ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ១៣,២៤-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ! នៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដានេះ ជាថ្ងៃរំលឹកដល់លោកយ៉ូហាគីម និងហាណ្ណាដែលត្រូវជាឪពុកម្តាយរបស់ព្រះនាងម៉ារី។ នេះពិតជាមានអំណរសប្បាយមែនទែនដែលយើងបានស្គាល់ជីដូនជីតារបស់ព្រះយេស៊ូ នេះជាអំណរសប្បាយមួយដែលជួយឱ្យយើងយល់ថាព្រះជាម្ចាស់បានត្រាស់ហៅម្តាយម៉ារីដោយសារតែឪពុកម្តាយរបស់ព្រះនាងគឺជាអ្នកជឿ និងផ្ញើជីវិតលើព្រះជាម្ចាស់។
ព្រះបន្ទូលថ្ងៃនេះព្រះយេស៊ូក៏បានបញ្ជាក់ថា មានសុភមង្គល មានអំណរសប្បាយហើយអ្នកដែលបានមើលឃើញ និងបានស្តាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់! សម្រាប់ខ្ញុំជាបូជាចារ្យនេះជាអំណរសប្បាយនៅពេលដែលខ្ញុំបានចូលនៅក្នុងព្រះសហគមន៍។ ព្រះសហគមន៍បានធ្វើជាមហាគ្រួសាររបស់ខ្ញុំ នៅពេលនោះហើយដែលនាំឱ្យខ្ញុំមានព្រះសហគមន៍ជាទីពឹង ខ្ញុំមានព្រះបន្ទូល និងព្រះគ្រីស្តជាទីពឹងក្នុងជីវិតរបស់ខ្ញុំ។ សេចក្តីទាំងនេះធ្វើឱ្យជីវិតរបស់ខ្ញុំនិងអ្នកដទៃ បានទទួលគ្រាប់ពូជនៃការណែនាំ នៃការចូលរួមក្នុងព្រះសហគមន៍ គ្រាប់ពូជនេះបាននាំខ្ញុំមកជួបបងប្អូនសព្វថ្ងៃនេះ ខ្ញុំក្លាយជាអ្នកនាំដំណឹងល្អធ្វើជាទូតរបស់ព្រះជាម្ចាស់គឺជាការចែករំលែក ការណែនាំ និងការផ្តល់ក្តីសង្ឃឹម។
ដូចបងប្អូនបានជ្រាបស្រាប់ហើយ ដំណើរក្នុងលោកនេះមានឧសបគ្គច្រើន អំណរសប្បាយក៏ច្រើន ប៉ុន្តែឧបសគ្គនោះធ្វើឱ្យផ្លូវនៃដំណើរជីវិតរបស់យើងដូចជាអស់សង្ឃឹម។ ប្រសិនបើយើងអត់មានព្រះយេស៊ូនៅក្នុងជីវិតរបស់យើងទេអ្វីដែលយើងបានធ្វើ អ្វីដែលយើងមានមួយប៉ព្រិចភ្នែកអាចបាត់បង់ដោយសារតែសង្គ្រាមដូចនៅប្រទេសអ៊ីស្រាអែល អ៊ីរ៉ងដែលប្រឈមសង្គ្រាមដាក់គ្នាគ្មានអ្វីនៅសល់។
នេះជាសេចក្តីមួយអាក្រក់ណាស់ ធ្វើឱ្យយើងបាត់បង់អ្វីដែលខ្លួនមាន អ្វីដែលខ្លួនស្រឡាញ់ គ្រប់ក្រុមគ្រួសារប្រទេសជាតិទៅជាផេះក្នុងមួយប៉ព្រិចភ្នែក និងថ្ងៃនេះឱ្យយើងដឹងថាអំណរសប្បាយយើង ដែលយើងបានស្តាប់ឮដំណឹងល្អនាំឱ្យយើងទទួលជីវិតនៅក្នុងលោកនេះទៅឯព្រះបិតា ធ្វើឱ្យយើងឃើញថា យើងអត់មានសត្រូវ តែយើងទៅជាបងប្អូននឹងគ្នា។ សំណួរសួរថា ហេតុអ្វីបានជាយើងចង់ឈ្លោះគ្នា? ហេតុអ្វីយើងចង់ឈ្នានីសគ្នា អ្វីដែលយើងមានមិនចេះចែកគ្នារស់នៅជាបងប្អូន តែបែរជាចង់ឈ្នះចង់ចាញ់ទៅវិញ? នៅលើលោកនេះគ្មានអ្វីដែលជាកម្មសិទ្ធផ្ទាល់ខ្លួនទេ! ដូច្នេះសង្រ្គាមធ្វើឱ្យយើងបាត់បង់សេចក្តីស្រឡាញ់ នឹងធ្វើឱ្យយើងមិនអាចរួបរួមក្នុងព្រះជាម្ចាស់។
ខ្ញុំសូមអធិដ្ឋានសូមទូលអង្វរព្រះជាម្ចាស់ដើម្បីឱ្យមេដឹកនាំទាំងនៅប្រទេសអ៊ីស្រាអែល នៅលីបង់ រុស្ស៊ី អ៊ុយក្រែយ និងនៅប្រទេសដទៃទៀតដែលកំពុងតែមានជម្លោះសូមឱ្យយើងចេះបែរមុខរកគ្នាប្រសើរជាងបែរអាវុធដាក់គ្នា។ សូមព្រះវិញ្ញាណជួយឱ្យចិត្តគំនិតរបស់យើងជាចិត្តគំនិតដែលចេះស្រឡាញ់ ចេះមេត្តា ចេះអាណិតអាសូរគ្នាទៅវិញទៅមកតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អាម៉ែន៕
Daily Program
