ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១០,៣១-៤២អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនេះ គឺព្រះយេស៊ូបានព្យាយាមពន្យល់ ព្យាយាមពន្យល់ថាពិតមែន ព្រះអង្គ​គឺ​ជាព្រះមេស៊ី ពិតមែនព្រះអង្គគឺជាព្រះគ្រីស្ត ពិតមែនព្រះអង្គគឺជាព្រះបុត្រារបស់ព្រះជាម្ចា​ស់ដែល​មក​ពីព្រះជាម្ចាស់។ ក៏ប៉ុន្តែ មនុស្សមិនព្រមទទួលស្គាល់ទេ ហើយគេចោទព្រះយេស៊ូថា ព្រះអង្គបាន​ប្រមាថ​​ពោលពាក្យប្រមាថព្រះជាម្ចាស់ ហើយដែលព្រះអង្គត្រូវតែមានទោស ដែលនាំឱ្យគេចង់កាត់ទោស​ព្រះអង្គ ដោយចង់យកដុំថ្មគប់សម្លាប់ព្រះអង្គថែមទៀតផង។

បងប្អូនជាទីស្រឡាញ់ បងប្អូនជាទីគោរពរាប់អាន! ពិតមែនព្រះយេស៊ូព្យាយាមបង្ហាញ ព្រះយេស៊ូព្យាយាម​សម្តែ​ងអ្វីដែលព្រះអង្គទទួលពីព្រះជាម្ចាស់ ព្រះអង្គចង់បង្ហាញឱ្យបានគ្រប់លក្ខណៈ។ ក៏ប៉ុន្តែ សារជាតិ​របស់មនុស្សគឺមានចិត្តរឹងរូស មិនព្រមបើកចិត្ត មិនព្រមបើកភ្នែក មិនព្រមបើកបេះដូងដើម្បីទទួលទេ ផ្ទុយ​ទៅវិញ គឺមនុស្សចង់សម្លាប់អ្វីដែលល្អពីព្រះយេស៊ូ។

ហើយនៅក្នុងនោះឃើញថា ព្រះយេស៊ូបង្ហាញអំពីលក្ខណៈរបស់ព្រះជាម្ចាស់ដែលមានអំណាច ឬមាន​ឫទ្ធា​នុភាព​។​ អំណាចដែលព្រះយេស៊ូមាន គឺ៖

អំណាចទីមួយ គឺអំណាចនៃសេចក្តីស្រឡាញ់៖ ព្រះយេស៊ូវិនិយោគលើសេចក្តីស្រឡាញ់ ដោយព្រះអង្គ​សុខ​ចិត្តបូជាជីវិតរបស់ព្រះអង្គ បូជាសាច់ស្រស់ បូជាឈាមស្រស់ ដើម្បីឱ្យមនុស្សកែប្រែចិត្តគំនិត។ ក៏ប៉ុន្តែ មនុស្សមានចិត្តរឹងរូសមិនព្រមទទួលទេ។ អំណាចនេះគឺយើងត្រូវតែទទួល អំណាចនៃសេចក្តីស្រឡាញ់​យើងត្រូវ​តែទទួល ពីព្រោះគ្មានអ្នកណាម្នាក់ស្រឡាញ់រហូតដល់បូជាជីវិតដូចព្រះយេស៊ូទេ។ ​ព្រះយេ​ស៊ូ​ក៏​បង្រៀន​ឱ្យយើងចេះស្រឡាញ់ដែរ។ អំណាចនេះគឺព្រះយេស៊ូបានទទួលពីព្រះជាម្ចាស់ ព្រះអង្គ​បាន​ចែ​​ក​​ឱ្យ​យើងម្នាក់ៗដោយឥតគិតថ្លៃ។ យើងត្រូវតែទទួលអំណាចដែល​នាំឱ្យមានសេចក្តី​សុខ​សាន្ត អំណាច​ដែល​នាំ​ឱ្យមានអំណរសប្បាយ អំណាចដែលនាំឱ្យមានសុខសន្តិភាព និងអំណាច​ដែល​នាំ​ឱ្យ​មានការត្រិះរិះ​ពិចារ​ណាដឹងត្រូវ។

អំណាចទីពីរ គឺឫទ្ធានុភាពរបស់ព្រះជាម្ចាស់៖ យើងឃើញថាព្រះអង្គបានសង្គ្រោះអ្នកកម្សត់ទុគ៌ត ជា​ពិសេស​អ្នកជំងឺ ប្រោសគេឱ្យបានជា មនុស្សខ្វាក់ភ្នែកប្រោសគេឱ្យបានភ្លឺ មនុស្សដែលនិយាយ​មិនបាន​ប្រោស​គេឱ្យនិយាយបានមនុស្សដែលស្តាប់មិនឮឱ្យគេអាចស្តាប់ឮ មនុស្សឃ្លង់​ឱ្យគេ​បានជាស្អាត​បរិសុទ្ធ។ អំណាចនេះមនុស្សធម្មតាយើងពិបាកធ្វើណាស់ ក៏ប៉ុន្តែព្រះយេស៊ូគឺជាព្រះជាម្ចាស់ ព្រះអង្គអាចធ្វើបាន។

គោលដៅរបស់ព្រះយេស៊ូ គឺព្រះអង្គនៅតែព្យាយាមបង្ហាញអំពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដោយសារ​ព្រះអង្គ​គឺជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ហើយសូមឱ្យបងប្អូនបើកចិត្តគំនិត បើកភ្នែក បើកត្រចៀក ដើម្បីទទួលសេចក្តីស្រឡាញ់នេះ។ ប្រសិនបើយើងអត់មានសេចក្តីស្រឡាញ់ទេ ពិភពលោកនឹងរស់នៅ​ដោយភាពងងឹតសូន្យសុង។

យើងឃើញសព្វថ្ងៃនេះ យើងឃើញមានសង្គ្រាម កាប់សម្លាប់គ្នា មានអំពើហិង្សា មានការលួចប្លន់ ប្រើ​ប្រាស់គ្រឿងញៀន។ល។ ដោយសារមនុស្សមិនព្រមបើកចិត្តទទួលព្រះយេស៊ូ ប្រសិនបើមនុស្សចេះ​បើក​ចិត្ត​ទទួលព្រះយេស៊ូ បើកចិត្តទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយយកសេចក្តីស្រឡាញ់ យក​វិន័យ​របស់ព្រះអង្គទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ម្ល៉ោះយើងឃើញពិភពលោកនេះស្រស់ស្អាត យើង​ឃើញមនុស្សចេះលើកលែងទោសឱ្យគ្នា ម្ល៉ោះយើងនឹងឃើញសុខសន្តិភាព យើងអត់ចង់ឃើញគេកាប់​សម្លាប់​គ្នា​ដូចសព្វថ្ងៃនេះទេ។

យើងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានសុខសន្តិភាពឱ្យកប់ជ្រៅនៅក្នុងពិភពលោក ហើយសូមឱ្យ​ពិភព​លោកបានសេចក្តីសុខសាន្តឡើងវិញផង។ អាម៉ែន៕

 

Daily Program

Livesteam thumbnail