ពិធីជម្រះចិត្តគំនិតមានអត្ថន័យបែបណា និងប្រារពធ្វើនៅពេលណា?
បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស័រ ពីព្រះសហគមន៍កាតូលិកព្រះកុមារយេស៊ូបឹងទំពុនក្នុងភូមិភាគភ្នំពេញ
បូ. អេមេល្សដាល ហ្រ្វង់ស័រ៖ ក្នុងព្រះសហគមន៍កាតូលិក យើងមានទម្លាប់ពីដើមធ្វើពិធីជម្រះចិត្តគំនិតដល់អស់អ្នកឈ្វេងយល់ ដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ឬយើងមានឈ្មោះផ្សេង គឺពិធីជម្រះចិត្តគំនិត ឬពិធីដេញខ្មោចឲ្យចេញពីមនុស្ស។ មានន័យថា យើងម្នាក់ៗរួមចិត្តគំនិតជាមួយសេចក្តីអាក្រក់ ឬក៏រួមជាមួយមារម្យ៉ាង មានន័យថាយើងបានប្រព្រឹត្តអំពើបាប ដូច្នេះយើងត្រៀមខ្លួនទទួលពិធីអគ្គសញ្ញាជ្រមុជទឹក ដើម្បីលាងជម្រះបាប។
ព្រះសហគមន៍ជួយទួលអង្វរព្រះជាម្ចាស់ឲ្យជួយជម្រះចិត្តគំនិតរបស់អ្នកឈ្វេងយល់ ឲ្យគេត្រៀមខ្លួនទៅជាជនដ៏វិសុទ្ធដើម្បីបានគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពិធីជម្រះចិត្តគំនិតមាន៣ដងក្នុងរដូវ៤០ថ្ងៃ។
តើពីធីជម្រះចិត្តគំនិតនេះគេធ្វើឡើងនៅពេលណាខ្លះ?
បូ. អេមេល្សដាល ហ្វ្រង់ស័រ៖ ព្រះសហគមន៍ធ្វើពិធីជម្រះចិត្តគំនិត៣ដង នៅក្នុងអាទិត្យទី៣ ទី៤ និងទី៥ ក្នុងរដូវ៤០ថ្ងៃ ឬរដូវអប់រំពិសេស សម្រាប់អស់អ្នកដែលចង់ប្រែចិត្តគំនិត និងស្រាយបាប រួមទាំងបេក្ខជនដែលត្រូវត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងរាត្រីបុណ្យចម្លងផងដែរ។ នេះជារឿងធម្មតា តាមរបៀបផ្លូវការរបស់ព្រះសហគមន៍កាតូលិក។
ក្នុងអាទិត្យទី៣ ព្រះយេស៊ូគឺជាទឹកនៃសេចក្តីស្រលាញ់ ទ្រង់ប្រទានទឹកដែលផ្តល់ជីវិត! អាទិត្យទី២គឺព្រះយេស៊ូប្រោសមនុស្សខ្វះឲ្យមើលឃើញ ទ្រង់ប្រទានពន្លឺដល់អ្នកឈ្វេងយល់! និងអាទិត្យទី៣ ព្រះយេស៊ូប្រោសលោកឡាសា ពីស្លាប់ឲ្យរស់ឡើងវិញ គឺទ្រង់ជាជីវិត។ ព្រះសហគមន៍ចង់បង្ហាញថា បន្តិចម្តងៗអ្នកឈ្វេងយល់នឹងទៅជាវិសុទ្ធ គឺស្គាល់ព្រះយេស៊ូកាន់តែច្បាស់ ពេលនោះហើយដែលជីវិតរបស់យើងបានពេញលក្ខណៈ។ ប៉ុន្តែក្រៅពីរដូវអប់រំពិសេសសម្រាប់អ្នកផ្សេងទៀត លោកឪពុកអាចធ្វើពិធីដេញខ្មោច បើសិនជាមានបញ្ហានៅក្នុងក្រុមគ្រួសារ នៅក្នុងផ្ទះ ឬបញ្ហាផ្លូវចិត្ត យើងអាចសុំឲ្យលោកឪពុកធ្វើពិធីដេញខ្មោចម្យ៉ាង ដើម្បីជួយលើកទឹកចិត្តដល់បងប្អូនឲ្យមានជំនឿ និងផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់កុំឲ្យខ្លាចខ្មោច ឬខ្លាចសេចក្តីអាក្រក់ច្រើនពេក។
តើពិធីជម្រះចិត្តគំនិតត្រូវធ្វើអ្វីខ្លះ?
