ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (៣,២០-២១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដំណើរនៃកាលវេលាកាន់តែទៅមុខយ៉ាងលឿន។ នៅថ្ងៃសៅរ៍ ទី២៤ នេះ យើងនឹងស្តាប់ព្រះបន្ទូលដំណឹងល្អតាមរយៈលោកម៉ាកុស (៣,២០-២១) ជាព្រះបន្ទូលដ៏ខ្លី ប៉ុន្តែ! បានផ្តោតទៅលើក្រុមគ្រួសាររបស់ព្រះយេស៊ូដែលមកតាមរកព្រះអង្គ។ ពួកគេមានការខ្វល់ខ្វាយ នៅពេលបានឮថា ព្រះអង្គរវល់ខ្លាំង រហូតដល់គ្មានពេលទទួលទានអាហារ និងគ្មានពេលជួបក្រុមគ្រួសារ។ ក្រុមគ្រួសារក៏បានតាមរក ដោយគិតថាព្រះអង្គដូចជាវង្វេងហើយ។ ការព្រួយបារម្ភនេះជារឿងពិត ដែលឪពុកម្តាយ បងប្អូនតែងតែខ្វល់ខ្វាយ។
ផ្ទុយទៅវិញ សូមយើងក្រឡេកមកមើលសកម្មភាពរបស់ព្រះយេស៊ូ។ ព្រះអង្គមានសកម្មភាពមមាញឹក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះបិតា។ ព្រះអង្គបានប្រញាប់ប្រញាល់ជួបជុំ ធ្វើដំណើរ បង្រៀន និងថែទាំអ្នកជំងឺ ជួយដល់ប្រជាជនដែលមានបញ្ហា និងទុក្ខលំបាកផ្សេងៗ។ ព្រះអង្គយាងមកដើម្បីណែនាំ និងលើកទឹកចិត្តដល់មនុស្សលោក ចំពោះបញ្ហាស្មុគស្មាញទាំងឡាយ។
នៅថ្ងៃនេះ ចូរបងប្អូនអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គសព្វព្រះហឫទ័យយាងមកក្នុងលោកនេះ ដើម្បីរំដោះទុក្ខលំបាក និងទុក្ខវេទនា។ ដូចដែលបងប្អូនបានធ្វើសកម្មភាពកន្លងមក ទាំងព្រះសហគមន៍គ្រប់ទីកន្លែង និងរាជរដ្ឋាភិបាល បានចុះទៅគ្រប់ទីកន្លែងផ្សែងៗ ដើម្បីចែកអំណោយដល់បងប្អូនភៀសខ្លួន និងកងទ័ពជួរមុខ ដែលកំពុងប្រឈមនឹងសង្គ្រាម។ សកម្មភាពទាំងនេះ បង្ហាញពីការចូលរួមដើម្បីតម្លៃរបស់មនុស្សជាតិ។ យើងមិនពេញចិត្តនឹងសង្គ្រាម ឬអ្វីដែលធ្វើឱ្យមនុស្សបែកបាក់ ឈ្លោះប្រកែក និងសម្លាប់គ្នានោះទេ។ យើងមកដើម្បីលើកទឹកចិត្តមនុស្សឱ្យត្រឡប់មករកព្រះជាម្ចាស់វិញ និងសូមឱ្យមនុស្សឈប់ប្រព្រឹត្តសេចក្តីអាក្រក់ ដែលនាំឱ្យបាត់បង់ជីវិត គ្រួសារ ជំនឿ និងសេចក្តីសង្ឃឹម។
ថ្ងៃនេះ ព្រះយេស៊ូបានយាងមក ដើម្បីនាំមកនូវសេចក្តីសុខសាន្ត។ សូមបងប្អូនបើកចិត្ត បើកគំនិត ទទួលព្រះអង្គ ដើម្បីឱ្យភាពងងឹតនៃឆ្នាំថ្មីដែលយើងបានចាប់ផ្តើមនេះទទួលបានពន្លឺថ្មី ជំនឿថ្មី និងសេចក្តីសង្ឃឹមថ្មី ក្នុងអង្គព្រះយេស៊ូជាអម្ចាស់។ អាមែន៕