ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទគម្ពីរ សន្តលូកា (២១, ៣៤- ៣៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

បងប្អូន​ជា​ទី​ស្រឡាញ់​ នៅ​ថ្ងៃ​សៅរ៍​នេះ​ តាម​សន្ត​លូកា ២១, ៣៤- ៣៦ព្រះយេស៊ូ​មាន​ព្រះ​បន្ទូល​ថា​ ចូល​ប្រុង​​ប្រយ័ត្ន​ កុំ​​វក់​វី​និង​ជីវិត​រស់​នៅ​ជាប់​និង​គ្រឿង​ស្រវឹង​ គ្រឿង​ញៀន​និង​អបាយមុខ​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​វក់​វី​នៅ​ក្នុង​ផែន​ដី​នេះ​។ ​ហេតុ​អ្វី​បាន​ជាព្រះ​យេស៊ូ​ត្រូវ​តែ​រំលឹក នឹង​ដាស់​តឿន​យើង? ព្រោះ​ព្រះ​យេស៊ូ​មក​ក្នុង​លោក​នេះ​ ដ្បិតព្រះ​អង្គ​ស្រឡាញ់​យើង​។ ព្រះ​អង្គ​ស្គាល់​យើង​ដែល​ជា​អ្នក​បាប​ ជា​អ្នក​ទន់​ខ្សោយ​។ ដូច្នេះ​ព្រះ​ជា​ម្ចាស់​មិន​ចង់​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​ដោយ​រស់​នៅ​ជាប់​ចិត្ត​នៅ​ក្នុង​ដំណើរ​លោក​នេះ​​ ដែល​យក​ទ្រព្យ​សម្បត្តិ​ យក​មុខ​មាត់​​ជា​ធំ។ ​ព្រះ​យេស៊ូចង់​ឲ្យ​យើង​មើល​ឃើញ​ព្រះ​ជា​ម្ចាស់​ដែល​​បាន​បង្កើត​យើង​និង​ប្រទាន​ជីវិត​ឲ្យ​យើង ​ឲ្យ​យើង​មាន​សេចក្តី​សុខ​ជាមួយ​ព្រះ​អង្គ​អស់​កាល​ជានិច្ច។

ដូច្នេះ​ បងប្អូន​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​រស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង​ឃើញ​ហើយ​ បងប្អូន​ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ធនធាន​ គេ​សប្បាយ​រីករាយ​និង​បង្ហាញ​ពី​អ្វី​ៗ​ដែល​គេ​មាន។ ប៉ុន្តែ​ក្នុង​ជីវិត​រស់​នៅ​កាលយើងបានឆ្លងកាត់ទុក្ខ​លំបាក​វេទនា​​ធ្វើ​ឲ្យ​យើង​ឃើញ​ថា​ បងប្អូន​ដែល​គ្មាន​ទី​ពឹង​ គ្មាន​ទ្រព្យ​សម្បត្តិ​ គ្មាន​​កិត្តិយស​ ​ គឺ​បងប្អូន​យើង​តែង​តែ​ផ្ញើ​ជីវិត ​ទុក​ចិត្ត​ នឹងយក​ព្រះ​ជា​ម្ចាស់​ដាក់​នៅ​ក្នុង​ជីវិត​ ក្នុង​ខ្លួន​ក្នុង​ក្រុម​គ្រួសា ​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ឃើញ​ថា​ ពេល​ណា​ដែល​យើង​ចេះ​ដាក់​ខ្លួន​ ចេះ​បន្ទាប​ខ្លួន​ ចេះ​ស្វែង​រក​ព្រះ​ជា​ម្ចាស់​ជា​មុន​ ​បងប្អូន​ក៏​មាន​ទ្រព្យ​សម្បត្តិ​ មាន​អ្វី​ៗ​ដែល​ព្រះ​អង្គ​ប្រទាន​ឲ្យ។ ហេតុនេះ​ព្រះ​បន្ទូល​​ដំណឹង​ល្អ​តាម​លោក​លូកា​នៅ​ថ្ងៃ​នេះ​ ជួយ​យើង​ម្នាក់​ៗ​ ឲ្យ​យើង​គិត​ឲ្យ​ច្បាស់​ ឲ្យ​យើង​អង្គុយ​គន់​មើល​ពិភព​លោក​នេះ​។ ពិភព​លោក​ដ៏​សែន​ដ៏​ស្រស់​ស្អាត​ដ៏​ធំ​ធេង​ដែល​យើង​រស់​នៅ​នេះ​​ ជា​ស្នា​ព្រះ​ហស្ត​របស់​​ព្រះ​ជា​ម្ចាស់​។ ចុះ​លោក​ខាង​មុខ​របស់​ព្រះ​អង្គ​នឹង​អស្ចារ្យ​យ៉ាង​ម៉េច?

