ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាកុស ៣,១៣-១៩អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
ព្រះយេស៊ូគង់នៅជាមួយបណ្តាជន នៅក្នុងចំណោមពួកគេ ព្រះអង្គបានជ្រើសរើស១២នាក់ អស់អ្នកដែល ដើម្បីចាត់គេពីរៗនាក់ឱ្យទៅប្រកាសដំណឹងល្អ។
ហេតុអ្វីបានជាព្រះយេស៊ូជ្រើសរើសទាំង១២ មិនជ្រើសរើស១០០ ២០០ ៣០០ ១០០០ ១០,០០០នាក់? ចម្លើយគឺ១២ ជាតំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែលទាំង១២។ ១២នាក់នេះ គឺជាតំណាងពិភពលោកទាំងមូលតែម្តង ដើម្បីទៅប្រកាសដំណឹងល្អ។
នៅក្នុងព្រះសហគមន៍កាតូលិករបស់យើង មានការបញ្ជូនបន្តតាំងពីសម័យក្រុមគ្រីស្តទូតមករហូតមកដល់សព្វថ្ងៃ តាំងពីសម័យព្រះយេស៊ូ ព្រះអង្គបានជ្រើសរើសសន្តសិលា ព្រះអង្គនៅតែបន្តជ្រើសរើសក្រុមសាវ័ក ឬក្រុមគ្រីស្តទូត ដើម្បីទៅប្រកាសដំណឹងល្អ។
យើងឃើញ នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អទាំង១២នាក់នេះ គឺជាតំណាងឱ្យគ្រប់ជាតិគ្រប់សាសន៍តែម្តង។ តំណាងឱ្យអ្នកជំនាញនិយម អ្នកប្រកាសដំណឹងល្អ ដែលមានមុខងារតួនាទីផ្សេងៗពីគ្នា រហូតដល់ចុងក្រោយ យើងឃើញលោកយូដាស អ៊ីស្ការីយ៉ុត ជាអ្នកកាន់ហរិញ្ញវត្ថុ ហើយគាត់សម្លាប់លោកគ្រូរបស់គាត់ គឺព្រះយេស៊ូ ដោយលក់ព្រះអង្គ សម្លាប់ព្រះអង្គដោយសារលុយ។ គាត់នៅជាមួយព្រះយេស៊ូ ៣-៤ ឆ្នាំ ទទួលបានអ្វីៗជាច្រើន ទាំងព្រះអំណោយទាន ចុងក្រោយ យូដាស អ៊ីស្ការីយ៉ុតមិនចេះ អរព្រះគុណព្រះជាម្ចាស់ទេ បែរជាលក់គ្រូរបស់ខ្លួនទៅវិញ។ សេចក្តីស្លាប់ដែលលោកយូដាស អ៊ីស្ការីយ៉ុតមាន គឺជាសេចក្តីស្លាប់ដោយអាម៉ាស់ គឺជាសេចក្តីស្លាប់ដែលពិបាកនឹងទទួលបានការសង្គ្រោះ។
បងប្អូនជាទីស្រឡាញ់ យើងម្នាក់ៗទទួលការត្រាស់ហៅពីព្រះយេស៊ូ ដើម្បីឱ្យទៅប្រកាសដំណឹងល្អ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យក្លាយទៅជាបូជាចារ្យ ជាបុព្វជិត បុព្វជិតា បងប្រុស បងស្រី ជាគ្រហស្ថ ជាគណៈកម្មការ ដើម្បីទៅបំពេញបេសកកម្មក្នុងការប្រកាសដំណឹងល្អ ឱ្យគេបានស្គាល់ព្រះយេស៊ូ។
តែទោះជាយ៉ាងណាក៏ដោយ យើងគប្បីត្រូវដឹងគុណ ត្រូវអរព្រះគុណព្រះជាម្ចាស់ដែលព្រះអង្គបានត្រាស់ហៅខ្ញុំ។ ទោះបីទៅប្រកាសដំណឹងល្អពីកន្លែងមួយទៅកន្លែងមួយជួបឧបសគ្គ ឬក្នុងជីវិតរបស់បូជាចារ្យ បងស្រី ឬបុព្វជិត បុព្វជិតារស់នៅក្នុងព្រះសហគមន៍មួយ គេមើលងាយ គេទទួលស្វាគមន៍ គេមិនទទួលស្វាគមន៍ គេជេរ គេប្រមាថ គេចង់សម្លាប់ ក៏ប៉ុន្តែព្រះវិញ្ញាណដ៏វិសុទ្ធនៅតែចាំតាមការពារ ព្រះវិញ្ញាណដ៏វិសុទ្ធនៅតែផ្តល់កម្លាំង ព្រះវិញ្ញាណដ៏វិសុទ្ធនៅតែផ្តល់សក្ខីភាពឱ្យយើងជាឧបករណ៍របស់ព្រះអង្គ នៅតែមានកម្លាំងក្នុងការប្រកាសដំណឹងល្អ។ ទោះបីត្រូវគេជេរ ទោះបីត្រូវគេសម្លាប់ ទោះបីត្រូវគេបង្ខូចឈ្មោះ ទោះបីត្រូវគេស្ដោះទឹកមាត់ដាក់ ទោះបីមានម្ហូបអាហារ ឬអត់ម្ហូបអាហារ យើងនៅតែមានអំណរសប្បាយក្នុងការប្រកាសដំណឹងល្អ។
ចំណុចចុងក្រោយ គឺបទពិសោធន៍របស់ក្រុមគ្រីស្តទូតទាំង ១១ នាក់ ដកលោកយូដាស អ៊ីស្ការីយ៉ុត ចេញ ទាំង១១ នាក់ គេទៅប្រកាសដំណឹងល្អតាមកន្លែងផ្សេងៗ អ្នកខ្លះត្រូវគេកាត់ក អ្នកខ្លះត្រូវគេឆ្កាង អ្នកខ្លះត្រូវគេសម្លាប់ដោយអយុត្តិធម៌ ក៏ប៉ុន្តែសក្ខីភាពរបស់ពួកគាត់ នាំឱ្យយើងជាមនុស្សជំនាន់ក្រោយ ចង់ថ្វាយខ្លួនដូចពួកគាត់ដែរ។
សូមយុវជន យុវនារី ស្តាប់ការត្រាស់ហៅ និងថ្វាយខ្លួន បើកចិត្តដើម្បីទទួលការសង្គ្រោះ បើកចិត្តដើម្បីស្តាប់ការត្រាស់ហៅរបស់ព្រះអង្គ ហើយខ្ញុំ ឬបងប្អូន សូមនិយាយថា "បាទ" ឬ "ចា៎" ខ្ញុំយល់ព្រម និងខ្ញុំចង់ធ្វើជាក្រុមគ្រីស្តទូត ដូចក្រុមគ្រីស្តទូតទាំង ១២ នាក់ដែរ។ អាម៉ែន៕