ប្រធានបទ៖ ការអធិដ្ខានជាឱកាសជួបផ្ទាល់និងព្រះជាម្ចាស់ ហើយទទួលបានកំលាំងថ្មីឡើងវិញ!

ផ្តល់សក្ខីភាពដោយ៖ បងប្រុស អេង សារ៉ង មកពីក្រុមគ្រួសារសាឡេស៊ានដុនបូស្កូ

បងប្រុស អេង សារ៉ង៖ អ្វីដែលជួយឲ្យខ្ញុំមានកំលាំងឡើងវិញ និងមានភាពសប្បាយរីករាយនៅក្នុងការបន្តបេសកកម្មប្រកាសដំណឹងល្អពីព្រះយេស៊ូគ្រីស្ត គឺការអធិដ្ឋានជាប្រចាំថ្ងៃ ព្រោះវាមានអត្ថប្រយោជន៍ណាស់សម្រាប់រូបខ្ញុំផ្ទាល់ និងសម្រាប់គ្រីស្តបរិស័ទផ្សេងទៀត។ ការអធិដ្ឋានជួយឲ្យខ្ញុំបានទទួលអាហារបន្ថែមខាងផ្លូវវិញ្ញាណ ដើម្បីឲ្យរូបខ្ញុំផ្ទាល់មានកំលាំងបន្ថែមទៀតក្នុងការពុះពារគ្រប់ឧបសគ្គ ដោយរលូនជានិច្ច។

ព្រះជាម្ចាស់តែងតែគង់នៅជាមួយខ្ញុំជានិច្ច ហើយខ្ញុំបានជួបព្រះអង្គផ្ទាល់តាមរយៈការអធិដ្ឋាននេះឯង។ ទោះបីខ្ញុំស្ថិតក្នុងពេលលំបាក ឬស្ថិតក្នុងពេលសប្បាយរីករាយក៏ដោយ។ មួយវិញទៀតតាមរយៈការអធិដ្ឋាននេះ ធ្វើឲ្យខ្ញុំកាន់តែមានភាពជិតស្និតជាងមុនមួយកំរិតទៀតជាមួយព្រះជាម្ចាស់។ ជាក់ស្តែង អ្វីដែលជាការអស្ចារ្យក្នុងនាមជាគ្រីស្តបរិស័ទ សម្រាប់ខ្ញុំផ្ទាល់៖ ពេលដែលខ្ញុំជួបបញ្ហា ការបាក់ទឹកចិត្ត ឬក៏ការលំបាកផ្សេងៗ ក្នុងពេលកំពុងបំពេញបេសកកម្មប្រកាសដំណឹងល្អពីព្រះយេស៊ូជាដើម ខ្ញុំបានថ្វាយរាល់កិច្ចការ និងបញ្ហាទាំងនោះទៅព្រះអង្គ ហើយអ្វីដែលទទួលបានមកវិញគឺដំណើរឆ្ពោះទៅមុខរួមជាមួយជំនឿ និងក្តីសង្ឈឹមនៅក្នុងចិត្ត និងផ្លូវវិញ្ញាណតាមរយៈការអធិដ្ឋាននេះតែម្តង។

បងប្អូនជាទីស្រឡាញ់! សូមព្យាយាមអធិដ្ឋានឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន មួយវិញទៀតត្រូវខិតខំអានពីជីវិតសន្តបុគ្គលណាម្នាក់ដែលយើងពេញចិត្ត ហើយព្យាយាមរស់នៅឲ្យបានស្របទៅតាមសន្តបុគ្គលនោះ ដើម្បីឲ្យយើងបានជីវិតមួយដែលសម្រេចបានគោលដៅច្បាស់លាស់ទៅតាមជំនឿរបស់យើង។ ម្យ៉ាងវិញទៀតប្រសិនយើងជាគ្រីស្តបរិស័ទ បានស្គាល់ពីជីវិតរបស់ពួកគាត់ ក៏ដូចជាស្គាល់ពីរបៀបរស់នៅតាមជំនឿដោយល្អប្រសើរហើយនោះ នេះគឺជាកំលាំងមួយដែលជួយឲ្យជីវិតរបស់យើងបានប្រសើរ ដោយខិតខំដើរតាមផ្លូវរបស់សន្តបុគ្គល់រូបនោះ។

ជាការពិតជីវិតរបស់យើងម្នាក់ៗក៏កាន់តែប្រសើរឡើងផងដែរ ដោយសារតែយើងបានយកគំរូតាមសន្តបុគ្គលដែលជោគជ័យក្នុងជំនឿ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail