ប្រធានបទ៖ ជាគ្រីស្តបរិស័ទត្រូវតែផ្ញើជីវិតលើព្រះជាម្ចាស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ!

ផ្តល់សក្ខីភាពដោយ៖ កញ្ញាជា សុវណ្ណច័ន្ទបុប្ផា គ្រីស្តបរិស័ទផ្សារតូចភូមិភាគភ្នំពេញ

គ្រីស្ត. កញ្ញា សុវណ្ណច័ន្ទបុប្ផា៖ ក្នុងសម័យដ៏ខ្មៅងងឹតពុលពត មានលោកអភិបាល លោកបូជាចារ្យ បងប្រុស បងស្រី និងគ្រីស្តបរិស័ទមួយចំនួនធំបានស្លាប់បាត់បង់ជិវិតដោយសារតែការពារជំនឿរបស់ខ្លួន។ តាមរយៈការលះបង់របស់ពួកគាត់ បានជំរុញឲ្យខ្ញុំមានកំលាំងចិត្តក្នុងការជំនះរាល់ឧបសគ្គផ្សេងៗ។ ពេលបាក់ទឹកចិត្តខ្លាំង ខ្ញុំទទួលស្គាល់ថាខ្ញុំមើលមិនឃើញវត្តមានព្រះជាម្ចាស់ទេ! ប៉ុន្តែដោយសារជំនឿជាគ្រីស្តបរិស័ទម្នាក់ៗ តែងផ្ញើជីវិតទៅលើព្រះជាម្ចាស់ ទោះក្នុងឧបសគ្គណាក៏ដោយ មានកំលាំងផ្សេងមួយទៀតជួយជម្រុញពីក្រោយ ឲ្យយើងនឹកដល់ព្រះអង្គ។

មនុស្សម្នាក់ៗតែងជួបនិងការលំបាករៀងៗខ្លួន តែយើងត្រូវរំលឹកខ្លួនឯងថាព្រះជាម្ចាស់គង់នៅជាមួយយើងជានិច្ច ហេតុដូច្នេះយើងត្រូវមានកំលាំងចិត្តទៅមុខជាមួយបងប្អូន ជាមួយព្រះជាម្ចាស់ និងចែករំលែកអ្វីដែលយើងមានតាមលទ្ធភាពទៅបងប្អូនដែលជួបការលំបាកក្នុងជីវិត។ មួយវិញទៀតយើងត្រូវតែព្យាយាមអធិដ្ឋានសម្រាប់បងប្អូន សម្រាប់ខ្លួនឯង ទោះពេលខ្លះការទូលអង្វរនោះឆ្លើយយឺតក៏ដោយ។ សម្រាប់ខ្ញុំផ្ទាល់ រាល់ការទូលសុំរបស់យើងម្នាក់ៗ​ ទ្រង់ឆ្លើយតបតាមគម្រោងការ ហើយមានតែព្រះជាម្ចាស់មួយអង្គគត់ដែលដឹង ហេតុនេះចូរព្យាយាមអធិដ្ឋាន ព្រោះជិវិតជាគ្រីស្តបរិស័ទ ការអធិដ្ឋានពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលអភិបូជា។

បងប្អូនគ្រីស្តបរិស័ទត្រូវចំណាយពេលចូលរួមអភិបូជាថៃ្ងអាទិត្យដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ជាឱកាសដែលយើងម្នាក់ៗអាចថ្វាយនូវទុក្ខលំបាកទៅព្រះជាម្ចាស់ទាំងអស់ នៅពេលដែលយើងអធិដ្ឋាន ឬក្នុងកម្មវិធីអភិបូជាហ្នឹងអែង។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail