ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា៦,១២-១៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ព្រះបន្ទូលថ្ងៃនេះគួរឲ្យចាប់អារម្មណ៍ ពីព្រោះចូលនៅក្នុងថ្ងៃបុណ្យ សន្តស៊ីម៉ូន និង សន្តយូដាស ទាំងពីរជា សមា​ជិកក្នុងចំណោម១២នាក់ដែលជាក្រុមគ្រីស្តទូតរបស់ព្រះយេស៊ូ។ ពួកគេមានចិត្តខ្នះខ្នែង ក្នុង​ការ​ប្រកាស​​ដំណឹងល្អ ក្នុងកិច្ចប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់។

យើងជិតដល់ចង់បញ្ចប់នៃខែ ប្រកាសដំណឹងល្អហើយ។ តើ​បងប្អូន​ផ្តល់សក្ខីភាព​ដើម្បីឲ្យ​ព្រះរាជ្យ​របស់​ព្រះ​ជា​ម្ចាស់ហ្នឹងលីកចម្រើនឡើងយ៉ាងណាដែរ? បាទ! បងប្អូន នៅក្នុងជីវិតរបស់យើង គ្រាប់ពូជដ៏ល្អិត ឬ មេម្ស៉ៅ ប្រៀបដូចជាគ្រាប់ពូជ ឬក៏មេម្ស៉ៅនៃព្រះបន្ទូល ដែលធ្វើឲ្យចិត្តរបស់យើងរីកចម្រើន ជីវិត​ខាង​ផ្លូវ​វិញ្ញាណរបស់យើងរីកចម្រើន។

ការរីកចម្រើនមានន័យថា មានព្រះរាជ្យរបស់ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់​យើងហើយ​ព្រះរាជ្យ​របស់​ព្រះ​អង្គ​​ហ្នឹងមិនត្រឹមតែសម្រាប់យើងទេ តែបែកមែកសាខា ឲ្យបានផលស័ក្ដិសិទ្ធិ ដូច​មេម្ស៉ៅ​រីក​ធ្វើ​ឲ្យ​នំប៉័ង​គួរ​ឲ្យ​ឆ្ងាញ់ពិសារ។ ដូច្នេះ មនុស្សដែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មាន​ព្រះរា​ជ្យ​របស់​ព្រះជា​ម្ចាស់​ក្នុង​ខ្លួន​ គឺជាមនុស្សដែលទៅទីណាក៏ផ្តល់អំណោយ ផ្តល់ផលប្រយោជន៍ ផ្តល់អ្វីល្អៗសម្រាប់អ្នកដទៃដែរ។ នេះជាគំនិតមូលដ្ឋាននៃការប្រកាសដំណឹងល្អ។

ឆ្នាំនេះជាឆ្នាំនៃសេចក្តីសង្ឃឹម សម្តេចប៉ាបក៏បានឲ្យយើងធើ្វជាសាសនទូតនៃសេចក្តីសង្ឃឹមដែរ។ ដូច្នេះ យើងទៅទីណា យើងរាប់អានជាមួយអ្នកណាក៏ដោយ ជីវិត​របស់យើង​គួរណាតែធ្វើ​ឲ្យបងប្អូន​ដែល​នៅជុំ​វិញ​យើង ទទួលក្តីសង្ឃឹម! សេចក្តីសង្ឃឹមជាសញ្ញាមួយនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ ដូច​សន្ត​ប៉ូល​បាន​និយាយ ព្រះរាជ្យរបស់ព្រះជាម្ចាស់មានបីយ៉ាងគឺ៖ យុត្តិធម៌ សេចក្តីសុខសាន្ត និងអំណសាទរ។ ដូច្នេះ ដំបូងយើងត្រូវតែធ្វើឲ្យដើម្បីជីវិតរបស់យើងមានក្តីសង្ឃឹម ចាប់ពីក្នុងជីវិតរបស់យើង បាន យើង​អាច​ចែក​រំលែក​នូវអំណរអបអរសាទរដល់អ្នកដទៃ។ ប្រសិនបើក្នុងចិត្តរបស់យើងអត់ល្អ ឆាប់ខឹង ច្រឡោត មាន​រឿង​មិនល្អច្រើន ពិតមែន! យើងមិនអាចផ្តល់សេចក្តីសង្ឃឹម ទាំងសម្រាប់ខ្លួនឯង ទាំងសម្រាប់​អ្នក​ដទៃ​បាន​ដែរ។

បាទ! ដូច្នេះបងប្អូនជាទីស្រឡាញ់ សូមឲ្យខែនេះ ជាខែល្អសម្រាប់យើង ចែករំលែកសេចក្តីសង្ឃឹម ចែក​រំ​លែ​​​កព្រះរាជ្យរបស់ព្រះជាម្ចាស់ ទោះបីកិច្ចការរបស់យើងតូចល្អិត ជាកិច្ចការសាមញ្ញ កិច្ចការក្នុងផ្ទះ កិច្ច​កា​រ​​ស្ងៀមស្ងាត់ ឬក៏កិច្ចការដែលធំដុំក៏ដោយ សូមឲ្យគ្រប់កិច្ចការរបស់យើង ដើម្បី ព្រះរាជ្យ​របស់​ព្រះ​ជា​ម្ចាស់!​ ធ្វើរបៀបនេះបងប្អូននឹងដឹងថា ជីវិតរបស់យើងមានតម្លៃ និងមានក្តីសង្ឃឹម នាំ​មក​នូវ​អំណរ​អប​អរ​សា​ទរ ដំណឹងល្អសម្រាប់អ្នកដទៃទាំងអស់គ្នាផងដែរ។

សូមព្រះជាម្ចាស់ជាកម្លាំងរបស់បងប្អូន និងសូមឲ្យបងប្អូនជាសាសនទូតនៃសេចក្តីសង្ឃឹម ជានិច្ចផង! អាមែន៕

 

 

Daily Program

Livesteam thumbnail