ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទគម្ពីរ លូកា ២១,២៩-៣៣អត្ថាធិប្បាយគម្ពីរ លោកបូជាចារ្យ ផាន បូរី
អត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះព្រះយេស៊ូបានលើកឡើងអំពីដើមស្វាយ ឬដើមឈើដែលជ្រុះស្លឹក ហើយពេលវាលាស់មកវិញ។ ព្រះយេស៊ូថា រដូវនេះជិតមកដល់ហើយ! រដូវនោះជិតមកដល់ហើយ! នេះជាទីសម្គាល់មួយដែលមនុស្សយើងចូលចិត្តឃើញ ចូលចិត្តដឹង។
បងប្អូនជាទីស្រឡាញ់! នៅក្នុងព្រះសហគមន៍យើងឃើញនិមិត្តសញ្ញា ពេលខ្លះដូចអ្វីដែលព្រះយេស៊ូមានព្រះបន្ទូលនេះដែរ។ យើងគិតថា ប្រហែលប៉ុន្មានអាទិត្យខាងមុខទៀត យើងចូលរដូវមួយដែលយើងហៅថារដូវរង់ចាំ យើងរង់ចាំព្រះគ្រីស្ត។ រដូវរង់ចាំព្រះគ្រីស្តមានបីបួនអាទិត្យ បន្ទាប់មកពេលណាយើងចូលដល់ថ្ងៃបុណ្យណូអែល ពេលនោះយើងនិយាយថាព្រះយេស៊ូបានប្រសូត។ គឺជាបរិបទថ្មី អត្ថន័យមួយថ្មី និងជាបរិយាកាសមួយថ្មី ដែលព្រះអង្គយាងមកនៅក្នុងពិភពលោក ដើម្បីឲ្យពិភពលោកមានស្លឹកថ្មី និងស្លឹកខ្ចីដ៏ល្អ ដ៏ឆ្ងាញ់ និងមានសោភ័ណភាពស្អាតស្រស់បំព្រង។
ព្រះយេស៊ូប្រើរូបភាពទាំងនេះ មានលក្ខណៈសាមញ្ញ ក៏ប៉ុន្តែមានអត្ថន័យជ្រៅសម្រាប់ជីវិតរបស់យើង។ ពេលយើងដឹងថាស្លឹកថ្មី គឺគេដឹងថា រដូវក្ដៅ ឬរដូវត្រជាក់ ឬរដូវណាមួយជិតមកដល់ហើយ។ ព្រះអង្គបានលើកអ្វីទាំងអស់នេះ គឺវាទាក់ទងជាមួយនឹងជីវិតប្រចាំថ្ងៃរបស់យើង។ ព្រះយេស៊ូចង់ឲ្យយើងប្រព្រឹត្តអំពើល្អ ចង់ឲ្យយើងជម្រុះអំពើអាក្រក់។ អំពើអាក្រក់ប្រៀបដូចជាស្លឹកចាស់ ឬស្លឹកទុំដែលវាជ្រុះ ហើយអំពើល្អ ទង្វើល្អ ការគិតល្អ ការនិយាយល្អ គឺប្រៀបដូចជាស្លឹកខ្ចីដែលកំពុងតែដុះឡើង។ សូមឲ្យការលូតលាស់នូវស្លឹកថ្មីនេះប្រកបដោយសច្ចភាព សេចក្ដីស្រឡាញ់ ការអត់ធ្មត់នៅក្នុងជីវិត ដែលនាំឲ្យជីវិតរបស់យើងមានការលះបង់ ដូចការការលះបង់លោកឪពុក បងស្រី បព្វជិត បព្វជិតា ត្រូវលះបង់ពេលវេលាដើម្បីអធិដ្ឋាន ចូលរួមពិធីបុណ្យបូជា និងសួរសុខទុក្ខអ្នកក្រីក្រ ស្រាយបាប ដើម្បីឲ្យខ្លួនឯងបានស្អាតបរិសុទ្ធសាជាថ្មីឡើងវិញ។
ព្រះយេស៊ូបានប្រាប់ថា មេឃ និងផែនដីនឹងរលាយបាត់បង់ ក៏ប៉ុន្តែពាក្យដែលខ្ញុំនិយាយនេះមិនរលាយបាត់ទេ។ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ក៏ប៉ុន្តែពាក្យដែលខ្ញុំនិយាយនេះមិនរលាយបាត់ទេ បងប្អូន។ ព្រះបន្ទូលរបស់ព្រះយេស៊ូ គឺជាឫសមួយដ៏សំខាន់នៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ។
យើងត្រូវដឹងថា ប្រសិនបើយើងមានឫសនៃជំនឿ យើងនឹងរឹងមាំទាំងការគិត គឺនាំឲ្យយើងចេះគិតអ្វីដែលល្អ អ្វីដែលប្រសើរ និងអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ។ ហើយនេះជាសញ្ញាមួយដែលនាំឲ្យគ្រីស្តបរិស័ទចេះត្រិះរិះពិចារណា។
បងប្អូនជាទីគោរពរាប់អាន! ព្រះយេស៊ូចង់ឲ្យយើងលះបង់អស្មេវិនាសដ៏អាក្រក់នៅក្នុងជីវិតរបស់យើង នៅក្នុងអារម្មណ៍របស់យើង។ ប្រសិនបើយើងច្រណែនគេ សូមឲ្យយើងលះបង់! ប្រសិនបើយើងចង់មានសង្គ្រាមជាមួយគេ សូមឲ្យយើងចេះលះបង់! ផ្ទុយទៅវិញ ឲ្យយើងចេះចរចាជាមួយគ្នាដោយសន្តិភាព។ ឲ្យយើងអធិដ្ឋានឲ្យគ្នាទៅវិញទៅមក! ឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក! ឲ្យយើងចេះលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
ហេតុនេះ អ្វីៗថ្មីទាំងនេះនាំឲ្យយើងមានសុភមង្គល នាំឲ្យយើងមានសេចក្ដីស្រឡាញ់ និងរស់នៅជាមួយគ្នាដោយសុខដុមរមនាផងដែរ។ អាម៉ែន៕