ប្រធានបទ៖ព្រះបន្ទូលព្រះជាម្ចាស់បានលាន់ឮតាមរយៈព្រះបន្ទូលដែលមានក្នុងព្រះគម្ពីរសម្រាប់ជីវិតយើងម្នាក់ៗ!
បកស្រាយដោយ៖ លោក កាន់ ប៊ុយ (អ្នកសម្របសម្រួលការិយាល័យអប់រំជំនឿសន្តអ៊ីរ៉ាណេ)
លោក កាន់ ប៊ុយ៖ អត្ថន័យនៃអត្ថបទព្រះគម្ពីរ គឺព្រះបន្ទូលលាន់ឮឡើងក្នុងជីវិតរបស់យើងម្នាក់ៗតាមរយៈអត្តបទដែលយើងបានអាន រិះគិតរកអត្ថន័យដែលមានសារៈសំខាន់ក្នុងជីវិតរបស់យើង ហើយបានផ្សារភ្ជាប់គ្រប់ស្ថានការណ៍ គ្រប់កាលៈទេសៈ គ្រប់ដំណើរជីវិតរបស់យើង គឺសុទ្ធតែបានផ្សារភ្ជាប់ជាមួយព្រះបន្ទូលដែលផ្តល់កំលាំង លើកទឹកចិត្ត ជាពិសេសបានបង្ហាញឲ្យយើងឃើញថាក្នុងដំណើរទាំងនេះ ព្រះជាម្ចាស់ថែរក្សា ណែនាំបំភ្លឺយើងគ្រប់គ្នា។
ជាក់ស្តែងយើងមិនរស់តែពឹងលើកំលាំងខ្លួនឯង ប៉ុន្តែមានព្រះជាម្ចាស់ដែលជួយណែនាំ ជួយបំភ្លឺ ថែរក្សាការពារលើកទឹកចិត្តគ្រប់ពេលដែលយើងបានជួបបញ្ហា ទ្រង់ជួយបង្ហាញផ្លូវ ឬក៏បំភ្លឺយើងទៅតាមគម្រោងការណ៍របស់ទ្រង់ដែលហួសពីសេចក្តីដែលយើងរំពឹងទុក។ វាមានលក្ខណៈពិសេសមែនទែនសម្រាប់ព្រះគម្ពីរដែលនាំឲ្យយើងឮសម្លេងលាន់ឮដែលកើតចេញមកពីព្រះគម្ពីរជាសូសៀងរបស់ព្រះជាម្ចាស់ក្នុងជីវិតរបស់យើងម្នាក់ៗ។
គ្រប់សកម្មភាព នៅពេលដែលយើងបានស្វែងយល់អត្ថន័យនៃព្រះគម្ពីរកាន់តែជ្រៅ នោះយើងឃើញថាអត្ថន័យនៃព្រះគម្ពីរនាំឲ្យយើងផ្តោតទៅលើទំនាក់ទំនងបុគ្គលម្នាក់ជាមួយព្រះយេស៊ូ ហើយបានផ្លាស់ប្រែជីវិតថ្មីដោយរួមដំណើរជាមួយព្រះអង្គ រស់នៅតាមគំរូថ្មី តាមរបៀបរបស់ព្រះយេស៊ូគ្រីស្តដែលជាព្រះសង្គ្រោះនៃយើងមនុស្សលោកគ្រប់គ្នា។ ជាថ្មីម្តងទៀត ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនចូលរួមអានព្រះគម្ពីរ ទោះបីយល់ឬមិនយល់ សូមព្យាយាមដឹង ឬក៏ទទួលព័ត៌មាន ពីសេចក្តីដែលមាននៅក្នុងព្រះគម្ពីរ ដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
បើមានឱកាសអាចចូលរួមសក្ខាសិលា ឬក៏ចូលរួមអាន ការចែករំលែកបទពិសោធន៍ និងចូលរួមស្តាប់ ហើយចែកបទពិសោធន៍រវាងគ្នានិងគ្នា នៅក្នុងក្រុម មិនថានៅក្នុងព្រះសហគមន៍ ឬឱកាសណាក៏បានដើម្បីលើកទឹកចិត្ត ដើម្បីជួយបំភ្លឺខ្លួនឯងផង និងបងប្អូនដ៏ទៃផង។ ព្រោះកាអានព្រះបន្ទូលប្រចាំថ្ងៃក្នុងជីវិតរបស់យើង ព្រះបន្ទូលនឹងជួយបំភ្លឺ លើកទឹកចិត្ត ផ្តល់កំលាំង ដើម្បីឲ្យយើងអាចបន្តដំណើរទៅមុខប្រកបដោយសេចក្តីសុខសាន្ត និងជាពិសេសមានទំនុកចិត្តលើ និងជួយពង្រឹងជំនឿរបស់យើងឲ្យរឹងមាំផងដែរ។ អាមែន
ដោយ ឆាក លាំង