ធម្មទេសនារបស់លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម ក្នុងអភិបូជា ថ្ងៃអាទិត្យទី៣ នៃរដូវអប់រំពិសេស ឆ្នាំ ខ និងពិធីប្រទានពរលើមណ្ឌលសិស្ស នៅព្រះសហគមន៍កាតូលិក ចំលាក់

លោកឪពុក បងស្រី និង បងប្អូនជាទីស្រឡាញ់ !

ដូចខ្ញុំបានចាប់ផ្ដើមអភិបូជា គឺថ្ងៃនេះ ព្រះយេស៊ូយាងទៅក្រុងយេរូសាឡឹម ព្រះអង្គជម្រះព្រះវិហារក្រុងយេរូសាឡឹម។ ហើយនៅក្នុងព្រះគម្ពីរដំណឹងល្អនេះ អ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់យើងឲ្យចាប់អារម្មណ៍គឺ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «កុំយកដំណាក់របស់ព្រះបិតាខ្ញុំ ធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ នៅពេលដែលព្រះយេស៊ូយាងទៅក្រុងយេរូសាឡឹម ព្រះអង្គទតឃើញថា គេប្រើព្រះវិហារដូចជាទីផ្សារ។ ព្រះអង្គបានដេញអ្វីៗចេញ ធ្វើឲ្យគេទាំងអស់គ្នាខឹង។ ព្រះអង្គមានព្រះបន្ទូលថា សូមកុំយកព្រះដំណាក់របស់ព្រះបិតាខ្ញុំ ធ្វើជាកន្លែងលក់ដូរ ពីព្រោះ

បើយើងនិយាយអីពីកន្លែងលក់ដូរនៅទីផ្សារ យើងដឹងថាមានគេលក់ដូរដើម្បីចំណេញប្រាក់ ប៉ុន្តែក៏មានចោរលួចដែរ  ហេតុនេះ ព្រះយេស៊ូបង្ហាញថា គេប្រើព្រះវិហារជាកន្លែង​មិនសមរម្យ។

 

អ្វីដែលខ្ញុំចង់ឲ្យយើងចាប់អារម្មណ៍គឺ ទីមួយ ព្រះយេស៊ូបង្ហាញអំពីព្រះអង្គស្រឡាញ់ព្រះដំណាក់របស់ព្រះបិតា ក្នុងអត្ថបទនេះបានបញ្ជាក់៖ «មកពីទូងបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូល​បង្គំ»។ ព្រះយេស៊ូស្រឡាញ់ព្រះដំណាក់ ព្រះអង្គយាងមកក្នុងលោកនេះចង់បង្ហាញ អំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គដើម្បីរស់នៅតាមវិន័យរបស់ព្រះជាម្ចាស់ជាព្រះបិតា។ ក្នុងអត្ថបទទីមួយដែលយើងបានស្ដាប់ គម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព ព្រះជាម្ចាស់មានព្រះបន្ទូលអំពីវិន័យផ្សេងៗ នៅក្នុងព្រះបន្ទូលនេះ ព្រះអង្គសន្យាថា ប្រសិនបើគេគោរពស្រឡាញ់ព្រះអង្គ ហើយធ្វើតាមវិន័យរបស់ព្រះអង្គ ព្រះអង្គនឹងមានព្រះហឫទ័យមេត្តាករុណាដល់គេរាប់ពាន់ដំណរ ប៉ុន្តែ ប្រសិនបើគេ មិនប្រណិប័តន៍តាមទេ ព្រះអង្គនឹងដាក់ទោសគេដែរ។ ដូច្នេះ ព្រះយេស៊ូបានបង្ហាញអំពីរបៀបដែលត្រូវស្រឡាញ់ព្រះជាម្ចាស់ របៀបដែលត្រូវគោរពធម្មវិន័យរបស់ព្រះអង្គ។ ហេតុនេះហើយ បានជានៅក្នុងគម្ពីរដំណឹងល្អ ព្រះយេស៊ូបានយាងចូលក្រុងយេរូសាឡឹម ព្រះអង្គទតឃើញថា  គេបានប្រើព្រះវិហារមិនគាប់ព្រះហឫទ័យរបស់ជាម្ចាស់ ហាក់ដូចជាភ្លេចសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ជាព្រះបិតា ហើយគេហាក់បីដូចជាអត់បានគោរពវិន័យរបស់ព្រះអង្គ។ ព្រះយេស៊ូបង្ហាញថា ព្រះអង្គស្រឡាញ់ព្រះជាម្ចាស់ជាព្រះបិតា ព្រះអង្គបានយកចិត្តទុកដាក់ធ្វើតាមវិន័យរបស់ព្រះអង្គ ស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គរហូតដល់បូជាជីវិតនៅលើឈើឆ្កាង គឺបង្ហាញសេចក្ដីស្រឡាញ់រហូតដល់ទីបំផុតដើម្បីសង្គ្រោះមនុស្សលោក។

