មូលហេតុអ្វីព្រះយេស៊ូជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នឹង​មនុស្សតូចតាច?

បកស្រាយដោយលោកបូជាចារ្យ ម៉ាតាំង ជួរ ដាម៉ូ នៃក្រុមគ្រួសាបព្វជិតសហជីវិនព្រះយេស៊ូ៖

មូលហេតុអ្វីព្រះយេស៊ូជំរុញឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ជាមួយមនុស្សតូចតាច? យើងមិនអាចបែកចែកអំពីជំនឿដែលយើងមានលើព្រះយេស៊ូចេញពីបរិបទដែលព្រះយេស៊ូរស់នៅកាលពីសម័យជាង២០០០ឆ្នាំមុននោះទេ។ ដោយសារព្រះយេស៊ូបានប្រសូត​ក្នុងគ្រួសារក្រីក្រ មានឪពុកជាជាងឈើ និងមានម្តាយជាស្ត្រីមេផ្ទះ។ ហេតុនេះហើយបានជាព្រះអង្គយល់យ៉ាងច្បាស់អំពីជីវិតក្រីក្រលំបាក ពីព្រោះនេះគឺជាបរិបទដែលព្រះយេស៊ូចម្រើនធំធាត់តាំងពីក្មេងរហូតដល់ពេញវ័យ។ ព្រះយេស៊ូបានជ្រាបគ្រប់ការលំបាក ព្រះអង្គបានឃើញពីការលំបាករបស់ប្រជាជន ភាពអយុត្តិធម៌ និងអំពើអាក្រក់ជាច្រើនទៀតរាប់មិនអស់។

បើនិយាយអំពីព្រះយេស៊ូ យើងបានដឹងតាមរយៈទេវវិទូ អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រព្រះគម្ពីរ ពួកគេបាននិយាយថា ព្រះយេស៊ូបានយកប្រស្នាផ្សេងៗមកប្រើប្រាស់ ទាក់ទងជាមួយជាងឈើ ទាក់ជាមួយអ្នកស្រែចម្ការ ក៏ព្រោះតែនេះជាជីវិតប្រចាំថ្ងៃរបស់ព្រះអង្គ។ ដោយឡែក បើតាមអ្នកសិក្សាស្រាវជ្រាវបានប្រាប់ថា អាជីពជាជាងឈើ គឺជាមុខរបរមួយដ៏តូចតាចបំផុតនៅក្នុងសម័យព្រះយេស៊ូ។ ដោយសារលោកយ៉ូសែប ដែលត្រូវជាឪពុក គាត់ជាជាងឈើ អ៊ីចឹងព្រះយេស៊ូក៏អាចក្លាយជាជាងឈើ និងក៏បានធ្លាប់ជួបការលំបាកជាមួយក្រុមគ្រួសារផងដែរ។ ហេតុនេះហើយ ព្រះយេស៊ូ បានមើលឃើញទិដ្ឋភាពជាក់ស្តែងក្នុងជីវិតរបស់ព្រះអង្គ ទើបទ្រង់ព្យាយាមជំរុញ​សាវ័កឲ្យយកចិត្តទុកដាក់អំពី​អ្នកក្រីក្រលំបាក។ ហើយមិនត្រឹមតែបង្រៀន ព្រះអង្គផ្ទាល់ក៏ព្យាយាមបង្ហាញឲ្យមនុស្សទូទៅមើលឃើញថា ជីវិតអ្នកក្រីក្រពិតជាសំខាន់។ ជាហេតុយើងទាំងអស់គ្នាត្រូវតែជួយពួកគាត់៕

វាយអត្ថបទ​ដោយ ឆាក លាំង