ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ លូកា (៦,១២ - ១៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
ថ្ងៃនេះព្រះបន្ទូលលោកលូកាជំពូកទី(៦,១២-១៨) បានជំរុញទឹកចិត្តឲ្យបងប្អូនជាសាវករបស់ព្រះអង្គដើរតាមព្រះអង្គអំពីការជ្រើសរើសសិស្សថ្មី ដែលហៅថាក្រុមគ្រីស្តទូតដែលមាន១២នាក់។ សាវករបស់ព្រះយេស៊ូមានច្រើន ក៏ដូចជាអ្នកដើរតាមព្រះអង្គមានច្រើន ប៉ុន្តែព្រះយេស៊ូបានជ្រើសរើសតែ១២នាក់ជាទូតរបស់ព្រះអង្គដែលយើងហៅថា “ក្រុមគ្រីស្តទូត” ឬមានពាក្យមួយដែលយើងអាចហៅបានដែលគឺ “អគ្គសាវក”។ មានន័យថាអ្នកដែលត្រូវព្រះអម្ចាស់យេស៊ូគ្រីស្តជ្រើសរើស និងមានតួនាទីជួបជាមួយព្រះអង្គ។
ក្រោយពេលព្រះយេស៊ូឡើងទៅស្ថានបរមសុខក្រុមគ្រីស្តទូតទាំង១២នេះ ត្រូវចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង! លើកលែងតែម្នាក់ដែលបងប្អូនដឹងហើយថាគាត់មិនបំពេញតួនាទី គឺយូដាសអ៊ីស្ការីយ៉ុត។ សម្រាប់ការងារនេះការជ្រើសរើសអ្នកបន្តវេនគឺជាកិច្ចការដ៏សំខាន់ ដ្បិតអ្នកនោះត្រូវបន្តព្រះសកម្មរបស់ព្រះអង្គក្នុងលោកនេះ។ ចំនុចទីមួយព្រះបន្ទូលថ្ងៃនេះ គឺព្រះអង្គអធិដ្ឋានជ្រើសរើសសិស្សវាមិនមែនជាការងារធម្មតា ព្រះអង្គអធិដ្ឋានទៅព្រះបិតាដើម្បីជួយបំភ្លឺព្រះអង្គឲ្យជ្រើសរើសសាវក១២នាក់ ធើ្វជាអគ្គសាវកឬហៅថាក្រុមគ្រីស្តទូត ឲ្យគាត់យល់ជ្រាបនូវព្រះសកម្មភាពដែលព្រះអង្គបានធ្វើដូចជា ការណែនាំ នឹងការបង្រៀនដើម្បីយកទៅចែកចាយ។
បាទ! បងប្អូនដឹងហើយ កិច្ចការណាសំខាន់ យើងត្រូវតែមានការអធិដ្ឋានឲ្យបានល្អ។ តើបងប្អូនមានបានអធិដ្ឋានមុនពេលបំពេញកិច្ចការសំខាន់ៗប្រចាំថ្ងៃឬទេ? ដូច្នេះសូមឲ្យបងប្អូនរក្សាការអធិដ្ឋាន ជាទំនាក់ទំនងជាមួយព្រះជាម្ចាស់គ្រប់សកម្មភាពក្នុងជីវិតរបស់យើង។ ពេលបងប្អូនទៅដល់ផ្ទះ អរគុណព្រះជាម្ចាស់ ប៉ុន្តែ! យើងអធិដ្ឋានសូមព្រះអង្គសម្រាប់ការបំពេញ មុនបំពេញការងាររបស់យើង នេះគឺជាចំណុចទីមួយជាចំណុចល្អសម្រាប់ព្រះបន្ទូលថ្ងៃនេះ។
ចំណុចទីពីរ យើងត្រូវតែរៀនពីជីវិតព្រះសហគមន៍ ក្រុមគ្រីស្តទូត១២នាក់ គឺក្រុមដែលជាព្រះសហគមន៍តូចមួយ។ ពួកគេមកពីកំណើតមូលដ្ឋានខុសៗគ្នា ការអប់រំខុសៗគ្នា ជីវិតមូលដ្ឋានរបស់គាត់ខុសៗគ្នា ខ្លះមានគំនិត ខ្លះចេះសរសេរ ខ្លះអត់ចេះសរសេរ ធ្វើតែការងារនេសាទ ខ្លះមានរបៀបជាតិនិយមខ្លះទៀត ទៅបម្រើពួករ៉ូមុំាងជាអ្នកទារពន្ធ។ យើងឃើញរបៀបដែលពួកគេរស់នៅពីដើមមក គឺពិបាករស់នៅជាមួយគ្នាណាស់! ក៏ប៉ុន្តែដោយសារព្រះយេស៊ូបង្ហាញធម៌មេត្តាករុណា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ បង្ហាត់ពន្យល់គេ ធ្វើយ៉ាងណាឲ្យចេះរួមរស់ជាមួយគ្នា ទោះបីគំនិតមិនស្របគ្នា មិនត្រូវគ្នាទាំងអស់ ដោយសារមូលដ្ឋានគ្រឹះនៃជីវិតខុសៗគ្នាក៏ដោយ ក៏អ្នកទាំងនោះឆ្លើយតបនៃការដើរតាមព្រះអង្គដោយស្មោះត្រង់។ លះបង់អ្វីដែលជាគំនិតចាស់របស់ខ្លួនយកជីវិតថ្មី គឺដើរតាមព្រះយេស៊ូ បង្រៀនអ្វីដែលព្រះអង្គបានធ្វើ អនុវត្តអ្វីដែលព្រះអង្គបានបង្រៀន។
ដូច្នេះសាវកទាំង១២នាក់ជាគំរូឲ្យយើងរស់នៅជាមួយសង្គមជាពិសេសក្នុងព្រះសហគមន៍ ក្នុងគ្រួសារ ទោះបីយើងមានភាពខុសគ្នាគំនិតមិនត្រូវគ្នា របៀបរស់នៅខុសគ្នាក៏ដោយ សូមឲ្យព្រះយេស៊ូជាចំណុចកណ្ដាល ជាមជ្ឈមណ្ឌលមួយដើម្បីប្រមូលរួបរូមយើងឲ្យធ្វើដំណើររួមជាមួយគ្នាបាន ជាពិសេសយើងបានឆ្លងកាត់នៃឆ្នាំសន្និបាត ឬហៅថាការរួមដំណើរជាមួយគ្នា (sodality)។
នេះជាគំនិតមួយដែលព្រះសហគមន៍យើងកំពុងអនុវត្ត! សូមបងប្អូនបន្តតាមគំរូរបស់ក្រុមគ្រីស្តទូតថ្ងៃនេះយើងឆ្លើយតបព្រះអង្គជាមួយគ្នា ទោះបីយើងមកពីស្ថានភាពខុសៗគ្នាក៏ដោយ។ សូមឲ្យព្រះបន្ទូលថ្ងៃនេះជួយបងប្អូនរស់នៅយ៉ាងត្រឹមត្រូវល្អជាគ្រីស្តបរិស័ទ។ សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូន៕