ប្រធានបទ៖ គ្រប់កិច្ចការដែលបងប្អូនបានធ្វើ សុទ្ធមានវត្តមានរបស់ព្រះជាម្ចាស់!

បកស្រាយដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី (ពីមណ្ឌលសកម្មភាពភ្នំពេញខាងជើង)

បូ. រឿង ឆ័ត្រសិរីនៅក្នុងសម្ព័ន្ធមេត្រីចាស់យើងដឹងហើយថា យើងបានជួបប្រទះនៅអំពើបាប ចាប់តាំងពីលោក អាដាំ មិនស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយហ៊ានហូបផ្លែឈើដែលត្រូវបានហាមប្រាមមិនឲ្យបរិភោគ ដោយចាញ់កាល្បួងរបស់សត្វពោះកំហូច។ ការធ្វើខុសនេះបានធ្វើឲ្យលោក អាដាំ និងនាងអេវ៉ា ជាភរិយាត្រូវបណ្តេញចេញពីសួនច្បារអេដែន​ហើយត្រូវមករស់នៅក្នុងពិភពលោក នឹងត្រូវបំពេញការងារយ៉ាងនឿយហត់ព្រោះតែបានប្រព្រឹត្តខុសនិងព្រហទ័យរបស់ព្រះជាម្ចាស់។

ការសង្គ្រោះនេះព្រះជាម្ចាស់មិនបានផ្តាច់ពីមនុស្សលោក ព្រះជាម្ចាស់ស្រលាញ់យើងទ្រង់បានមានព្រះបន្ទូលសន្យាថានឹងប្រទានព្រះបុត្រា ឬព្រះសង្គ្រោះមកឲ្យយើង ដើម្បីឲ្យយើងអាចភ្ជាប់ទៅទ្រង់តាមរយៈព្រះបុត្រា។ ដូច្នេះបើយើងត្រឡប់ទៅមើលព្រះគម្ពីរជនជាតិយូដាតែងតែទន្ទឹងរងចាំព្រះសង្គ្រោះជានិច្ច ដោយមានក្តីសង្ឃឹមថា ថ្ងៃណាមួយព្រះសង្គ្រោះ និងរំដោះពួកគេឲ្យរួចផុតពីខ្មាំងសត្រូវដែលមកធ្វើបាប។

ប្រវិត្តរបស់ជនជាតិអ៊ីស្រាអែលនៅក្នុងសម្ព័ន្ធមេត្រីចាស់គឺបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេត្រូវរងទុក្ខដោយការបៀបបៀនរបស់សាសន៍ដទៃ ជាពិសេសអាណាចក្រធំៗនៅក្នុងសម័យនោះ។ ការធ្លាក់ខ្លួនរបស់ជនជាតិយូដាក្នុងពេលនោះ ហាក់គ្មានក្តីសង្ឃឹមឬអំណរសប្បាយទេ។ ប៉ុន្តែព្រះគម្ពីរបានរៀបរាប់អំពីការបង្កើតអំណរសប្បាយរបស់ព្រះសង្គ្រោះតាមរយៈព្យាការីផ្សេងៗ។ ព្រឹត្តិការណ៍ទាំងអស់នោះបានបញ្ជាក់ប្រាប់នៅក្នុងសម្ព័ន្ធមេត្រីចាស់ និងជាសញ្ញានាំឲ្យជនជាតិអ៊ីស្រាអែលជឿជាក់ថា ព្រះជាម្ចាស់មិនបានភ្លេចពាក្យសន្យារបស់ទ្រង់ទេ គឺព្រះអង្គ និងប្រទានព្រះសង្គ្រោះមកឲ្យយើងទាំងអស់គ្នាគឺព្រះយេស៊ូ

ក្នុងព្រះគម្ពីរបាននិយាយអំពីភូមិបេភ្លេហឹម ដែលមានព្រះសង្គ្រោះកើតមកដើម្បីជួយជម្រះមនុស្សលោកឲ្យបានរួចពីអំពើបាបទាំងពួង ដែលបានរៀបរាប់អំពីដំណើរយាងមករបស់ព្រះសង្គ្រោះ បានធ្វើឲ្យប្រជាជនទទួលបានការលើកលែងទោស ឬក៏ផ្តល់ឲ្យប្រជាជនមានអំណរសប្បាយ។ ព្រះយេស៊ូបានបំពេញកិច្ចការទាំងនោះរួមមាន៖ ការព្យាបាលអ្នកជំងឺ ជួយអ្នកស្លាប់ឲ្យរស់ឡើងវិញដោយជំនឿ ព្យាបាលអ្នកមានពិការភាពឲ្យជាសះស្បើយ...ដែលទាំងអស់នេះសុទ្ធតែជាការបង្ហាញពីការសង្គ្រោះរបស់ព្រះជាម្ចាស់។

បងប្អូនចម្លើយសំខាន់នៅក្នុងសំណួរនេះគឺថា៖ «ព្រះជាម្ចាស់បានប្រទានព្រះសង្គ្រោះមកឲ្យយើងរាល់គ្នា គឺព្រះអម្ចាស់យេស៊ូ។ ហើយសញ្ញាដែលបញ្ចាក់ថាព្រះជាម្ចាស់បានសង្គ្រោះយើងម្នាក់ៗ មិនបាច់មើលឆ្ងាយទេបងប្អូន! សូមយើងមើលជីវិតរបស់ព្រះយេស៊ូគ្រីស្តនៅលើលោកនេះដើម្បីជួយយើង។ គ្រប់កិច្ចការដែលទ្រង់បានធ្វើគឺជាសកម្មភាពនៃការសង្គ្រោះទាំងអស់។ ការអស្ចារ្យរបស់ព្រះយេស៊ូ មិនមែនជាការអួត ឬក៏ការបង្ហាញរបៀបសប្បាយនោះទេ តែទ្រង់កំពុងបង្ហាញព្រះរាជ្យ ឬអាណាចក្រថ្មី គឺការសង្គ្រោះថ្មីរបស់ព្រះអង្គសម្រាប់មនុស្សលោកទាំងមូល។

តែពេលទ្រង់អស់ពេលវេលានៅក្នុងលោកនេះហើយ គឺត្រូវឡើងទៅស្ថានបរមសុខ ហើយទ្រង់ក៏មិនទុកមនុស្សលោកឲ្យនៅតែលតោលដែល ទ្រង់បានបង្កើតចលនាថ្មី ដោយបង្កើតព្រះសហគមន៍ ដែលបញ្ចេញសកម្មភាពតាមការប្រៀនប្រដៅ និងអគ្គសញ្ញាមួយដែលបានបង្ហាញពីការសង្គ្រោះរបស់ព្រះជាម្ចាស់។ បងប្អូនរួមជំនឿជាទីស្រឡាញ់! បងប្អូនត្រូវចែករំលែកជាមួយគ្នា ដោយបង្ហាញភាពជាថ្លុងតែមួយរួមជាមួយព្រះជាម្ចាស់។ បងប្អូនយើងជាគ្រីស្តបរិស័ទ យើងជាចំណែកមួយធ្វើឲ្យការសង្គ្រោះរបស់ព្រះយេស៊ូគ្រីស្តលេចឡើងនៅលើផែនដីនាពេលសព្វថ្ងៃនេះ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail