សម្រាប់គ្រីស្តបរិស័ទ តើពន្លឺដែលមកពីព្រះជាម្ចាស់ជាអ្វី?

បកស្រាយដោយ៖ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ពីមណ្ឌល​សកម្មភាពភ្នំពេញ​ខាង​ជើង​ ភូមិភាគភ្នំពេញ។

បូ. ប៉ូល រឿង ឆ័ត្រសិរី៖ បងប្អូនជាទីស្រលាញ់! ពន្លឺមានន័យថាការបំភ្លឺឲ្យមនុស្សនៅជុំវិញបានភ្លឺ ឬមើលឃើញពីអ្វីមួយក្នុងទីភ្លឺ និងទីងងឹត។ សម្រាប់យើងជាគ្រីស្តបរិស័ទ ពន្លឺរបស់យើងគឺជាពន្លឺដែលមកពីព្រះជាម្ចាស់។ និយាយជារួមឲ្យតែនិយាយអំពីពន្លឺ គឺត្រូវតែមានវត្តមានរបស់ព្រះជាម្ចាស់ជាដាច់ខាត។ ហេតុនេះហើយបានជាមនុស្សមួយចំនួនបានចោទជាសំណួរថា តើពន្លឺជាអ្វី? និយាយឲ្យចំទៅ វាជាពន្លឺនៃក្តីស្រលាញ់ ពន្លឺនៃគុណធម៌ ពន្លឺនៃការណែនាំអប់រំ ឬជាការបង្រៀនរបស់ព្រះយេស៊ូនៅក្នុងលោកនេះទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជីវិតដែលបានឆ្លុះបញ្ចាំងអំពីព្រះជាម្ចាស់ យើងហៅថា ជាសក្ខីភាពពីព្រះជាម្ចាស់នៅក្នុងពិភពលោក។

ដូច្នេះការផ្តល់សក្ខីភាព ឬក៏ការឆ្លុះបញ្ចាំងរស្មីនៃពន្លឺរបស់ជំនឿនេះហើយ បានជាគ្រីស្តបរិស័ទគ្រប់រូបមានកាតព្វកិច្ចប្រកាសដំណឹងល្អ។ ការប្រកាសដំណឹងល្អនេះ គឺជាការងារប្រកាស​អំពីរឿងរ៉ាវរបស់ព្រះយេស៊ូ។ ជារួម មនុស្សដែលធ្វើជាពន្លឺសម្រាប់គេឯង ត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយសារតែជីវិតរបស់គេ ជាជីវិតដែលមនុស្សផ្សេងអាចមើលឃើញ ឲ្យអ្នកជុំវិញខ្លួនមើលឃើញវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងខ្លួនរបស់គេ។ ឬក៏អាចហៅពួកគាត់បានថាជាសន្តបុគ្គល។

សន្តបុគ្គល គឺជាក្រុមមនុស្សដែលរស់នៅប្រកបដោយសេចក្តីស្រលាញ់​នៃជំនឿ នៃសេចក្តីសង្ឃឹម និងអ្វីៗទាំងអស់ដែលព្រះអង្គបានបង្រៀនយើង ហើយគេបានរស់នៅដោយជឿជាក់ទៅលើព្រះជាម្ចាស់ ដែលធ្វើឲ្យពួកគាត់មិនអាចទុកជំនឿដែលខ្លួនមាននោះតែម្នាក់ឯងបានទេ។ អ្នកដែលមានជំនឿពិតប្រាកដតែងតែចែករំលែក ចែកចាយ ហើយការចែកចាយនោះមិនមែនតែរឿងលុយកាក់ ការចែកទាន តែជីវិតរបស់គេគឺជាពន្លឺ។ ជីវិតរបស់គេ គឺជាការបម្រើ។ ហេតុនេះហើយបានគ្រីស្តបរិស័ទទូទៅត្រូវសួរខ្លួនឯងថា តើសព្វថ្ងៃនេះបានធ្វើជាពន្លឺរបស់​ព្រះជាម្ចាស់ទៅមនុស្សជុំវិញខ្លួនដោយរបៀបណា?​ ឬក៏សួរថា តើមនុស្សនៅជុំវិញខ្លួនបានឃើញពន្លឺដែលមកពីព្រះជាម្ចាស់នៅក្នុងខ្លួនរបស់គ្រីស្តបរិស័ទឬអត់? កាលណាគេដឹង គេស្គាល់ គេឃើញជីវិតរបស់យើងជាអ្នកបម្រើព្រះជាម្ចាស់ ជាមនុស្សដែលជិតស្និទ្ធជាមួយព្រះជាម្ចាស់ ចំណុចនេះហើយដែលបញ្ជាក់ថា បងប្អូនកំពុងតែបញ្ចេញរស្មីរបស់ព្រះអង្គឲ្យអ្នកដទៃបានឃើញតាមរយៈកិច្ចការដែលយើងធ្វើសព្វថ្ងៃ។ ដូច្នេះសូមឲ្យបងប្អូនយកចិត្តទុកដាក់ចំណុចនេះ ព្រោះគ្រីស្តបរិស័ទយើងពេលខ្លះគឺជាជនភាគតិចម្យ៉ាង ពេលខ្លះយើងអៀន យើងខ្មាស មិនចង់និយាយរឿងអំពីព្រះជាម្ចាស់ ឬក៏មិនចង់អធិដ្ឋានឲ្យគេឃើញ មិនចង់ចែករំលែកព្រះបន្ទូល ឬអំណរសប្បាយដែលខ្លួនបានទទួលពីព្រះជាម្ចាស់។

ដូច្នេះ អ្វីដែលយើងអាចចែកចាយបានអំពីព្រះជាម្ចាស់ បើយើងអាចធ្វើបាន ចាំបាច់ធ្វើទៅ មានន័យថាបងប្អូនកំពុងធ្វើជាពន្លឺរបស់ព្រះជាម្ចាស់ទៅអ្នកដទៃ។ ហេតុនេះហើយសូមបងប្អូនបន្តបេសកកម្មប្រកាសដំណឹងល្អ និងប្រកាសវត្តមានរបស់ព្រះជាម្ចាស់ឲ្យកាន់តែសកម្មថែមទៀត។ អាមែន!

 

រៀបចំដោយ ឆាក លាំង

Daily Program

Livesteam thumbnail