 

ចំនុចទីពីរ នៅឃ្លាដដែលនេះ នាំឲ្យយើង រិះគិត អំពីព្រះដំណាក់របស់ព្រះជាម្ចាស់ ឬព្រះវិហាររបស់ព្រះជាម្ចាស់។  ព្រះយេស៊ូបង្ហាញថាព្រះវិហារដ៏ពិតប្រាកដ  គឺជាព្រះយេស៊ូផ្ទាល់ បានជានៅក្នុងអត្ថបទគម្ពីរដំណឹងល្អនេះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ចូររុះព្រះវិហារនេះចេញ ហើយខ្ញុំនឹងសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»។ យើងដឹងហើយថា ព្រះយេស៊ូសោយទិវង្គត ប៉ុន្តែ បីថ្ងៃក្រោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ។  អ៊ីចឹងព្រះយេស៊ូជាព្រះវិហារដ៏ពិតប្រាកដ រូបកាយរបស់ព្រះអង្គជាព្រះវិហារ។ យើងទាំងអស់គ្នាជាគ្រីស្តបរិស័ទ ជាព្រះសហគមន៍ ក៏ជារូបកាយរបស់ព្រះយេស៊ូដែរ។ យើងធ្លាប់ឮសន្តប៉ូលពន្យល់យើងគឺ ព្រះយេស៊ូជាព្រះសិរិសា រីឯព្រះសហគមន៍គឺជាព្រះកាយរបស់ព្រះគ្រីស្ត ជាព្រះវិហាររបស់ព្រះជាម្ចាស់នៅក្នុងលោកនេះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ ក្នុងព្រះបន្ទូលនេះ នៅចំណុចទីពីរ ណែនាំឲ្យយើងរិះគិតពិចារណា អំពីជីវិតរបស់យើងម្នាក់ៗ តើក្នុងព្រះវិហារដែលជារូបកាយរបស់យើងទាំងអស់គ្នានេះ មានទីផ្សារខ្លះៗឬទេ?  មានការលក់ដូរនៅក្នុងខ្លួនរបស់យើងទេ? មានសេចក្ដីអាក្រក់នៅក្នុងខ្លួនរបស់យើងទេ? ដូច្នេះ ព្រះបន្ទូលនេះ ជួយយើងរិះគិតពិចារណាដែរ អំពីជីវិតរបស់យើង និងខ្លួនរបស់យើងម្នាក់ៗ។ នៅថ្ងៃនេះ យើងនឹង​ធ្វើពិធីប្រទានពរនៅលើអគារថ្មីរបស់យើង ដែលយើងប្រើដើម្បីស្នាក់នៅផង ដើម្បីទទួលការអប់រំ រៀនសូត្រផង។ យើងមានកន្លែងទទួលទានអាហារ យើងប្រទានពរសម្រាប់ទីកន្លែងនោះ។ ក៏ប៉ុន្តែសំខាន់ជាងគេគឺជីវិតរបស់យើងដែលស្នាក់នៅទីនោះ តើជីវិតរបស់យើងធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យទៅជាជីវិតដែលមានសេចក្ដីល្អនៅក្នុងខ្លួន?

