ប្រធានបទ៖ ព្រះជាម្ចាស់ពិតបានបង្ហាញភាពអស្ចារ្យនៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់!

ផ្តល់សក្ខីភាពដោយ៖ អ្នកស្រីហួត ហ៊ាង គ្រីស្តបរិស័ទព្រះសហគមន៍កោះរកាក្រៅ (ភូមិភាគកំពង់ចាម)

គ្រីស្ត. អ្នកស្រី ហួត ហ៊ាង៖ ជីវិតពីមុនរហូតមកដល់ពេលនេះ បានធើ្វឲ្យខ្ញុំដឹងច្បាស់ថាព្រះវិញ្ញាណបានជួយបំភ្លឺជីវិតខ្ញុំរហូតមក! ជាក់ស្តែងការបន្តដំណើរជីវិតនៅលើផែនដីនេះ ព្រះជាម្ចាស់បានបំភ្លឺខ្ញុំឲ្យឃើញថា មិនមែនមានតែខ្ញុំម្នាក់ឯងដែលកំសត់ ផ្ទុយទៅវិញមានអ្នកកំសត់ជាងខ្ញុំទៅទៀត។ ចំណុចនេះជំរុញឲ្យមើលឃើញសេចក្តីល្អ នឹងចង់ដើរតាមជីវិតសន្តបុគ្គល ដែលជាអ្នកមានសុភមង្គល និងអស់អ្នកដែលមានជំនឿយ៉ាងមុតមាំទៅលើព្រះជាម្ចាស់។

ខ្ញុំផ្ទាល់ទើបតែបានដឹងអំពីព្រះវិញ្ញាណនាពេលនេះទេ ពីមុនមកខ្ញុំរស់នៅក្នុងក្តីងងឹតវែងអន្លាយមកហើយ ដោយបានឆ្លងការវិវត្តន៍របស់ប្រទេស ឆ្លងកាត់សង្គ្រាមជាហូរហែ រត់កាត់គ្រាប់កាំភ្លើងជាច្រើនរាប់មិនអស់ ស្នាក់នៅក្នុងត្រង់សេពួនពីគ្រាប់ផ្លោង គ្រាប់ទម្លាក់ជាច្រើន តែខ្ញុំនៅតែមានជីវិតរស់រានបាន។ មួយដំណាក់កាលទៀតដែលប្រទេសធ្លាក់ទៅក្នុងរបបខ្មៅងងឹតពលពត ខ្ញុំត្រូវបែកពីឪពុកម្តាយ បងប្អូនសាច់ញ្ញាតិ ទៅរស់នៅរួមជាមួយក្មេងៗដទៃទៀត ដោយរងទុក្ខលំបាកខ្លាំង ត្រូវធ្វើការងារ​ ហើយខ្លួនក៏មានជំងឺទៀត។

ខ្ញុំចាំបានថា ព្រោះជំងឺខ្ញុំធ្ងន់ធ្ងរពេក គេបានដាក់ខ្ញុំចោល តែខ្ញុំបែរជាមិនស្លាប់ ហើយបានរស់រៀនរហូតដល់សព្វថ្ងៃ ពីមុនខ្ញុំមិនដឹងថាមកពីមូលហេតុអ្វីនោះទេ តែក្រោយពេលដែលខ្ញុំមានជំនឿលើព្រះយេស៊ូទើបបាន​ដឹងថា ជីវិតដែលខ្ញុំមានរហូតមកដល់សព្វថ្ងៃនេះ គឺព្រះជាម្ចាស់ជាអ្នកប្រទានឲ្យ។ ខ្ញុំមានសំណាងបានស្គាល់ព្រះជាម្ចាស់ជាព្រះបិតា បានស្គាល់ព្រះយេស៊ូ និងបានស្គាល់សន្តបុគ្គលទាំងអស់។

ចំណុចនេះ! ខ្ញុំអាចអះអាងថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ពិតជាបានគង់នៅជាមួយយើងគ្រប់គ្នាពិតប្រាក​ដមែន ទោះជាយើងភ្លេចព្រះអង្គ ពេលខ្លះយើងមិនដឹងខ្លួន តែទ្រង់នៅតែគង់នៅជាមួយយើងជានិច្ច។ អាមែន

ដោយ៖ ឆាក លាំង

Daily Program

Livesteam thumbnail