ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាកុស ២,២៣-២៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទបងប្អូន ថ្ងៃសប្ប័ទជាថ្ងៃអ្វី? ជាថ្ងៃដែលសាសនាយូដាកាន់តាមធម្មវិន័យ អនុវត្តតាមធម្មវិន័យ ជាថ្ងៃសៅរ៍ដែលបងប្អូនជនជាតិយូដាតែងតែគោរព មិនធ្វើការងារតាមការកំណត់ធម្មវិន័យ។ កាបូតគួរស្រូវសាវ័ករបស់ព្រះយេស៊ូ គេចាត់ទុកថាជាការធ្វើការ គឺខុសនិងធម្មវិន័យ។ តែមិនដូច្នោះ ព្រះយេស៊ូកំពុងអប់រំបង្រៀនយើង ព្រះអង្គចង់ឱ្យយើងដឹងថា គោលបំណងរបស់ធម្មវិន័យ គឺឲ្យយើងគោរពព្រះជាម្ចាស់ និងចេះបង្ហាញធម្មមេត្តាករុណារបស់ទ្រង់ ជាអ្វីដែលធំជាងធម្មវិន័យទៅទៀត។
អ្វីដែលព្រះអង្គមានព្រះបន្ទូលនៅក្នុងរឿងនេះ ព្រោះចង់បង្រៀនឱ្យអ្នកដែលកាន់តាមធម្មវិន័យកុំធ្វើតាមតួអក្សរ កុំធ្វើតាមអ្វីដែលបានចារទុកដោយមិនបានឈ្វេងយល់ពីអត្ថន័យ និងគោលបំណងនៅខាងក្នុងហ្នឹង។ ការគួរស្រូវហ្នឹងគឺដោយសារគាត់ឃ្លាន មនុស្សឃ្លាន មនុស្សមានការខ្វះខាត។ ដូច្នោះហើយ ធម្មវិន័យរបស់ព្រះជាម្ចាស់ ឱ្យតម្លៃលើការជួយជាជាងការអនុវត្តតាមតួអក្សរ។
បងប្អូនដឹងហើយថា ព្រះសហគមន៍របស់យើងទោះបីយើងមានច្បាប់ ទោះបីយើងមានរបៀបវិន័យ តែយើងក៏មានការលើកលែងនៅក្នុងករណីខ្លះដែរ។ នេះជារឿងមួយដែលជាគោលបំណងរបស់ព្រះជាម្ចាស់ គឺដើម្បីធម្មមេត្តាករុណារបស់ព្រះជាម្ចាស់ទៅដល់មនុស្សគ្រប់រូប ជាពិសេសមនុស្សបាប អាចមានឱកាសកែប្រែខ្លួន ហើយត្រឡប់មករកព្រះជាម្ចាស់វិញ ដោយធម្មមេត្តាករុណារបស់ព្រះអង្គ។
អគ្គសញ្ញាលើកលែងទោសក៏ជាមាគ៌ាមួយនាំឱ្យយើងឃើញធម្មមេត្តាករុណារបស់ព្រះអង្គ។ សូមបងប្អូនអនុវត្តតាមសេចក្ដីស្រឡាញ់ តាមគោលដៅនៃច្បាប់ដែលមានក្នុងព្រះសហគមន៍ ដើម្បីឱ្យយើងទៅដល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ៕