ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ អត្ថបទគម្ពីរលូកា ២,៤១-៥១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
សូមជម្រាបសួរបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃបុណ្យសន្តយ៉ូសែប ជាស្វាមីរបស់ព្រះនាងម៉ារី ប្រហែលជាមានអ្នកខ្លះបានដឹង និងស្គាល់លោកយ៉ូសែបថាគាត់ជាបិតារបស់ព្រះយេស៊ូ។ ហេតុនេះហើយ ក្នុងជីវិតរបស់សន្តយ៉ូសែប គាត់បានបំភ្លេចខ្លួនឯចោលដើម្បីប្រយោជន៍ដល់ព្រះយេស៊ូ និងព្រះនាងម៉ារី។ គាត់ចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គាត់ធ្វើអ្វីៗទាំងអស់ដើម្បីជាសិរីមង្គលដល់ព្រះជាម្ចាស់។
ចំណែកជីវិតរបស់គាត់ គឺមិនសូវល្បីក្នុងគម្ពីរដំណឹងល្អឡើយ។ ដឹងត្រឹមថា គាត់គឺជាបិតារបស់ព្រះយេស៊ូ និងជាអ្នកជឿនៅភូមិណាសារ៉ែត តែប៉ុណ្ណោះ។ មិនមានដឹងអ្វីច្រើនទៀតពីលោកយ៉ូសែបទេ។ ក៏ប៉ុន្តែ លោកយ៉ូសែប គាត់បានកំចាត់ខ្លួនឯង បំភ្លេចខ្លួនឯងដើម្បីប្រយោជន៍ដល់ព្រះយេស៊ូ។ តាមប្រពៃណីរបស់គ្រីស្ដបរិស័ទជឿថាលោកយ៉ូសែប ទទួលមរណភាព នៅពេលព្រះយេស៊ូអាយុប្រហែល១៤ ឬ១៥ឆ្នាំ។ លោកយ៉ូសែបបានស្លាប់មុន ដើម្បីឱ្យមនុស្សជុំវិញយល់ថា ព្រះយេស៊ូមានតែបិតាតែមួយគត់ គឺព្រះជាម្ចាស់ជាបិតា។
សូមឱ្យសន្តយ៉ូសែបធ្វើជាគំរូ សូមកុំឱ្យយើងរស់នៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គម ដើម្បីជាប្រយោជន៍ និងអួតខ្លួនឯងដើម្បីឱ្យគេសរសើរ ផ្ទុយទៅវិញយើងត្រូវចេះបន្ទាបខ្លួន ហើយពេលនោះ ព្រះជាម្ចាស់នឹងលើកតម្កើងយើង ដូចដែលទ្រង់បានលើកតម្កើងសន្តយ៉ូសែបដែរ។ អាម៉ែន!