ប្រធានបទ៖ ទុក្ខលំបាកដែលយើងបានជួបនៅក្នុងជីវិតប្រៀបដូចជាការប្រកាសដំណឹងល្អ!
ផ្តល់សក្ខីភាពដោយ៖ បងប្រុស អេង សារ៉ង (ក្រុមគ្រួសារសាឡេស៊ានដុនបូស្កូរ)
បងប្រុស. អេង សារ៉ង៖ ការធ្វើដំណើរក្នុងថ្ងៃនេះបានឲ្យយើងជួបនិងការលំបាក់មួយចំនួនធំ ដូចជាអត់កំលាំង ឈឺជើង និងការហត់នឿយ ឬក្តៅអីជាដើម! បងប្អូនត្រង់ចំណុចនេះរំលឹកយើងឲ្យដឹងថា វាដូចជាការប្រកាសជំនឿរបស់យើងអញ្ចឹង។ ចំពោះចំណាប់អារម្មណ៍ខ្ញុំផ្ទាល់ពេលបានចូលរួមកម្មវិធីបូជនីចរណ៍រួមជាមួយយុវជននាពេលនេះ ជាបទពិសោធន៍ថ្មីមួយទៀតដែលទទួលបាន និងមានភាពរីករាយជាទីបំផុត ព្រោះថាការធ្វើដំណើរបូជនីចរណ៍ក្នុងថ្ងៃនេះ សម្រាប់ខ្ញុំផ្ទាល់ ដូចជាការធ្វើដំណើរកាន់ភូមិអេម៉ាអ៊ូស ដែលបានកត់ត្រាក្នុងព្រះគម្ពីរ។
ត្រង់ចំណុចនេះពិតជាមានអត្ថន័យណាស់សម្រាប់យើងម្នាក់ៗជាគ្រីស្តបរិស័ទ ក្នុងការចូលរួមកសាងព្រះសហគមន៍របស់យើង ជាពិសេសចំណុចសំខាន់បំផុតរបស់កម្មវិធីក្នុងថ្ងៃនេះគឺផ្តោតសំខាន់ទៅលើការកសាងសន្តិភាព។ ក្រោយពីបានចូលរួមធ្វើដំណើរជាមួយមួយយុវជនពេញមួយថ្ងៃនេះ ខ្ញុំផ្ទាល់ទទួលបានបទពិសោធន៍ថ្មី ដែលបានបង្ហាញអំពីដំណើរជីវិតរបស់យើង នៅក្នុងជំនឿលើព្រះជាម្ចាស់។ ព្រះយេស៊ូបានបង្រៀនយើងថាបើចង់ដើររួមជាមួយព្រះអង្គត្រូវលីឈើឆ្កាងរបស់ខ្លួនជាប់ជានិច្ច។ ជាក់ស្តែងការធ្វើដំណើររបស់យើងចំងាយជាង១០គីឡូនៅក្នុងថ្ងៃនេះ យើងបានឆ្លងការលំបាក ហេវហត់ អស់កំលាំង ឈឺជើង និងរងនៅកំដៅថ្ងៃដ៏ខ្លាំងផងដែរ។ ការលំបាកនេះបានរម្លឹកយើងម្នាក់ៗដែលជាគ្រីស្តបរិស័ទដោយដឹងអំពីតួនាទីជាអ្នកប្រកាសដំណឹងល្អរបស់យើងផងដែរ។
តាមបទពិសោធន៍របស់បងប្អូនដែលជាគ្រីស្តបរិស័ទ និងជាពិសេសខ្ញុំផ្ទាល់ ការប្រកាសដំណឹងល្អរបស់យើងតែងតែបានជួបនិងឧបស័ក្ក និងបញ្ហាផ្សេងៗជាច្រើនទៀត។ ប៉ុន្តែយើងមានគោលដៅច្បាស់លាស់ គឹដើរតាមការអប់រំណែនាំរបស់ព្រះជាម្ចាស់ ដោយមានជំនឿ ហើយបានផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ដោយមានកំលាំងក្នុងការពុះពារឧបសគ្គទាំងពួងដែលយើងបានជួបក្នុងជីវិតជាក់ស្តែង។
សម្រាប់ខ្ញុំ ការធ្វើដំណើរបូជនីចរណ៍ក្នុងថ្ងៃនេះប្រៀបបាននិងការធ្វើដំណើរទៅកាន់ភូមិអេម៉ាអ៊ូស ដែលបានកត់ត្រាក្នុងព្រះគម្ពីរ ដែលបានបង្ហាញអំពីការរួមដំណើរជាមួយគ្នារបស់គ្រីស្តបរិស័ទមាគារបស់ព្រះជាម្ចាស់ក្នុងគោលដៅតែមួយ គឺកសាងព្រះសហគមន៍របស់យើងឲ្យមានជីវិតរស់រវើក។ ហើយកាន់តែពិសេសនៅក្នុងឆ្នាំនេះគឺយើងផ្តោតទៅលើការកសាងសន្តិភាព។ អាមែន
ដោយ ឆាក លាំង