ប្រធានបទ៖ ខ្ញុំនិងនាំយកអ្វីៗដែលទទួលបាននៅថ្ងៃនេះទៅចែកចាយនៅក្នុងសហគមន៍របស់ខ្ញុំ!
ផ្តល់សក្ខីភាពដោយ៖ កញ្ញា យាត កញ្ញា (គ្រីស្តបរិស័ទមកពីព្រះសហគមន៍ចម្លាក់)
គ្រីស្ត. យាត កញ្ញា៖ នៅពេលដែលខ្ញុំបានលើកលែងទោសឲ្យគេប្រហែលជាខ្ញុំបានស្ងប់ចិត្ត ព្រោះថាមនុស្សយើងអាចលើកលែងទោសឲ្យគេបាន យើងក៏ត្រូវមានសេចក្តីស្រឡាញ់ផងដែរ។ សម្រាប់ខ្ញុំផ្ទាល់ ក្រោយពីចូលរួមក្នុងកម្មវិធីនេះរួចមក ខ្ញុំចង់នាំយកសន្តិភាពទៅកាន់មនុស្សនៅជុំវិញខ្លួន ក៏ដូចជាសហគមន៍ដែលខ្ញុំបានរស់នៅ ព្រោះយើងដឹងច្បាស់ថាសន្តិភាពរបស់យើងទាំងអស់គ្នាគឺការអធិដ្ឋានដើម្បីស្វែងរកសន្តិភាពឆ្ពោះទៅរកព្រះជាម្ចាស់។ ក្នុងការចូលរួមកម្មវិធីបូជនីចរណ៍យុវជនភូមិភាគភ្នំពេញ ក្រោមប្រធានបទ «យុវជន និងការសម្រុះសម្រួល» ខ្ញុំទទួលបានច្រើនណាស់ក្រោមការអប់រំរបស់លោកអភិបាលអូលីវីយេ ជ្មីសហស្លេរ ទាំងពីរដំណាក់កាល អំពីការសម្រុះសម្រួល និងការលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ ជាក់ស្តែងកាលពីពេលមុនខ្ញុំមិនសូវចេះខ្វល់ជាមួយអ្នកដទៃនោះទេ ខ្ញុំតែងតែខឹង គុំគួនច្រើន និងមិននិយាយរកគេជាដើម ប៉ុន្តែ! ក្រោយបានចូលរួមក្នុងកម្មវិធីបូជនីចរណ៍នេះ ខ្ញុំទទួលបានគំនិតថ្មីមួយទៀតគឺការរស់នៅដែលចេះលើកលែងទោស។ ខ្ញុំចាំបានថា ការអប់រំរបស់លោកអភិបាល គឺត្រូវអត់ទោសឲ្យគេ ៧ គុណនិង៧០ដង ឬក៏ច្រើនជាងនេះ ព្រោះយើងក៏ទទួលបានការលើកលែងទោសពីព្រះជាម្ចាស់ក៏ច្រើនរាប់មិនអស់ដែរ។
បងប្អូន ពេលនេះខ្ញុំផ្ទាល់បានដឹងច្បាស់ហើយ ថាការលើកលែងទោសនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សទូរទៅ ជាក់ស្តែងខ្លួនខ្ញុំផ្ទាល់ក៏ដូចគ្នាដែរ។ ព្រោះថានៅពេលដែលខ្ញុំបានលើកលែងទោសឲ្យនណាម្នាក់បានធ្វើខ្ញុំស្ងប់ចិត្ត មិនត្រឹមតែប៉ុណ្ណោះតាមរយៈការលើកលែងទោសនេះផងដែរ ក៏ជួយខ្ញុំឲ្យកាន់តែមានសេចក្តីស្រឡាញ់ទ្វេរដងចំពោះបងប្អូននៅជុំវិញ។ ពេលនេះខ្ញុំយល់ច្បាស់ក្នុងចិត្តខ្លួនឯងផ្ទាល់ថា កាលណាខ្ញុំអាចលើកលែងទោសឲ្យគេបានហើយ នោះបញ្ជាក់ថាខ្ញុំកាត់តែមានសេចក្តីស្រឡាញ់ចំពោះបងប្អូន ដែលនេះជាសកម្មភាពមួយដែលបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់បានកើតជារូបរាងនៅក្នុងខ្លួនរបស់ខ្ញុំផ្ទាល់។
កម្មវិធីបូជនីចរណ៍ «យុវជន និងការសម្រុះសម្រួល» នេះពិតល្អណាស់ ហើយខ្ញុំនិងពាំនាំចំណេះដឹងដែលបានទទួលក្នុងថ្ងៃនេះទៅបងប្អូននៅសហគមន៍ដែលខ្ញុំរស់នៅ ដើម្បីឲ្យពួកគាត់បានយល់អំពីសារៈសំខាន់នៃការសម្រុះសម្រួល ក្នុងការកសាងសន្តិភាព ព្រោះថាសន្តិភាពពិតជាសំខាន់ណាស់សម្រាប់មនុស្សទូរទៅ។ បច្ចុប្បន្នប្រទេសយើងកំពុងមានបញ្ហាពីការឈ្លានពានរបស់ប្រទេសជិតខាង (ថៃ) ដែលជាហេតុនាំឲ្យយើងមានខឹងស្អប់គ្នាច្រើន ដែលពិបាកក្នុងការលើកលែងទោសឲ្យគ្នាណាស់។ ប៉ុន្តែពេលត្រឡប់ទៅវិញខ្ញុំចង់នាំយកចំណេះដឹងដែលបានទទួលក្នុងថ្ងៃនេះទៅចែករំលែកដល់បងប្អូន ឲ្យប្រែពីការខឹងស្អប់ ទៅជាការសម្រុះសម្រួលនិងគ្នាឲ្យមានទំនាក់ទំនងល្អវិញ ដើម្បីរួមគ្នាកសាងសន្តិភាព ព្រោះថានេះព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលជាប្រភពនៃសេចក្តីស្រឡាញ់ដែលមិនចេះរីងស្ងួត។ អាមែន
ដោយ ឆាក លាំង