ្យសោះ។ ព្រោះការចូលព្រះវិហារតាមអំពើចិត្ត ចង់ចូលក៏ចូល មិនចង់ចូលក៏ធ្វើហីៗ គឺមិនល្អសម្រាប់ជំនឿរបស់ខ្លួននោះឡើយ ហេតុនេះបានជាព្រះសហគមន៍ដាស់តឿនយើង រាល់ថ្ងៃអាទិត្យ គ្រីស្តបរិស័ទត្រូវតែចូលក្នុងព្រះវិហារ បន្តិចម្តងៗយើងនិងបានរួមជាមួយព្រះជាម្ចាស់ ស្គាល់ព្រះអង្គ និងស្រលាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ៕
រៀបចំដោយ ឆាក លាំង