សូម​បងប្អូន​ រំពឹង​អង្គុយ​គន់​រំពឹង​មើល​ឃើញ​ការ​អស្ចារ្យ​ យើង​តែង​តែ​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះ​ជា​ម្ចាស់​ប្រ​ទាន​ដល់​យើង។ តើ​យើង​ត្រូវ​ចេះ​ប្រើ​ព្រះ​អំណោយ​ទាន​របស់​យើង​​ ដើម្បី​បើក​ចិត្ត​ទូលំ​ទូលាយ​ ចេះ​ចែក​រំលែក​អ្វី​ដែល​យើង​មាន​ជា​ទ្រព្យ​សម្បត្តិ?  កុំ​យក​ទ្រព្យ​សម្បត្តិ​ដើម្បី​តែ​ខ្លួនឯង! ចូរប្រើ​ទ្រព្យ​សម្បត្តិ​ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​យើង។ ​ បងប្អូន​ជា​ទី​ស្រឡាញ់​ ខ្ញុំ​សូម​ចែក​បទ​ពិសោធន៍​មួយ​ដ៏​តូចកាលខ្ញុំ​ទៅ​អធិដ្ឋាន​បុណ្យ​សពមួយកន្លែង ​ក្រោយ​ពី​បូជា​ហើយ​ខ្ញុំ​ឃើញ​គាត់​រៀប​ចំ​សំណែន មាន​នំ​ចេក​ មាន​ផ្លែ​ឈើ​ ម្ហូប​អាហារសម្រាប់សពនោះ​ ខ្ញុំ​ក៏បាន​ជម្រាប​ពូ​ដែលជាគ្រួសារនៃសពថា​មីង​គាត់​បាន​ទទួល​មរណភាព​ហើយ​ ជីវិត​របស់​គាត់​នឹង​ទៅ​រស់​នៅ​ជាមួយ​ព្រះ​ជា​ម្ចាស់​ ​គាត់​លែង​ត្រូវ​ការ​ម្ហូប​អាហារ​ដែល​យើង​ត្រូវ​ការ​ត្រូវ​ការ​ហូប​ជា​សំណែន​ទៀត​ហើយ តែ​អ្វី​ដែល​យើង​​អាច​ គឺចែក​ម្ហូប​អាហារ​ទាំង​អស់​នេះ​ទៅ​បងប្អូន​ក្រីក្រ  គឺ​មាន​​​ប្រយោជន៍​ មាន​ន័យ​ មាន​តម្លៃ ដោយសារ​បងប្អូន​ទាំង​នោះ​គេ​ត្រូវ​ការ​ម្ហូប​អាហារ​នេះ។

សម្រាប់មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​គឺ​គាត់​នឹង​ធ្វើ​ដំណើរ​​នឹង​ទៅ​រស់​នៅ​ជាមួយ​ព្រះ​ជា​ម្ចាស់! នេះ​ជា​ចំណុច​មួយ​ជួយ​ដាស់​តឿន​ ជួយ​រំលឹក​បងប្អូន​យើង​ ​អ្វីដែលសំខាន់​​នៅ​ក្នុង​ជីវិត​គឺ​សេចក្តី​ស្រឡាញ់​ ធម៌​មេត្តា​ករុណា​របស់​ព្រះ​ជា​ម្ចាស់ ​ព្រះ​អង្គ​តែង​តែ​ឲ្យ​មនុស្ស​យើង​មាន​តម្លៃ​ថ្លៃ​ថ្នូរ​ ជា​បុត្រ​ធីតា​របស់​ព្រះ​អង្គ។ ដូច្នេះ​បើ​យើង​ជា​បុត្រ​ធីតា​របស់​ព្រះ​អង្គ​ ចូរ​ខំ​រស់​នៅ​ក្នុង​លោក​នេះ​ ​​នឹក​ដល់​ព្រះ​ជា​ម្ចាស់ជានិច្ច​ក្នុង​ការ​អធិដ្ឋាន។ ព្រះ​ជា​ម្ចាស់​ដែល​មក​នៅ​ក្នុង​ខ្យល់​ចេញ​ចូល​នៅ​ក្នុង​ដង្ហើម​ជីវិត​របស់​យើង​គ្រប់​ពេល​វេលា​ នោះ​ជា​ព្រះ​ជា​ម្ចាស់​ ជា​ធម៌​មេត្តា​ ជា​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ជីវិត​របស់​យើង។ ​យើង​មាន​​ព្រះ​ជា​ម្ចាស់​ ព្រះ​អង្គ​នឹង​ប្រទាន​ឲ្យ​យើង​​ ម្ហូប​អាហារ​ ទ្រព្យ​សម្បត្តិ​ កិត្តិយស​តម្លៃ​ថ្លៃ​ថ្នូរ​ ​យើង​នឹង​ទទួល​បាន​នៅ​ពេល​ដែល​យើង​មាន​​ ព្រះ​អង្គ​ដែល​ជា​ម្ចាស់​ជីវិត។ ព្រះ​អង្គ​ជា​ប្រភព​នៃ​អំណោយ​ទាន​គ្រប់​បែប​យ៉ាង។ ដូច្នេះ​សូម​បងប្អូន​​ យក​ពេល​វេលា​ដើម្បី​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់​ យក​ពេល​វេលា​ដើម្បី​ថ្វាយ​ខ្លួន​ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់៕

 

Daily Program

Livesteam thumbnail