ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ៧,២១-២៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

របៀបរស់នៅរបស់គ្រីស្តបរិស័ទពិតប្រាកដគឺប្រៀបដូចជាមនុស្សម្នាក់ដែលកសាងផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្មមិនមែននៅលើខ្សាច់។ មានន័យថាបើយើងចេះតែអធិដ្ឋាន ហើយនឹងទូលអង្វរព្រះអង្គដោយមិនប្រព្រឹត្តកិច្ចការ ហើយមិនព្រមធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់! នោះជីវិតរបស់យើងនឹងរលំពេលដែលយើងនឹងជួបទុក្ខលំបាក។ ជីវិតខាងវិញ្ញាណរបស់យើងដូចជាគ្មានឫសឱ្យជ្រក នោះយើងនិងបោះបង់ព្រះជាម្ចាស់ចោល។ ប៉ុន្តែប្រសិនបើយើងស្តាប់ព្រះបន្ទូល នឹងប្រតិបត្តិតាមពិតប្រាកដដោយប្រព្រឹត្តកិច្ចការ ធម៌មេត្តាករុណាចំពោះអ្នកដទៃនោះជំនឿរបស់យើងនឹងរឹងមាំ។
ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយយើងនឹងឆ្លងកាត់ឧបសគ្គទាំងអស់! ដោយសារយើងមានបទពិសោធន៍ជាក់ស្តែងអំពីវត្តមានរបស់ព្រះជាម្ចាស់។ ពេលយើងប្រព្រឹត្តកិច្ចការចំពោះអ្នកដទៃជាពិសេសចំពោះអ្នកតូចតាចយើងនឹងជួបព្រះយេស៊ូ ដែលនឹងធ្វើឱ្យជំនឿរបស់យើងកាន់តែរឹងមាំ។ ប៉ុន្តែ! ប្រសិនបើយើងចេះតែស្តាប់ព្រះបន្ទូលតែមិនអនុវត្តតាម មានន័យថាយើងមិនជឿទេ។ តាមពិតអ្នកមានជំនឿអ្នកនោះប្រតិបត្តិ និងប្រព្រឹត្តកិច្ចការពិតប្រាកដមែន! ការនោះយើងនឹងពង្រឹងជំនឿថែមទៀត។
អត្ថបទដំណឹងល្អនៅថ្ងៃនេះរំលឹកយើងថា ទោះបីយើងជាគ្រីស្តបរិស័ទ យើងត្រូវតែត្រៀមខ្លួនជួបឧបសគ្គនៅក្នុងជីវិតរបស់យើង គ្មាននរណាគេចផុតពីទុក្ខលំបាកនៅលើលោកនេះទេ។ ប្រសិនបើយើងមានទំនាក់ទំនងជាមួយព្រះយេស៊ូដោយអធិដ្ឋាន ស្តាប់ព្រះបន្ទូល នឹងប្រព្រឹត្តកិច្ចការ ទោះពេលយើងមានទុក្ខលំបាក តែអំណរសប្បាយរបស់យើងនៅតែខ្លាំងជាង ព្រោះយើងធ្វើតាមព្រះហឫទ័យរបស់ព្រះយេស៊ូ។ បើយើងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ខ្ញុំដឹងថាព្រះជាម្ចាស់គង់នៅជាមួយយើង នេះជាអ្វីដែលសំខាន់ជាងគេ៕
Daily Program
