ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៤,១.៧-១៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

បងប្អូនជា VIP! VIP ប្រែថាជាអ្នកមានឋានៈ អ្នកធំៗ ប៉ុន្តែនៅទីនេះព្រះអង្គមានព្រះបន្ទូលថា បងប្អូនជា VIP។ VIP របស់ព្រះជាម្ចាស់ដែលនឹងមានកន្លែងពិសេសនៅឋានបរមសុខ។ យើងបានស្តាប់ព្រះបន្ទូល យើងងឿងឆ្ងល់ ហេតុអីបានជាព្រះអង្គរាប់យើងជាVIP? ព្រះអង្គគាប់ព្រះហឫទ័យឲ្យយើងមានកៅអីពិសេសចំពោះព្រះអង្គនៅស្ថានបរមសុខ។ ព្រះអង្គឲ្យយើងរួបរួមគ្នានៅពេលដែលព្រះអង្គធ្វើពិធីជប់លៀង កូនចៀមមានន័យថាជប់លៀងចុងក្រោយ ជប់លៀងអស់កល្បជានិច្ចនៅស្ថានបរមសុខ។
នៅពេលនោះព្រះអង្គរាប់យើងជាភ្ញៀវកិត្តិយសរបស់ទ្រង់ អស្ចារ្យឬអត់? ច្រើនដងច្រើនសារយើងទៅចូលរួមការគេ យើងមិនដឹងអង្គុយនៅណា អត់ហ៊ានព្រោះអត់សូវស្គាល់គេ អង្គុយក្រោយគេ។ ប៉ុន្តែ! ក្នុងអត្ថបទព្រះគម្ពីរប្រាប់យើងថា នៅពេលជួបជុំជប់លៀងយើង មិនចាំបាច់អង្គុយនៅក្រោយទេ នៅវិហារដូចគ្នាមិនចាំបាច់អង្គុយនៅក្រោយទេ សូមរាប់គ្នាជាបងប្អូនជា មិត្តភក្តិជិតស្និទ្ធ។ សូមបងប្អូនមកជិតខ្ញុំ ហើយអង្គុយរួមតុជាមួយខ្ញុំ។
ព្រះអង្គជាព្រះជាម្ចាស់ គាប់ព្រះហឫទ័យយាងមកក្នុងចំណោមយើងខ្ញុំ ហើយរាប់យើងជាភ្ញៀវកិត្តិយស របស់ព្រះអង្គ នៅពេលខ្ញុំថ្វាយអភិបូជាជារៀងរាល់ថ្ងៃអាទិត្យ ខ្ញុំសប្បាយណាស់។ ខ្ញុំឃើញក្មេងៗមកពីភូមិ ក្មេងៗក្រីក្រ ពេលខ្លះអាវរបស់គេអត់សូវស្អាត ប៉ុន្តែពួកគាត់ពាក់អាវស ដើម្បីបម្រើព្រះជាម្ចាស់ ហើយពួកគាត់មានកិត្តិយសជាអ្នកបម្រើរបស់ព្រះជាម្ចាស់រួមតុជាមួយព្រះអង្គ។ ពួកគាត់នៅជិតអាសនៈ នោះ ដូចVIPរបស់ព្រះជាម្ចាស់។ ពិតជាអស្ចារ្យមែនទែន! ចូរបងប្អូនដឹងពីតម្លៃរបស់ខ្លួន ចូរបងប្អូនដឹងថា បងប្អូនមានកិត្តិយសជាភ្ញៀវអស្ចារ្យ គឺក្លាយទៅជាអ្នករួមតុ រំលែកជាមួយព្រះជាម្ចាស់។ នៅពេលដែលយើងចែកនំប៉័ង “ព្រះកាយ” យើងទទួលព្រះ កាយរបស់ព្រះគ្រីស្តផ្ទាល់ ដើម្បីក្លាយទៅជាភ្ញៀវកិត្តិយសរបស់ព្រះអង្គ។
នេះជារបៀបដែលព្រះអង្គជួយរៀបចំដួងចិត្តរបស់យើង សម្រាប់ជីវិតអស់កល្បជានិច្ចនៅឋានសួគ៌។ ជីវិតនេះអស្ចារ្យមែនទែន ខុសឆ្ងាយពីអ្វីដែលយើងកំពុងរស់នៅ នៅផែនដីនេះ។ នៅលើផែនដីនេះ នៅពេលដែលយើងចូលរួមថ្វាយបង្គំដល់ព្រះជាម្ចាស់ យើងយល់កាន់តែច្បាស់ពីជីវិតអស់កល្បជានិច្ចដែលព្រះអង្គរៀបចំឲ្យយើង ជាពិសេសនៅពេលដែលយើងទទួលព្រះអង្គដោយសេចក្តីស្រឡាញ់ ក្នុងព្រះកាយព្រះលោហិតព្រះគ្រីស្ត។
សូមបងប្អូនត្រៀមខ្លួនពាក់អាវស្អាតៗទៅវិហារចូលរួមអភិបូជា ដើម្បីថ្វាយបង្គំដល់ព្រះជាម្ចាស់ហើយក្លាយទៅជាភ្ញៀវកិត្តិយស VIP របស់ព្រះជាម្ចាស់។ សូមព្រះជាម្ចាស់ប្រទានពរ៕
Daily Program
