ប្រធានបទ៖ ជាគ្រីស្តបរិស័ទត្រូវតែបង្ហាញអត្តសញ្ញាណខ្លួនថាជាគ្រីស្តបរិស័ទមិនថានៅទីណា

 បកស្រាយដោយ៖ លោកបូជាចារ្យរឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភូមិភាគភ្នំពេញខាងជើង)

បូ៖ រឿង ឆ័ត្រសិរី៖  «យើងជាគ្រីស្តបរិស័ទត្រូវតែមានអត្តសញ្ញាណរបស់ខ្លួន អត្តញ្ញាណនេះអាចបង្ហាញបានក្នុងការរស់នៅ!» សំណួរសួរថាត្រូវបង្ហាញឬក៏អត់? ត្រង់ចំណុចនេះមិនមែនថាត្រូវ ឬមិនត្រូវនោះទេ! យើងទាំងអស់គ្នាមានអត្តសញ្ញាណក្នុងខ្លួនរួចហើយ។ ហេតុនេះការបង្ហាញត្រូវធ្វើឲ្យបានត្រឹមត្រូវតាមអ្វីដែលព្រះសហគមន៍បានអប់រំណែនាំ ប៉ុន្តែបើបង្ហាញដើម្បីបញ្ជាក់ថាខ្លួនឯងមានជំនឿគឺគួរតែធ្វើ។

ផ្ទុយទៅវិញបើបង្ហាញគ្រាន់តែជាការបង្អួតគេនោះថាខ្លួនយើងខ្ពង់ខ្ពស់ខុសគេ អស្ចារ្យ​ជាងគេ គួរណាស់តែកុំធ្វើល្អជាង ព្រោះរាល់ការបង្ហាញអត្តសញ្ញាណ គឺជាការបញ្ជាក់ជំនឿរបស់យើងអ្នកដទៃគេបានស្គាល់ថាយើងគោរពជំនឿរបស់នរណាម្នាក់។ តើការបង្ហាញនេះមានសារៈសំខាន់អ្វីខ្លះ? យើងអាចនិយាយបានថា គ្រីស្តបរិស័ទតែងធ្វើសញ្ញាឈើឆ្កាង ជាសញ្ញាដ៏សំខាន់ដែលអាចជួយយើងឲ្យគេស្គាល់ថាបុគ្គល ឬក៏នណាម្នាក់ជាសាវ័ករបស់ព្រះជាម្ចាស់!  ជីវិត ឬទស្សនៈរបស់យើងគឺបានថ្វាយទៅព្រះជាម្ចាស់ទាំងស្រុង ពេលយើងមានបញ្ហាលំបាក យើងមិនអាចពឹង ឬក៏ទៅរកពំនាក់ណាក្រៅពីព្រះជាម្ចាស់នោះបានទេ។

បងប្អូនដែលមិនមែនជាគ្រីស្តបរិស័ទគេបានទៅរកគ្រូទាយ ធ្វើមន្តអាគមន៍ ឬរបៀ​​បអបិយជំនឿ តែយើងជាគ្រីស្តបរិស័ទជាសាវ័ករបស់ព្រះគ្រីស្តយើងមិនអាចធ្វើបែបនោះបានទេ ព្រោះ​យើងមានព្រះជាម្ចាស់គឺគ្រប់គ្រាន់ហើយ។ បងប្អូនអត្តសញ្ញាណរបស់យើងគឺបង្វែការពឹងផ្អែកទាំងនេះទៅលើព្រះជាម្ចាស់ទាំងស្រុង តាមរយៈការអធិដ្ឋាន ការទទួលអគ្គសញ្ញានានា ឬក៏ពឹងទៅលើរបៀបណាមួយដែលព្រះសហគមន៍យើងមាន។ បងប្អូនរួមជំនឿជាទីស្រឡាញ់! គ្រីស្តបរិស័ទយើងមានអត្តសញ្ញាណហើយ តែយើងក៏ត្រូវមានចិត្តខ្លាហ៊ានដែរ ដើម្បីបញ្ជាក់ជំនឿរបស់យើង។ អ្វីដែលសំខាន់យើងម្នាក់ៗអាចធ្វើទៅបាន ដោយធម្មជាតិ ដែលមិនមែនកិច្ចការ ឬក៏ជាសកម្មភាពដើម្បីអួតគេ គឺការចូលរួមអភិបូជា ការទៅព្រះវិហាថ្វាយបង្គំព្រះជាម្ចាស់។

ផ្ទុយទៅវិញបើយើងជាគ្រីស្តបរិស័ទ យើងមិនទៅព្រះវិហារ សួរថាតើអត្តសញ្ញាណរបស់យើងនៅឯណា? បើយើងទៅចូលរួមថ្វាយបង្គំព្រះជាម្ចាស់ ទៅអធិដ្ឋាន ទៅជួបជុំគ្នាក្នុងជីវិតព្រះសហគមន៍ នេះជាសកម្មភាពដែលយើងកំពុងតែបង្ហាញអត្តសញ្ញាណរបស់ខ្លួនឲ្យមនុស្សនៅជុំវិញបានឃើញហើយ។ ជីវិតរបស់អ្នកជឿ ដើរជាមួយគ្នា រួបរួមគ្នាថ្វាយបង្គំ ប្រកាសដំណឹងល្អ ចូលរួមក្នុងកិច្ចសង្គមដោយបង្ហាញក្តីស្រឡាញ់យ៉ាងពិតប្រាកដ បង្ហាញអំពីវត្តមានរបស់ព្រះយេស៊ូឲ្យបងប្អូនឃើញ នឹងបានទទួលការសង្គ្រោះតាមរយៈយើងម្នាក់នេះឯង។ ក្នុងការរស់នៅយើងជឿជាក់ និងផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលាទាំងអស់ មិនថាមានអំណរសប្បាយ ឬក៏មានទុក្ខព្រួយ គឺយើងមានព្រះជាម្ចាស់គង់នៅជាមួយ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ យើងត្រូវព្យាយាមចែករំលែកអ្វីដែលជាជំនឿរបស់យើង នេះជាការបង្ហាញអត្តសញ្ញាណយ៉ាងត្រឹមត្រូវរបស់យើងជាគ្រីស្តបរិស័ទ។

យើងដឹងថាពេលយើងលំបាក គឺជាពេលដែលយើងកំពុងលីឈើឆ្កាងរួមជាមួយព្រះយេស៊ូ ហេតុនេះសូមទ្រង់ប្រទានដល់បងប្អូនឲ្យចេះកែប្រែចិត្តគំនិត រស់នៅឲ្យបានសមស្រប​តាមព្រះបន្ទូល​របស់ព្រះជាម្ចាស់៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail