ថ្ងៃទី២៥ ខែ ឆ្នាំ២០២៥ អត្ថបទគម្ពីរយ៉ូហាន ១,១-១៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
អត្ថបទដំណឹងល្អនៅថ្ងៃនេះ រំលឹកអំពីអត្ថបទដើមដំបូងនៃដំណឹងល្អតាមសន្តយ៉ូហាន គាត់សរសេរអត្ថបទនេះយូរឆ្នាំក្រោយពីព្រះយេស៊ូបានសោយទីវង្គត់ និងមានព្រះជន្មរស់ឡើងវិញ។ លោកយ៉ូហានមានពេលច្រើនឆ្នាំដើម្បីស្មឹងស្មាធិ៍ រិះគិតពិចារណាអំពីអត្ថន័យនៃការយាងមករបស់ព្រះយេស៊ូនៅលើផែនដីនេះ។
សន្តយ៉ូហានសរសេរថា "ព្រះបន្ទូលប្រសូតជាមនុស្ស" គាត់យល់ថា លោកយេស៊ូពីណាសារ៉ែត មិនមែនជាមនុស្សធម្មតា គឺពិតជាព្រះជាម្ចាស់ដែលយាងមកក្នុងលោកនេះ ដូចមនុស្ស ដូចយើងបេះបិទ លើកលែងតែអំពើបាប។ គាត់និយាយតាមរបៀបបុរាណបន្តិច គាត់សរសេរថា "កាលពីដើមដំបូងបង្អស់ មានព្រះបន្ទូលបង្កើតអ្វីៗទាំងអស់សារជាថ្មីម្ដងទៀត។ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលដែលបានបង្កើតអ្វីៗទាំងអស់ ព្រះបន្ទូលជាព្រះជាម្ចាស់។ ព្រះបន្ទូលនេះជាជីវិត ព្រះបន្ទូលនេះបានប្រសូតជាមនុស្សដូចយើងបេះបិទ។"
ព្រះយេស៊ូគឺជាជីវិត ជាព្រះបន្ទូល ជាព្រះជាម្ចាស់តែម្ដង។ ដូច្នេះ ពេលបុណ្យណូអែល យើងសប្បាយ ពីព្រោះយើងឃើញថា នេះជាបុណ្យកូនតូចម្នាក់ដែលបានប្រសូត ហើយជាបុណ្យរបស់ក្មេងៗ។ ប៉ុន្តែ បុណ្យណូអែលមានអត្ថន័យច្រើនមែនទែន។
ក្នុងពេលអំណរសប្បាយនៃបុណ្យណូអែលនេះ ខ្ញុំសង្ឃឹមថា បងប្អូនសប្បាយៗ មានអភិបូជា មានសកម្មភាពជាច្រើន មានច្រៀង មានរាំ ប្រហែលមានលេងឡូតូ ប៉ុន្តែសូមទុកពេលវេលាដើម្បីរិះគិតពិចារណាក្នុងការអធិដ្ឋាន ហើយមានអំណរសប្បាយក្នុងជម្រៅចិត្ត ព្រះជាម្ចាស់យាងមកប្រសូតក្នុងដួងចិត្តរបស់យើង បើសិនជាយើងព្រមទទួលព្រះជាម្ចាស់។
ព្រះជាម្ចាស់ប្រសូតក្នុងដួងចិត្ត ដើម្បីឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ នេះគឺជាដំណឹងល្អនៃបុណ្យណូអែល មិនមែនជាកាដូទេ មិនមែនជាចម្រៀងពីរោះៗទេ កាដូពិតប្រាកដនៃបុណ្យណូអែល គឺព្រះយេស៊ូសព្វព្រះហឫទ័យយាងមកគង់នៅក្នុងចិត្តគំនិតរបស់យើង ដើម្បីប្រោសយើងឱ្យទៅជាមនុស្សពេញលក្ខណៈ ទៅជាមនុស្សដែលគាត់សព្វព្រះហឫទ័យ ទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ អាម៉ែន៕