​​​​

នៅថ្ងៃអាទិត្យទី៣ ក្នុងរដូវសែសិបថ្ងៃនេះ យើងដឹងថា មានបងប្អូនត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក គេធ្វើពិធីជម្រះចិត្តគំនិតលើកទីមួយ ហើយយើងក៏សូមព្រះជាម្ចាស់ជម្រះចិត្តគំនិតរបស់យើងដែរ។ បងប្អូនសាករិះគិតពិចារណាបន្តិចមើល តើក្នុងខ្លួនរបស់យើងមានសេចក្ដីអាក្រក់ទេ? តើយើងធ្លាប់ប្រើរូបកាយរបស់យើង ទៅប្រព្រឹត្តអំពើផ្សេងៗមិនគាំទ្រទេព្រះអង្គ? ធ្លាប់មានគំនិតអាក្រក់? ធ្លាប់មានទំនាស់ជាមួយបងប្អូនយើង? ធ្លាប់ឈ្លោះគ្នា? ធ្លាប់លួចសម្ភាររបស់អ្នកដទៃ?  ចឹងថ្ងៃនេះ យើងអាចរិះគិតពីជីវិតរបស់យើង តើជីវិររបស់យើងមានសេចក្តីអាក្រក់ទេ?  បើមានសូមកុំភ្លេចសុំព្រះសុយេស៊ូសូមព្រះអង្គយាងមកជួយជម្រះចិត្តគំនិតរបស់យើង ដើម្បីយើងទាំងអស់គ្នាបានស្អាត។

 

ចំណុចទីបីដែលខ្ញុំចង់ចែករំលែកដល់យើងទាំងអស់គ្នានៅថ្ងៃនេះ គឺពេលណាយើងនិយាយអំពីព្រះដំណាក់របស់ព្រះជាម្ចាស់ ជាព្រះសហគមន៍ ដែលជាព្រះកាយព្រះគ្រីស្ត ណែនាំឲ្យគិតដល់ព្រះអង្គយេស៊ូបានបូជាព្រះជន្មនៅលើឈើឆ្កាង។ បើគិតតាមមនុស្សទូទៅ យើងឃើញថាព្រះយេស៊ូបរាជ័យ ព្រោះព្រះអង្គត្រូវគេប្រហារជីវិតនៅលើឈើឆ្កាង ត្រូវគេសម្លាប់។ ប៉ុន្តែ តាមសន្តប៉ូលដែលយើងស្ដាប់នៅថ្ងៃនេះ ក្នុងអត្ថបទទី២ សន្តប៉ូលបាននិយាយថា យើងបានប្រកាសអំពី  ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ព្រះគ្រីស្តនេះគឺជា ប្រាជ្ញាដែលមកពីព្រះជាម្ចាស់។ ហើយគាត់ថា សម្រាប់សាសន៍ក្រិក ឬសាសន៍ដទាំ នេះជារឿងលេលា  ប៉ុន្តែ ជនជាតិយូដាវិញគេថា រឿងនេះជារឿងដែលមិនគួរឲ្យជឿបានទេ។ ដូចនៅប្រទេសកម្ពុជា មនុស្សជាច្រើនក៏យល់ថា បើព្រះយេស៊ូជាព្រះមែនហេតុអ្វីត្រូវស្លាប់ នេះជារឿងបរាជ័យ ក៏ប៉ុន្តែ ក្នុងអត្ថបទនេះសន្តប៉ូលបានថា នេះជាប្រាជ្ញាដ៏ខ្ពង់ខ្ពស់ជាងគេដែលមកពីព្រះជាម្ចាស់។ ហេតុអ្វី? ពីព្រោះប្រសិនបើយើងនិយាយអំពីសេចក្ដីស្រឡាញ់វិញ ប្រសិនបើយើងស្រឡាញ់មនុស្សម្នាក់ រហូតដល់បូជាជីវិតសម្រាប់អ្នកដែលខ្លួនស្រឡាញ់ នោះបញ្ជាក់ថា គាត់មានសេក្តីស្រឡាញ់ដ៏ពិតប្រាដក គឺគាត់ហ៊ានបូជាជីវិតដើម្បីសង្គ្រោះម្នាក់ដែលគាត់ស្រឡាញ់។ ប៉ុន្តែ ប្រសិនបើគាត់មិនហ៊ានបូជាជីវិតដើម្បីអ្នកដែលខ្លួនស្រឡាញ់ទេ នោះមានន័យថា គាត់មិនមានសេចក្តីស្រឡាញ់ស្មោះទេ។ ព្រះយេស៊ូបានបូជាជីវិត ដើម្បីសង្គ្រោះមនុស្សលោក បង្ហាញសេចក្ដីស្រឡាញ់ដល់ទីបំផុត។

