ប្រធានបទ៖តើការអធិដ្ឋានបានជួយអ្វីខ្លះដល់ជីវិតរបស់យើងម្នាក់ៗ?
សក្ខីភាពដោយ៖ កញ្ញាម៉ៅ សាវ៉េត (គ្រីស្តបរិស័ទព្រះសហគមន៍កំពង់គោ ខេត្តកំពង់ធំ ភូមិភាគបាត់ដំបង)
កញ្ញាម៉ៅ សាវ៉េត៖ ជាការពិតណាស់ការអធិដ្ឋានពិតជាបានជួយដល់ជីវិតយើងម្នាក់ៗច្រើនណាស់មិនថាពេលមានអំណរសប្បាយ ជាពិសេសពេលដែលយើងកំពុងតែមានទុក្ខព្រួយ។ ជាក់ស្តែងជីវិតមនុស្សម្នាក់ៗតែងតែជួបទុក្ខលំបាករៀងៗខ្លួន គ្រាន់ថាអ្នកខ្លះបានជួបតិចឬ ច្រើនតែប៉ុណ្ណោះ។ រឿងទាំងអស់នេះនៅលាយឡំជាមួយគ្នាក្នុងជីវិតប្រចាំថ្ងៃរបស់យើងគ្រប់គ្នា ហើយការអធិដ្ឋានជាផ្នែកមួយខាងផ្លូវវិញ្ញាណដែលជួយយើងឲ្យរស់នៅបានស្ងប់ និងពោរពេញដោយសេចក្តីសង្ឃឹម ទោះជាស្ថិតក្នុងការលំបាក ឬក៏កំពុងក្នុងអំណរសប្បាយ។
ពេលណាយើងចំណាយពេលអង្គុយអធិដ្ឋានដើម្បីជួបព្រះភ័ក្ព្រព្រះជាម្ចាស់ផ្ទាល់ ព្រះអង្គបានបំភ្លឺផ្លូវយើងឲ្យភ្ញាក់ខ្លួនឡើងវិញ កុំឲ្យក្តីទុក្ខតាមយាយីយើងទៀត ទ្រង់ចង់ឲ្យយើងបោះចោលក្តីទុក្ខ ឬក៏ផ្ញើក្តីទុក្ខព្រួយទាំងនោះទៅលើព្រះអង្គផ្ទាល់វិញ ហើយយើងនិងបានប្រឡប់មកវិញនៅភាពរីករាយ អំណរសប្បាយ និងមានផ្លូវចិត្តរឹងមាំ ដើម្បីបន្តដំណើរមុខទៀតរួមជាមួយបងប្អូន ជាពិសេសគឺវត្តមានរបស់ព្រះជាម្ចាស់ផ្ទាល់ក្នុងគ្រប់សកម្មភាពរបស់យើងម្នាក់នេះឯង។
ការអធិដ្ឋានគឺជាទំនាក់ទំនងមួយដែលយើងម្នាក់ៗត្រូវតែធ្វើជាប្រចាំ ដោយយើងជឿទុកចិត្តថាជាការផ្សារភ្ជាប់និងព្រះជាម្ចាស់! ពិតជាជួយយើងបានច្រើនក្នុងជីវិតលោកីយ៍នេះ។ មួយវិញទៀតការអធិដ្ឋានបានជួយឲ្យយើងមានជំនឿទុកចិត្តខ្លាំង ថានិងទទួលបានសេចក្តីសុខសាន្ត មិនថាពេលបំពេញការងារ ពេលធ្វើដំណើរ គឺតែងទទួលបានជោគជ័យជានិច្ច។
សម្រាប់ខ្ញុំក្រោយពេលអធិដ្ឋានបានធ្វើឲ្យខ្ញុំបានចិត្តស្ងប់ មិនភ័យខ្លាច ឲ្យខ្ញុំបានទឹកចិត្តទូលាយជួយដល់បងប្អូនដែលជួបទុក្ខលំបាក និងអស់សង្ឃឹម ឲ្យផ្លាស់ប្រែរបៀបរស់នៅ ហើយមានអំណរសប្បាយ រួមជាមួយក្តីសង្ឃឹមថ្មីនៅក្នុងជីវិត ដែលហូរចេញមកពីព្រះជាម្ចាស់។ ពិតមែនយើងមិនអាចដឹងថាពួកគាត់បានទទួលការសង្គ្រោះនេះដោយផ្ទាល់ភ្នែកមែន តែយើងជឿថាការសង្គ្រោះនេះបានកើតជារូបរាងពិតមែនសម្រាប់បងប្អូនទាំងនោះ។
ជាក់ស្តែងយើងជាគ្រីស្តបរិស័ទ យើងតែផ្ញើរឿងជាច្រើនទៅព្រះជាម្ចាស់ទាំងរឿងល្អ និងមិនល្អគ្រប់បែបយ៉ាង។ តាមរយៈការអធិដ្ឋាននេះ ជាម្ចាស់និងឆ្លើយតបយ៉ាងពិតប្រាកដនៅថ្ងៃណាមួយមកយើងផ្ទាល់ ឬក៏អស់អ្នកដែលបានខិតខំអធិដ្ឋានទូលអង្វព្រះអង្គ។ អាមែន
ដោយ ឆាក លាំង