ប្រធានបទ៖ យុវជនយុវនារីទាំងអស់ត្រូវយល់អំពីសារៈសំខាន់នៃការសម្រុះសម្រួល និងការចូលរួមកសាងសន្តិភាពក្នុងសង្គម!
ផ្តល់សក្ខីភាពដោយ៖ លោក ស៊ាន់ សារឿន អ្នកសម្របសម្រួលការិយាល័យយុវជន ទំនង និងកុមារភូមិភាគភ្នំពេញ។
លោក ស៊ាន់ សារឿន៖ យុវជនបានចូលរួមយ៉ាងសកម្ម ហើយក៏បានទទួលការអប់ពិសេសពីសំណាក់លោកអភិបាល អូលីវីយេ ជ្មីសហស្លេរ តាមដំណាក់កាលនីមួយៗតាមកម្មវិធីដែលបានរៀបចំយ៉ាងត្រឹមត្រូវ។ តាមរយៈប្រធានបទ និងសេចក្តីផ្សេងៗដែលលោកអភិបាលបានអប់រំ បានជួយឲ្យយុវជនយល់ច្រើនអំពីការសម្រុះសម្រួល យល់អំពីការកសាងសន្តិភាព ដ៏ដូចជាជំរុញឲ្យយុវជនបានយល់ច្បាស់អំពីតួនាទីរបស់ខ្លួននៅក្នុងព្រះសហគមន៍ ក៏ដូចជាសង្គមទាំងមូល។
មួយវិញទៀតជំរុញឲ្យយុវជនចេះកែប្រែចិត្តគំនិត ក្រែប្រែទម្លាប់មិនល្អចោលផងដែរ។ បងប្អូនជាទីស្រឡាញ់ យើងម្នាក់ៗជាយុវជន យើងជាកំលាំងដ៏ខ្លាំងក្លា ក្នុងការចូលរួមកសាងប្រទេសជាតិ កសាងសង្គម កសាងក្រុមគ្រួសារ យើងត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឲ្យកាត់តែមានតម្លៃនៅក្នុងការចូលរួមឲ្យប្រទេសជាតិកាន់តែល្អប្រសើរជាលំដាប់។ កម្មវិធីនេះបានធ្វើឲ្យយើងបានមើលឃើញពីការខំប្រឹងប្រែងរបស់យុវជន ព្រោះមានប្អូនៗខ្លះចូលរួមជាលើកទី១ទោះបីត្រូវធ្វើដំណើរដោយថ្មើរជើងចំងាយជាង១៥គីឡូម៉ែត។ ជាក់ស្តែងតាមការអង្កេតការធ្វើដំណើររួមគ្នារបស់យុវជនគឺចេះសហការណ៍ ជួយគ្នាទៅវិញទៅមកទោះត្រូវឆ្លងកាត់ទុក្ខលំបាកផ្សេងៗ។ តែយើងក៏បានឃើញសេចក្តីល្អ ឬក៏សកម្មភាពផ្សេងៗរបស់យុវជន ដែលមានជំនឿលើព្រះជាម្ចាស់ ដោយបានបង្ហាញសេចក្តីស្រលាញ់ ការសាមគ្គីភាព ដ៏ដូចជាការយល់ដឹងរបស់យុវជនយើងអំពីបេសកម្មរបស់ខ្លួនក្នុងការបម្រើព្រះសហគមន៍ ដូចការបម្រើបងប្អូនឯទៀតៗ ជាពិសេសអស់អ្នកក្រីក្រតូចតាច។
ជាក់ស្តែងយើងម្នាក់ដឹងយ៉ាងច្បាស់ថា ក្នុងជីវិតរស់នៅយើងតែងជួបនៅបញ្ហាជាច្រើន ជាមួយមិត្តភ័ក្ក បងប្អូនជាដើម។ ប៉ុន្តែក្នុងមេរៀនដែលលោកអភិបាលបានអប់រំណែនាំយើងទាំងពីដំណាក់កាលនេះ បានជួយឲ្យយុវជនយើងបានយល់អំពីតំលៃនៃការសម្រុះសម្រួល អំពីការលើកលែងទោសឲ្យគ្នា។ ជាពិសេសជួយឲ្យយុវជនផ្ទាល់ខ្លួនបានដឹងអំពីតួនាទីរបស់ខ្លួន ថាជាកំលាំង ថាជាស្នូលដ៏រឹងមាំសម្រាប់ព្រះសហគមន៍ ឬក៏ចូលរួមក្នុងការកសាងព្រះសហគមន៍ឲ្យមានជីវិតរសរវើកដែលមកពីព្រះជាម្ចាស់។ តាមបទពិសោធន៍នៃការធ្វើកម្មវិធីបូជនីចរណ៍កន្លងមកយើងបានផ្លាស់ប្តូរនៃការដឹកនាំ យើងបានផ្លាល់ប្តូររបៀបចំជាច្រើន ដើម្បីឆ្លើយតបទៅកាន់យុវជនមួយចំនួនដែលកំពុងតែជួបនិងបញ្ហា ឬក៏ជារំលឹកដល់ពួកគេឲ្យជៀសឆ្ងាយពិបញ្ហាទាំងនោះ។ ជាក់ស្តែងការដើរច្រើនគីឡូក្រោមកំដៅថ្ងៃមិនស្រួលទេសម្រាប់ពួកគាត់ ហើយយើងជាអ្នករៀបចំ ឬក៏អ្នកណែនាំកម្មវិធីទាំងមូលក៏មិនស្រួលនោះដែរ ប៉ុន្តែយើងព្យាយាមបទបែន ព្យាយាមសម្រុះសម្រួលទៅតាមកាលៈទេសៈជាក់ស្តែង ដោយពីមួយឆ្នាំទៅមួយឆ្នាំយើងបានខិតខំប្តូររបៀបរៀបចំកម្មវិធី ដើម្បីឆ្លើយតបឲ្យចំគោលដៅ ឬក៏សេចក្តីត្រូវការរបស់យុវជន។ មួយវិញទៀតឲ្យពួកគាត់យល់ និងឲ្យតំលៃចំពោះការចូលរួម និងបានផ្លាស់ប្តូរ ក៏ដូចជាការចូលរួមឲ្យបានសកម្មក្នុងការកសាងសន្តិភាពនៅក្នុងព្រះសហគមន៍ ក្រុមគ្រួសារ និងសង្គមជាតិ។ អាមែន
ដោយ ឆាក លាំង