ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន១៤,២៧-៣១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! យើងចូលនៅក្នុងសប្តាហ៍ទី៥នៃរដូវបុណ្យ​ចម្លងព្រះយេស៊ូប្រទាន​សេចក្តីសុខសាន្តឱ្យយើង។ បងប្អូនចាំនៅពេលដែលព្រះយេស៊ូបង្ហាញ​ឱ្យក្រុមសាវ័កឃើញព្រះអង្គមាន​ព្រះបន្ទូលអ្វីមុនគេ? គឺព្រះអង្គមានព្រះបន្ទូលថា៖ “​សូមបងប្អូនមានសេចក្តីសុខសាន្ត សូមឱ្យសេចក្តី​សុខ​សាន្តនឹងនៅជាមួយក្រុមសាវ័ក”។

នៅពេលយើងចាប់ផ្តើមអភិបូជា បើបងប្អូនចាំលោកពុកតែងតែយកសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់​ឱ្យ​យើង ឬជូនពរនៅពេលចុងបញ្ចប់អភិបូជាក៏អញ្ជើញទៅដោយសេចក្តីសុខសាន្តដែរ។ ដូច្នេះសេចក្តី​សុខ​សាន្ត​ជាអ្វីមួយដែលជាអំណរទានដែលព្រះជាម្ចាស់ចង់ប្រទានឱ្យយើង ហើយ​អំណរសប្បាយគឺជា​សេចក្តី​សុខសាន្តដែលមកពីជំនឿ។

បងប្អូនដឹងពេលសម្តេចប៉ាបមានព្រះបន្ទូលដំបូងគឺ “សុំឱ្យបងប្អូនមានសេចក្តីសុខសាន្ត” ហើយព្រះ​អង្គ​ព្យាយាមបញ្ជាក់ ឬបង្ហាញថាកិច្ចការរបស់សម្តេចប៉ាប និងគ្រីស្តបរិស័ទទាំងអស់គឺ៖ “ការផ្តល់សេចក្តីសុខ​សាន្ត​ឱ្យគ្នាទៅវិញទៅមក”។ សម្តេចប៉ាបអធិដ្ឋានដំបូងពេលទេវទូតនាំសារឱ្យព្រះនាងម៉ារី​នៅ​ទី​ក្រុងរ៉ូម​សម្តេច​ប៉ាបបានសំណូមពរ នឹងសុំឱ្យអ្នកដឹកនាំនៅហ្កាហ្សារវាងប្រទេសប៉ាគីស្ថាន ឥណ្ឌា និងប្រទេស​អ៊ុយ​ក្រែនឲ្យព្យាយាមដោះស្រាយបញ្ហាដោយយកសេចក្តីសុខសាន្តសម្រាប់ពិភពលោករបស់យើង។ ដូច្នេះ​អំណ​រ​សប្បាយដែលបានកើតឡើងពេលសង្រ្គាមត្រូវបានបញ្ជប់ជាមួយគ្នា។

បាទបងប្អូនជា​ទីស្រឡាញ់!  យើងអរគុណសន្តិភាពដែលបានប្រទានឱ្យកម្ពុជាមិនមានសង្គ្រាម ប៉ុន្តែ​សង្គម​​របស់យើងត្រូវតែរក្សាការគោរពគ្នាទៅវិញទៅមក ការអនុវត្តតាមច្បាប់យ៉ាងល្អដើម្បីឱ្យយើង​រស់នៅ​ជា​មួយ​គ្នាដោយសុខសាន្ត។ សម្រាប់យើងជាគ្រីស្តបរិស័ទព្រះយេស៊ូចង់ជំរុញ​ឱ្យបងប្អូ​នដែល​ជាគ្រីស្ត​បរិ​ស័ទ​​​សូម​ចែកចាយសេចក្តីសុខសាន្តតាមជំនឿតាមកិច្ចការដែលបងប្អូនអាចធ្វើបាន ដោយសារនេះ​ជា​អំណរ​​សប្បាយ​មកពីបុណ្យចម្លង។

ព្រះយេស៊ូចង់ឱ្យយើងរស់នៅដោយសេចក្តីសុខសាន្ត និងមានក្តីសង្ឃឹមជានិច្ចថាទោះបីនៅជុំវិញពិភព​លោក​​របស់យើង សង្គមរបស់យើងមានរឿងអយុត្តិធម៌ មានរឿងមិនសូវល្អតែយើងត្រូវតែជាស្ពានចម្លង​អំណរ​សប្បាយ និងសេចក្តីសុខសាន្តតាមរយៈជំនឿនឹងទៅ​ឱ្យបងប្អូនជិតខាងដែរ។ ដូច្នេះទង្វើល្អរបស់​បងប្អូនដែលជាគ្រីស្តបរិស័ទគឺជាការចែករំលែកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងអំណរសប្បាយ​ទៅកាន់អ្នកដទៃ។ តើយើងចែកចាយយ៉ាងម៉េច? ប្រសិនបើបងប្អូន​អត់មានបាប បងប្អូន​ត្រូវ​យក​ព្រះ​បន្ទូល​​ថ្ងៃនេះរំលឹកខ្លួនឯងសិនថា តើពេលខ្ញុំមានជំនឿបែបនេះខ្ញុំមាន​អំណរ​សប្បាយ និងសេចក្តីសុខ​សាន្ត​នៅក្នុងចិត្តរបស់ខ្ញុំ ឬអត់?

ប្រសិនបើបងប្អូនមិនទាន់មានពេលវេលាគ្រប់គ្រាន់ដើម្បីអធិដ្ឋានសូមយកពេលវេលានៅជាមួយព្រះយេស៊ូ យកពេលវេលានៅ​មុខព្រះ​កាយរបស់ព្រះអង្គ ដើម្បីឱ្យចិត្តគំនិតរបស់យើងភ្ជាប់ជាមួយព្រះអង្គ និង​មាន​អំណរសប្បាយ នៅពេលដែលយើងមានទំនាក់ទំនងជាប់ជាមួយព្រះអង្គយ៉ាងពិតប្រាកដ។ សូមឱ្យអំណរ​សប្បាយនេះ​កើតឡើងក្នុងដួងចិត្តរបស់បងប្អូន ហើយអាចចែកចាយទៅឱ្យអ្នកដទៃបានដែរ។

សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្តឱ្យបងប្អូន និងសុំឱ្យបងប្អូនរស់នៅជាមួយគ្នាដោយ​សេចក្តីសុខ​សាន្ត ដោយសារគោរពនៃការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកផងដែរ។ សូមព្រះជាម្ចាស់​ប្រទាន​ពរឱ្យអស់បងប្អូន៕

Daily Program

Livesteam thumbnail