ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន១៤,២១-២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

ជម្រាបសួរបងប្អូនជាទីស្រឡាញ់! ថ្ងៃនេះជាថ្ងៃចន្ទបន្ទាប់ពីថ្ងៃអាទិត្យទី៥នៃបុណ្យចម្លង។ តភា្ជប់ពីអត្ថបទ​ទី៥នៃបុណ្យចម្លងយើងបានឃើញព្រះយេស៊ូបានផ្តល់វិន័យថ្មីមួយសម្រាប់យើង គឺត្រូវស្រឡាញ់គ្នាទៅវិញ​ទៅម​កដូចព្រះអង្គស្រឡាញ់យើងទាំងអស់គ្នា។ ដូច្នេះសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ​ជាសេចក្តី​ស្រឡា​ញ់​ដែលគ្មានលក្ខខណ្ឌ។

យើងឃើញព្រះអង្គស្រឡាញ់រ​ហូតដល់បូជា​ជីវិតព្រះជន្មផ្ទា​ល់​របស់​ព្រះអង្គ​នៅ​លើ​ឈើឆ្កាង នៅចុងក្រោយ​បំផុតព្រះអង្គក៏បានលើកលែងទោសដល់អ្នកបានធ្វើបាប និងសម្លាប់ព្រះអង្គដែរ។ ដូច្នេះនេះជាសេចក្តី​ស្រឡាញ់​​មួយដែលខ្ពង់ខ្ពស់បំផុតដែលទាមទារឱ្យយើងម្នាក់ៗត្រូវតែរៀន និងស្រឡាញ់ដូច​ព្រះយេស៊ូ​ដែល​បានស្រឡាញ់យើងរហូតដល់ទីបំផុត។ ថ្ងៃនេះព្រះអង្គបានបន្តប្រាប់យើងថា៖“ បើអ្នកណាស្រឡាញ់ ​ខ្ញុំ​អ្ន​កនោះនឹងកាន់តាមវិន័យរបស់ខ្ញុំ”។

នេះគឺជាសំណួរមួយដែលសួរយើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ តើ​យើង​បាន​ធ្វើតាមក្រឹត្យវិន័យរបស់ព្រះយេស៊ូ ឬយើងបានធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដែរឬទេ? សម្រាប់​យើងប្រសិនបើយើងស្រឡាញ់ព្រះអង្គពិតមែន ឱ្យយើងខិតខំរស់នៅក្នុងជីវិតរបស់យើងជាគ្រីស្ត​បរិស័ទ​ខិតខំស្រឡាញ់បងប្អូនឯទៀតៗដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ។

ការស្រឡាញ់គ្នាទៅវិញទៅមក ការជួយយកអាសារគ្នា ការយោគយល់គ្នាទាំងអស់នេះ​ក៏ជាកិច្ចការនៃការ​ប្រកាសដំណឹងល្អដែរ។ ដូច្នេះអស់បងប្អូនដទៃដែលមិនទាន់ស្គាល់ព្រះយេ​ស៊ូ! គេមើលតាមជីវិត​រស់នៅ​របស់​យើង យើងចេះស្រឡាញ់គ្នាទៅវិញទៅមក ស្រឡាញ់ឱ្យគ្មានលក្ខខណ្ឌ ស្រឡាញ់ដោយ​មិនចង់​បាន​អ្វី​មកសម្រាប់ខ្លួនឯងវិញ នេះជាសក្ខីភាពសម្រាប់បងប្អូនឯទៀតៗអាចឃើញ​វត្តមាន​របស់​ព្រះយេស៊ូតាម​ជីវិត​រស់នៅរបស់យើងដែលជាគ្រីស្តបរិស័ទ ដោយសារយើងចេះស្រឡាញ់គ្នា​ទៅវិញទៅ​មក​៕

 

Daily Program

Livesteam thumbnail