 

ម៉្យាងទៀត ប្រសិនបើស្ដេចមួយអង្គមានឫទ្ធានុភាពសព្វប្រការ ហើយមានគេមកវាយប្រហារ នោះទ្រង់នឹងប្រើអាវុធ អំណាច ដើម្បីយកឈ្នះស្ដេចមួយអង្គទៀតវិញ។ នេះជារឿងធម្មតាទេ បើគេធ្វើសង្គ្រាមប្រឆាំងនឹងនគរខ្ញុំ ខ្ញុំត្រូវប្រើអាវុធប្រើទាហានដើម្បីឈ្នះគេវិញ។ នេះជារបៀបគិតតាមលោកិយ គឺយើងប្រើអំណាចដើម្បីឈ្នះ។ ប្រសិនបើព្រះយេស៊ូប្រើអំណាចដើម្បីឈ្នះលោកីយ៍នេះដែលកំពុងកាត់ទោសព្រះអង្គ តើព្រះយេស៊ូខុសប្លែកពីមនុស្សទេ? គឺមិនខុសប្លែកអ្វីអំពីរបៀបលោកីយ៍នេះទេ ប៉ុន្តែព្រះយេស៊ូមិនប្រើរបៀបហ្នឹងទេ ទោះបីគេធ្វើបាបព្រះអង្គ ​ព្រះអង្គប្រើសេចក្ដីស្រឡាញ់ដើម្បីឈ្នះគេ សុខចិត្តបូជាជីវិតដើម្បីឈ្នះគេ នេះជារឿងមួយដែលអស្ចារ្យជាងគំនិតរបស់មនុស្សយើង។ ដូច្នេះ ព្រះយេស៊ូបូជាជីវិតលើឈើឆ្កាង មិនមែនជារឿងបរាជ័យទេ គឺជារឿងជ័យជម្នះ លើសជ័យជម្នះដែលមនុស្សយើងគិតទៅទៀត។

ថ្ងៃនេះយើងសូមអរព្រះគុណព្រះជាម្ចាស់ ដែលបានណែនាំឲ្យយើងជួបជុំគ្នា ឲ្យយើងស្គាល់ព្រះយេស៊ូ ទោះបីយើងមិនទាន់ជឿលើព្រះអង្គ ដ្បិតមានបងប្អូនខ្លះមិនទាន់ស្គាល់ព្រះអង្គ មិនទាន់បានជឿលើព្រះអង្គ ក៏ប៉ុន្តែ យើងសង្ឃឹមថា ព្រះអង្គនឹងបំភ្លឺនិងណែនាំយើងទាំងអស់គ្នា ឲ្យបានស្គាល់អំពីអត្ថន័យនៃការសង្គ្រោះរបស់ព្រះអង្គ និងសូមព្រះអង្គជួយណែនាំយើងទាំងអស់គ្នា ដែលជាព្រះវិហារ និងព្រះដំណាក់របស់ព្រះអង្គក្នុងលោកនេះ សូមជួយជម្រេះយើង នៅក្នុងរដូវសែសិបថ្ងៃនេះ ដើម្បីយើងក្លាយទៅជាព្រះដំណាក់ដែលអាចទទួលព្រះអង្គយ៉ាងសមរម្យ ហើយដើម្បីយើងទាំងអស់គ្នាអាចទទួលការសង្គ្រោះពីព្រះអង្គបាន។ អាម៉ែន៕

 

 

 

ព្រះសហគមន៍កាតូលិក ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ចំលាក់

 ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤

 

                                                                                           សិលា សួន ហង្សលី                

                                                                      អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម

Daily Program

Livesteam thumbnail