ប្រធានបទ៖ជាគ្រីស្តបរិស័ទត្រូវតែផ្ញើជីវិតលើព្រះជាម្ចាស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ!
ផ្តល់សក្ខីភាពដោយ៖ កញ្ញា ជា សុវណ្ណច័ន្ទបុប្ផា គ្រីស្តបរិស័ទព្រះសហគមន៍ផ្សាតូច នាភូមិភាគភ្នំពេញ
គ្រីស្ត. កញ្ញា សុវណ្ណច័ន្ទបុប្ផា៖ យើងបានដឹងថាក្នុងសម័យដ៏ខ្មៅងងឹតពុលពត មានលោកអភិបាល លោកបូជាចារ្យ បងប្រុស បងស្រី និងគ្រីស្តបរិស័ទមួយចំនួនធំបានស្លាប់បាត់បង់ជិវិតដោយសារតែការពារជំនឿរបស់ខ្លួន។ តាមរយៈការលះបង់របស់ពួកគាត់ បានជំរុញឲ្យខ្ញុំមានកំលាំងចិត្តក្នុងការជំនះរាល់ឧបសគ្គផ្សេងៗដែលបានកើឡើងចំពោះខ្ញុំផ្ទាល់។ ពេលណាដែលខ្ញុំបាក់ទឹកចិត្តខ្លាំង ក៏មិនឃើញវត្តមានព្រះជាម្ចាស់ដែរ ដោយសារជំនឿយើងជាគ្រីស្តបរិស័ទម្នាក់ៗមានតែផ្ញើជីវិតទៅលើព្រះជាម្ចាស់ ទោះជាឧបសគ្គយ៉ាងណាក៏ដោយ យើងមានកំលាំងផ្សេងមួយទៀតជួយជម្រុញពីក្រោយ ហើយជឿលើព្រះជាម្ចាស់ជានិច្ច។
មនុស្សម្នាក់ៗតែងតែជួបការលំបាករៀងៗខ្លួន តែយើងត្រូវរំលឹកខ្លួនឯងថាព្រះជាម្ចាស់គង់នៅជាមួយយើងជានិច្ច ហេតុដូច្នេះយើងត្រូវមានកំលាំងចិត្តទៅមុខជាមួយបងប្អូន ជាមួយព្រះជាម្ចាស់ និងចែករំលែកអ្វីដែលយើងមានតាមលទ្ធភាពទៅបងប្អូនដែលជួបការលំបាកក្នុងជីវិត។ មួយវិញទៀតយើងត្រូវតែព្យាយាមអធិដ្ឋានសម្រាប់បងប្អូន សម្រាប់ខ្លួនឯង ទោះពេលខ្លះយើងអធិដ្ឋានទូលអង្វរនូវរឿងអ្វីមួយពីព្រះជាម្ចាស់ គឺទ្រង់ឆ្លើយយឺតក៏ដោយ។
សម្រាប់ខ្ញុំផ្ទាល់ខ្លួន រាល់ការទូលសុំរបស់យើងម្នាក់ៗ ទ្រង់ឆ្លើយតបតាមគម្រោងការ មានតែព្រះជាម្ចាស់មួយអង្គគត់ដែលដឹង ហេតុនេះមានតែការព្យាយាមអធិដ្ឋាន ព្រោះថាជិវិតជាគ្រីស្តបរិស័ទ ការអធិដ្ឋានពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលអភិបូជា។ បងប្អូនគ្រីស្តបរិស័ទត្រូវចំណាយពេលចូលរួមអភិបូជាថៃ្ងអាទិត្យដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ជាឱកាសដែលយើងម្នាក់ៗអាចថ្វាយនូវទុក្ខលំបាកទៅព្រះជាម្ចាស់ទាំងអស់ នៅពេលដែលយើងអធិដ្ឋាន ឬក៏ក្នុងកម្មវិធីអភិបូជាហ្នឹងអែង។ អាមែន
ដោយ ឆាក លាំង