ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទគម្ពីរ លូកា ១៩,៤៥-៤៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

អត្ថ​បទ​គម្ពីរ​ថ្ងៃ​នេះ ព្រះយេស៊ូ​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះវិហារ​នៅ​ទីក្រុង​យេរូសាឡឹម ​ព្រះ​អង្គ​​រក​ឃើញ​អ្នក​លក់ដូរ អ្នក​ដូរ​ប្រាក់ ឬ​គេ​ប្រើ​ព្រះវិហារ​នេះ​ដោយ​អត់​សមរម្យ។ ហេតុនេះ​បាន​ជា​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា នៅ​ទីនេះ​ជា​កន្លែង​អធិដ្ឋាន មិន​មែន​ជា​កន្លែង​លក់ដូរ​ទេ! ព្រះអង្គ​សូម​ឲ្យ​គេ​កុំ​យក​កន្លែង​នេះក្លាយ​ជា​សម្បុក​ចោរ។

​បងប្អូន​ជា​ទី​ស្រឡាញ់! នៅ​ក្នុងអត្ថ​បទ​គម្ពីរ​ដំណឹងល្អ​នៅ​ក្នុង​ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​យ៉ាង​ច្បាស់ និង​យ៉ាង​ជ្រៅ ព្រះអង្គហ៊ាន​និយាយ​ទៅ​កាន់​អស់​បងប្អូន​ដែលដូចជា​មាន​ទង្វើ​អត់​ល្អ​នៅ​ក្នុង​ព្រះវិហារ ដោយ​សារ​ព្រះវិហារ​គឺ​ជា​ទី​សក្ការៈ មិន​ត្រូវ​យក​ទី​សក្ការៈ​នេះ​ទៅ​លក់ដូរ មិន​ត្រូវ​ប្រើ​ទី​សក្ការៈ​នេះ​ទៅ​រកស៊ី​ទេ។

ខ្ញុំ​ចង់​ចែក​ជាមួយ​នឹង​បងប្អូន​បី​ចំណុច៖

ទីមួយព្រះវិហារ​ជា​ទី​សក្ការៈ​ដ៏​បរិសុទ្ធគឺ​ជា​ទី​សក្ការៈ​ដ៏​បរិសុទ្ធ ដ៏​ល្អ។ ហេតុ​នេះ​ព្រះយេស៊ូ​រំលឹក​យើង​ថា ជា​ទី​កន្លែង​ដែល​ព្រះជាម្ចាស់​មាន​ព្រះជន្ម​គង់​នៅគឺ​ជា​កន្លែង​សម្រាប់​មនុស្ស​ទាំង​អស់​អធិដ្ឋាន និង​ជា​កន្លែង​​ថ្វាយ​​សក្ការៈបូជា ជា​កន្លែង​ដែល​ស្ដាប់​ព្រះបន្ទូល ជា​កន្លែង​ដែល​ស្ដាប់​ការ​ប្រៀនប្រដៅ​របស់​ព្រះជាម្ចាស់ ជា​​កន្លែង​ដែល​ស្ដាប់​ការ​ប្រៀនប្រដៅ​របស់​ព្រះសហគមន៍។ ហេតុ​នេះ​ព្រះវិហារ​គឺ​ជា​កន្លែង​លើកលែង​ទោស ​ដែល​មាន​ការ​ប្រណី​សណ្ដោស និង​ជា​កន្លែង​ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​ស្ងប់ ឲ្យ​យើង​មាន​ចិត្ត​ទូលាយ។ ហេតុនេះកុំ​ឲ្យ​ខ្លួន​យើង​ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ហិង្សា ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​អំនួត ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​សង្គ្រាម ឬជា​កន្លែង​ពោរពេញ​ទៅ​ដោយ​គិត​តែ​អំពី​ការ​ស៊ីផឹក ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយការ​លក់ដូរ។ នៅ​ក្នុង​ជីវិត​របស់​យើង រូបកាយ​របស់​យើង​ក៏​ជា​ព្រះវិហារ​ ជា​កន្លែង​​សក្ការៈដ៏​ប្រសើរ និង​ដ៏​ឧត្តមដើម្បី​ឲ្យ​ព្រះជាម្ចាស់​មាន​វត្តមាន​នៅ​ក្នុង​ជីវិត​របស់​យើង។ ហេតុ​នេះចូរ​ឲ្យ​យើង​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះជាម្ចាស់​យាង​មក​គង់​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​។

ចំណុច​ទី​ពីរ ការកែប្រែចិត្តគំនិត។ ព្រះយេស៊ូ​សម្អាត​ព្រះវិហារមាន​ន័យ​ថា ព្រះយេស៊ូ​​សម្អាត​ដួងចិត្ត​របស់​យើង​ដើម្បី​ឲ្យ​យើង​បាន​ស្អាត កុំ​ឲ្យ​យើង​មាន​សៅហ្មង ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​រួម​ចំណែក​នៅ​ក្នុង​ការ​សម្អាត​ជីវិត​របស់​យើង ហើយ​យើង​ត្រូវ​យល់​ថា មិន​មែន​មិន​មាន​អំពើ​បាប​ណា​ដែល​ព្រះជាម្ចាស់​មិន​អាច​លុប​បំបាត់​នោះ​ឡើយ ក៏​ប៉ុន្តែ លុះត្រា​តែ​យើង​យល់ព្រម​កែប្រែ​ចិត្តគំនិត រួម​​ដំណើរ​​ជាមួយ​ព្រះអង្គ។ ការ​សម្អាត​ខ្លួន ជា​ពិសេស​បេះដូង ចិត្ត​គំនិត​របស់​យើង កុំ​ឲ្យ​យើង​មាន​ភ្លើង​នៅ​ក្នុង​ដួងចិត្ត​ កុំ​ឲ្យ​យើង​មាន​ភ្លើង​ដែល​នាំ​ឲ្យ​យើង​មាន​សង្គ្រាម កុំ​ឲ្យ​យើង​មាន​ភ្លើង​​ហិង្សា។

ចំណុច​ទី​បី ព្រះបន្ទូល​ជា​ប្រភព​នៃ​ជីវិត។ ព្រះអង្គ​បាន​បំលែង​ឲ្យ​ព្រះវិហារ​នៅ​ដួងចិត្ត​របស់​យើង​ក្លាយ​ទៅ​ជា​ទី​សក្ការៈ ក្លាយ​ទៅ​ជា​រមណីយដ្ឋាន ក្លាយ​ទៅ​ជា​ឋាន​មួយ​ដែល​​ល្អ​ប្រសើរ​នាំ​ឲ្យ​យើង​មាន​ទំនាក់ទំនង​មួយ​ពិសេស។

ហេតុ​នេះ​សូម​ឲ្យ​បងប្អូន​បើក​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ។ សូម​កុំ​ឲ្យ​ដួងចិត្ត​របស់​យើង​ក្លាយ​ទៅ​ជា​ទីផ្សារ ជា​កន្លែង​លក់ដូរ និង​សូម​ឲ្យ​បងប្អូន​ទៅ​ព្រះវិហារ​អធិដ្ឋាន ហើយ​សូម​យក​ទី​សក្ការៈ​នោះ​ក្លាយ​ទៅ​ជា​កន្លែង​ព្រះ​ដំណាក់​របស់​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​យើង​ក្លាយ​ទៅ​ជា​ដ៏​បរិសុទ្ធ​ផង​ដែរ។ អាម៉ែន៕

 

Daily Program

Livesteam thumbnail