ប្រធានបទ៖​ តើព្រះយេស៊ូគង់នៅជាមួយយើងជាគ្រីស្តបរិស័ទយ៉ាងដូចម្តេច?

បកស្រាយដោយ៖ លោកសិលា សួន ហង្សលី (អភិបាលឧបត្ថម្ភកៈភូមិភាគភ្នំពេញ)

អភិ.សួន ហង្សលី៖ យើងម្នាក់តែងមានចម្ងល់ថា ព្រះយេស៊ូបានមានព្រះជន្មរស់ឡើងវិញហើយគង់នៅជាមួយយើងគ្រប់គ្នា តើទ្រង់គង់នៅជាមួយយើងដោយរបៀបណា?​ ឬយ៉ាងដូចម្តេច? នេះគឺជាសំណួរមួយដែលចោទឡើង ហើយគ្រីស្តបរិស័ទម្នាក់ៗត្រូវតែដឹងថាព្រះអង្គមានព្រះរស់ឡើងវិញពិតមែន។ តាមបទពិសោធន៍ជាក់ស្តែង ព្រះយេស៊ូគង់នៅជាមួយយើងគឺតាមរយ: «ជំនឿ» ជំនឿរបស់យើងលើព្រះយេស៊ូគ្រីស្ត ជំនឿរបស់យើងលើព្រះជាម្ចាស់គឺមាន ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ជំនឿនេះគឺជាកំលាំងមួយដែលជួយឲ្យគ្រីស្តបរិស័ទយើងមានជីវិត។

សេចក្តីនេះមានន័យថា ឲ្យយើងមានពេលវេលាដើម្បីបំពេញកិច្ចការផ្សេងៗដែលគាប់ព្រះហឫទ័យរបស់ព្រះអង្គ ហើយជំនឿនេះគឺជាកំលាំងមួយដែលនាំឲ្យគ្រីស្តបរិស័ទយើងមានសេចក្តីសង្ឃឹម ដើម្បីពុះពារ ឬឆ្លងឧបសគ្គដែលយើងគ្រប់គ្នាបានជួបប្រចាំជីវិត។ ត្រង់ចំនុចនេះពិតជាមានសារៈសំខាន់ពិតមែន ព្រោះថាជំនឿ បញ្ជាក់ថាព្រះអង្គពិតជាមានព្រះវត្តមានគង់នៅជាមួយយើងគ្រប់គ្នា។ ហើយព្រះវិញ្ញាណដ៏វិសុទ្ធបានគង់នៅជាមួយយើង ដែលព្រះវិញ្ញាណនេះជួយណែនាំបំភ្លឺជីវិតរបស់យើងឲ្យបានស្គាល់ពីសេចក្តីល្អអាក្រក់ និងជំរុញឲ្យយើងបន្តធ្វើដំណើរទៅមុខនៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ។

ព្រះវិញ្ញាណដ៏វិសុទ្ធនេះផងដែរ ក៏បានណែនាំឲ្យយើងបានស្គាល់អំពីសេចក្តីទាំងឡាយដែលព្រះយេស៊ូបានបង្រៀន នឹងជួយការពារយើងឲ្យបានចាកផុតពីសេចក្តីអាក្រក់ផងដែរ។ ព្រះជាម្ចាស់យេស៊ូគ្រីស្តគង់នៅជាមួយយើងតាមរយៈ សកម្មភាពនៃសេចក្តីស្រឡាញ់ និងមេត្តករុណាដែលផ្សារភ្ជាប់ជាមួយការបម្រើរបស់យើងម្នាក់ៗ។ អាមែន

ដោយ ឆាក​ លាំង

Daily Program

Livesteam thumbnail