ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ២១,៥-១១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ព្រះបន្ទូលនៅក្នុងសប្តាហ៍នេះនិយាយអំពីអវសានកាលអំពីជីវិតក្រោយស្លាប់និងអនាគត ​លូកាជំពូក​ទី​២​១​​​ជាជំពូកចុងក្រោយដែលព្រះយេស៊ូបានរំលឹកអំពីជីវិតនៅខាងមុខរបស់យើងដែលនឹងជួបប្រទះ ទាំងជីវិត​របស់​យើង ជីវិតក្នុងសង្គម និងជីវិតរបស់ព្រះសហគមន៍។

មុនសង្គ្រាមយើងធ្លាប់មាន ព្រះវិហារដ៏ស្អាតស្គឹមស្គៃដាក់មនុស្សបានជិត១០០០នាក់ ហើយ​ក៏​ជា​ព្រះ​វិហា​រ​ដែល​ស្អាតនិងគួរជាមោទនភាពរបស់ព្រះសហគមន៍ ប៉ុន្តែក្រោយសង្គ្រាម​អ្វីៗ​ទាំងអស់សឹងតែ​បាត់បង់។  ព្រះយេស៊ូបាននិយាយអំពីព្រះវិហារនៅក្រុងយេរូសាឡឹម ដែលមនុស្សតែងតែកោតសរសើរនូវភាពល្អ ប្រណិត ក៏ប៉ុន្តែព្រះបន្ទូលថ្ងៃនេះ ចង់ដាស់តឿននិងរំលឹកថា ព្រះវិហារដ៏សំខាន់ឬក៏គ្រឹះដ៏សំខាន់សម្រាប់ មោទនភាពនៃជំនឿរបស់យើងគឺមនុស្សម្នាក់មានជំនឿជាថ្ម! ដែលជាឥដ្ឋរបស់ព្រះវិហារដ៏មានជីវិត​​យ៉ា​ង​ពិតប្រាកដ។ ក្រោយចង់សង្រ្គាមអ្វីដែលគិតគឺមិនមែនចាប់សាងសង់វិហារថ្មីឡើងវិញ តែជាការ​សាងជំ​នឿ​របស់​បងប្អូនឲ្យមានជីវិតជាថ្មីម្តងទៀត គឺចាប់ពីឆ្នាំ១៩៨៩ បន្តិចម្តងៗ ពេល​មាន​មនុស្ស​ជឿ​ពេល​មាន​បង​ប្អូន​ជាគ្រីស្តបរិស័ទ ពេលនោះបានជាព្រះសហគមន៍ នឹកអំពីរៀបចំព្រះវិហារឡើងវិញ។

ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច​ដែលជាគ្រឹះដំបូងនៃការប្រមូលបងប្អូន ពិសេសនៅទីតំបន់ទីក្រុង ភ្នំពេញ យើងអត់ទាន់មានព្រះវិហារ ពេលយើងចាប់ផ្ដើមយើងប្រើបន្ទប់ធំដើម្បីជួបជុំគ្នា។ ដូច្នេះ​ពេល​ព្រះ​​បន្ទូលនិយាយអំពីសង្គ្រាមនាំឲ្យយើងអស់សង្ឃឹម។ ប៉ុន្តែ! ​ព្រះយេ​ស៊ូ​បាន​រំលឹក​យើងថ្ងៃនេះថា កុំ​ទៅ​តាម​គេកុំបណ្ដោយចិត្តរបស់យើងទៅតាមអ្នកដែល ព្យាយាមនាំឲ្យយើងបង្វែរទៅជឿកន្លែងផ្សេងៗ។ ការ​សង្គ្រោះរបស់យើងគ្រឹះនៃជំនឿ គ្រឹះនៃដួងចិត្តរបស់យើង គឺព្រះអម្ចាស់យេស៊ូគ្រីស្ត ដែលព្រះអង្គមក ក្នុង​​លោកនេះ ហើយនឹងយាងមកម្តងទៀតនៅថ្ងៃចុងក្រោយ។ ដូច្នេះពេលព្រះសហគមន៍នឹកឃើញ ដំណើរ​នេះ យើងត្រូវការមានការបង្ហាញជំនឿរបស់យើងយ៉ាងពិតប្រាកដយ៉ាងរឹងមាំ និងមានជំហរនៅ ក្នុង​រឿង​នេះ​។ សំណួរសួរថាតើយើងអាចបង្ហាញជំនឿនៅពេលណា? គឺនៅពេលបងប្អូនទៅព្រះវិហារ ជាពេល​ ជួបជុំគ្នាក្នុងព្រះសហគមន៍ ជាពេលយើងគិតអំពីការសាងសង់ព្រះវិហារថ្មី។ ទេវវិទ្យាល័យជា​កន្លែង​ប្រមូល​បង្រួបបង្រួម ក្លាយ​ជាព្រះវិហារមួយ​នៅ​ក្នុងទីក្រុងភ្នំពេញហើ​យក៏រហូត​ដល់​ពេល​នេះ ៤ឆ្នាំកន្លងមក​យើង​បានជិតបង្ហើយព្រះវិហារដ៏ស្អាតមួយដែលបង្ហាញលក្ខណៈវប្បធម៌ខ្មែរយើងហើយក៏បានជា កន្លែង​សម្រាប់​បង្ហាញ​ជំនឿរបស់យើងផងដែរ។ ដូច្នេះបងប្អូនអាចបង្ហាញភាពរឹងមាំនៃជំនឿរបស់យើងដោយការទៅអធិដ្ឋាន ​ពួត​ដៃ​គ្នា​បំពេ​ញ​​បេសកកម្ម​នៅក្នុង​ព្រះសហគមន៍របស់បងប្អូនមិនថាកន្លែងណា ព្យាយាមរស់នៅជាបងប្អូនចែក​រំលែកសេចក្តី​ស្រឡា​ញ់​​អ្នកដទៃ។  

ព្រះបន្ទូលថ្ងៃនេះមិនគួរណាឲ្យយើងភ័យរន្ធត់ ប៉ុន្តែឲ្យមានក្តីសង្ឃឹមមិនថាស្ថា​ន​ភា​ព​កំពុង​​មាន​ភាព​វឹក​វរ​ទោះបីយើងមិនអាចទុកចិត្តអ្វីបានក៏ប៉ុន្តែជំនឿរបស់​បង​ប្អូន គឺជាជំហរដ៏រឹងមាំដែលអាចឆ្លងកាត់​គ្រប់ស្ថាន​ភាព​បាន។ សូមព្រះជាម្ចាស់ប្រទានពរឲ្យបងប្អូននិងសូមឲ្យព្រះបន្ទូលថ្ងៃនេះនាំឲ្យ យើងមានការលើក​ទឹក​ចិត្ត​ និងជំរុញឲ្យយើងបានជួយគ្នាកសាងជំនឿរបស់យើងក្នុងព្រះសហគមន៍ ដើម្បីឲ្យយើងបង្កើតស្ថាន​ភាព​ដ៏ល្អជាការប្រកាសជំនឿការប្រកាសដំណឹងល្អនិងធ្វើឲ្យយើងទាំងអស់គ្នា មានក្តីសុខសាន្តនៅក្នុ​ង​ស្ថាន​ភាពកំពុងផ្លាស់ប្ដូរនៅក្នុងជីវិតយើងសព្វថ្ងៃនេះផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឲ្យអស់​បង​ប្អូន​៕

 

Daily Program

Livesteam thumbnail