បូ. អេមេល្សដាល ហ្រ្វង់ស័រ៖ ធម្មតាក្នុងអភិបូជា ពេលលោកពុកធ្វើធម្មទេសនារួចហើយមានការអធិដ្ឋាននៅស្ងៀមស្ងាត់ បេក្ខជនក្រាបថ្វាយបង្គំអធិដ្ឋានយ៉ាងស្ងៀមស្ងាត់ទូលអង្វរព្រះជាម្ចាស់ រួចហើយមានពាក្យអធិដ្ឋានពីលោកបូជាចារ្យសម្រាប់បេក្ខជនទាំងអស់ ហើយបេក្ខជនទាំងអស់មកម្នាក់ម្តងៗដើម្បីជួបជាមួយលោកបូជាចារ្យ ដោយមានបងធម៌មកកំដរ។ ពេលនោះលោកឪពុកត្រៀបដៃលើបេក្ខជនម្នាក់ៗ ដើម្បីឲ្យព្រះវិញ្ញាណដ៏វិសុទ្ធជ្រាបចូលខ្លួន និងចិត្តគំនិតរបស់បេក្ខជន កុំឲ្យគេមានចិត្តលំអៀងប្រព្រឹត្តអំពើបាបទៀត។ នេះគឺជាកំលាំងដែលមកពីព្រះជាម្ចាស់ ជាព្រះវិញ្ញាណដ៏វិសុទ្ធដែលជំរុញ និងថ្នាក់ថ្នមឲ្យបេក្ខជនលះបង់អំពើអាក្រក់ដែលកើតមានក្នុងជីវិតរបស់គេ នឹងរួមជាមួយព្រះយេស៊ូយ៉ាងពិតប្រាកដ។
តើពិធីជម្រះចិត្តគំនិតនេះធ្វើសម្រាប់មនុស្សទូទៅឬយ៉ាងណា?
បូ. អេមេល្សដាល ហ្វ្រង់ស័រ៖ ពិធីជម្រះចិត្តគំនិតធ្វើឡើងសម្រាប់បេក្ខជនដែលត្រូវទទួលអគ្គសញ្ញាជ្រមុជទឹក សម្រាប់មនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ដែលសុខចិត្ត ឬក៏ត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាពេលខាងមុខនេះ។ អត់មានពេលកំណត់ អត់មានកំណត់អាយុ គ្រាន់តែថាបើអាយុក្រោម១៥ឆ្នាំ យើងមានពិធីផ្សេងៗ ដែលស្រដៀងគ្នា ឬក៏តាមអ្វីដែលគេអាចយល់បាន។ ជាការពិត ពិធីជម្រះចិត្តគំនិតជាលើកទី៣ ជាពិធីពិសេស ដែលភាសាហេប្រឺហៅថា អេផាថា មានន័យថាចូរបើកឡើង ហើយពេលនោះលោកឪពុកយកប្រេងសម្រាប់អ្នកឈ្វេងយល់លាបលើត្រចៀក លើបបូមាត់របស់បេក្ខជន ដើម្បីឲ្យគេស្តាប់ឮសម្លេងរបស់ព្រះជាម្ចាស់ និងហ៊ានប្រកាសដំណឹងល្អ។
តាមទម្លាប់របស់ព្រះសហគមន៍បុរាណក្នុងរដូវ៤០ថ្ងៃ តាមប្រពៃណីព្រះសហគមន៍ ពិធីជម្រះចិត្តគំនិតលើកទី៣មានសារៈសំខាន់ណាស់សម្រាប់គ្រីស្តបរិស័ទ។
តើគ្រីស្តបរិស័ទទទួលពិធីជម្រះចិត្តគំនិតបានប៉ុន្មានដងក្នុងមួយជីវិត?
បូ. អេមេល្សដាល ហ្រ្វង់ស័រ៖ ក្នុងជីវិតរបស់គ្រីស្តបសរិស័ទពិធីជម្រះចិត្តគំនិតគឺទទួលបានតែមួយដងប៉ុណ្ណោះ ក្នុងពេលដែលយើងទទួលពិធីជ្រមុជទឹកក្នុងអាយុពេញវ័យ។ ហេតុនេះហើយសម្រាប់មនុស្សដែលទទួលអគ្គសញ្ញាជ្រមុជទឹកពេលពេញវ័យ គឺត្រូវទទួលពិធីជម្រះចិត្តគំនិតជាមុនសិន៕
រៀបចំដោយ ឆាក លាំង