ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១០,១-៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

បងប្អូនជាទីស្រឡាញ់! នៅពេលដែលព្រះយេស៊ូយាងមកឡើងវិញ តើព្រះយេស៊ូទ្រង់នឹងឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ? សំណួរដែលព្រះអង្គសួរនេះធ្វើឲ្យយើងឆ្ងល់ រយៈពេលប៉ុន្មានឆ្នាំនៅពេលដែលសាសនទូតត្រូវចាកចេញពីប្រទេសខ្មែរនាសម័យខ្មែរក្រហម លោកអភិបាលអ៊ីរ៉ាមួស លោកតាពង្សូហើយនឹងលោកបូជាចារ្យនានា ដែលធ្លាប់ផ្សព្វផ្សាយដំណឹងល្អនៅប្រទេសខ្មែរ ពួកគាត់ក៏ធ្លាប់សួរខ្លួនឯងថា៖ ពេលដែលយើងត្រឡប់ទៅប្រទេសខ្មែរវិញ នៅពេលដែលប្រទេសខ្មែរមានសេរីភាពឡើងវិញ តើយើងនឹងឃើញប្រទេសខ្មែរមានជំនឿឬទេ?
រយៈពេលជិត៤ឆ្នាំបងប្អូន! ទោះបីមានការបៀតបៀន ទោះបីមិនសូវមាននំប៉័ងនិងស្រា ក៏ពួកគាត់បានរក្សាជំនឿយ៉ាងល្អ ក្រោយពេលខ្មែរក្រហមលែងកាន់អំណាច បងប្អូនដែលបានគេចខ្លួនទៅប្រទេសវៀតណាមក៏ត្រឡប់មកខ្មែរវិញ នឹងបានជួយផ្សព្វផ្សាយដំណឹងល្អ បើទោះបីមិនទាន់មានបូជាចារ្យ ក៏ពួកគាត់បានជួបជុំគ្នាអធិដ្ឋានទូលអង្វរព្រះអង្គ អានព្រះគម្ពីរ នឹងបានបង្កើតក្រុមតូចៗនៅភ្នំពេញ និងខេត្តនានា ដើម្បីឲ្យគ្រីស្តបរិស័ទជួបគ្នា ស្គាល់គ្នា ហើយជួយគ្នាអធិដ្ឋាន។
រហូតដល់ឆ្នាំ៩០សេរីភាពបានត្រឡប់មកដល់ប្រទេសខ្មែរសារជាថ្មី ដោយសាររដ្ឋធម្មនុញ្ញថ្មី ប្រទេសខ្មែរមានសេរីភាពខាងសាសនា។ លោក អ៊ីរ៉ាមូស ក៏បានវិលមកប្រទេសខ្មែរ ហើយច្បាប់ក៏បានអនុញ្ញាតឲ្យបងប្អូនថ្វាយពិធីអភិបូជារហូតដល់ថ្ងៃ អ្វីដែលយើងឃើញគឺប្រទេសខ្មែរនៅតែមានជំនឿ។ ពិតជាអស្ចារ្យមែនទែន! ទោះបីប្រទេសខ្មែរបានឆ្លងកាត់សម័យដ៏សែនពិបាកសម័យដែល មានការបៀតបៀន មរណសាក្សីប្រទេសខ្មែរនៅតែអាចរក្សាជំនឿ។ ប៉ុន្តែបងប្អូន! ខ្ញុំហ៊ានសួរថា៖ ប៉ុន្មានឆ្នាំទៅមុខទៀត តើប្រទេសខ្មែរនឹងរក្សាជំនឿបានឬទេ?
ពីមុនមានទស្សនៈវិជ្ជាកុម្មុយនិស្ត ឬក៏ម៉ាកឡេនីន ដែលធ្វើឲ្យប្រទេសខ្មែរពិបាកមែនទែន បច្ចុប្បន្ននេះមានសេរីភាព។ ប៉ុន្តែ! មានឧបសគ្គថ្មីដូចជាសម្ភារៈនិយមដែលធ្វើឲ្យយើងស្រឡាញ់ទ្រព្យសម្បត្តិកាន់តែច្រើន ហើយបំភ្លេចព្រះអង្គបន្តិចម្ដងៗ ដូច្នេះខ្ញុំសូមសួរបងប្អូនតើប្រទេសខ្មែរនឹងរក្សាជំនឿឬអត់? ខ្ញុំជឿថាក្តីសង្ឈឹមខ្ញុំ ហើយនិងបងប្អូនទាំងអស់គ្នាក៏មិនសូវខុសគ្នាដែរ សេចក្ដីសង្ឃឹមរបស់យើងគឺចង់ឲ្យប្រទេសខ្មែររក្សាបាននូវជំនឿ ជំនឿនៅប្រទេសខ្មែរនឹង រីកចម្រើន។ បងប្អូនកាន់តែច្រើននឹងស្គាល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់! បងប្អូនកាន់តែច្រើននឹងមានបាបធ្ងន់ ឬនឹងទទួលធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ហើយពួកគាត់ក្លាយទៅជាសាក្សីនៃធម៌មេត្តាករុណារបស់ព្រះអង្គដែលជួយសង្គ្រោះយើង។
នៅប្រទេសខ្មែរមនុស្សភាគច្រើនអត់ទាន់ស្គាល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់! ប្រហែលពួកគាត់ធ្លាប់ឮឈ្មោះព្រះយេស៊ូ ប្រហែលគាត់ធ្លាប់ស្គាល់សាលាមត្តេយ្យ ឬកម្មវិធីការីតាសដែលជួយមនុស្សក្រីក្រ ប៉ុន្តែសូមបងប្អូនជួយផ្សព្វផ្សាយដំណឹងល្អឲ្យពួកគាត់ មិនមែនតែដោយសារតែអំពើដែលយើងប្រព្រឹត្ត ប៉ុន្តែ!ដោយសារព្រះករុណាប្រណីសន្ដោសរបស់ព្រះជាម្ចាស់។ យើងដូចចៅក្រមក្នុងព្រះគម្ពីរនៅថ្ងៃនេះយើងបានទទួលភារកិច្ចមួយ គឺគ្រប់គ្រងលើព្រះសហគមន៍របស់ព្រះអង្គ។ ព្រះអង្គនៅឋានសួគ៌បានប្រគល់កូនសោនៃព្រះសហគមន៍ឲ្យយើងជាគ្រីស្តបរិស័ទ ហើយយើងត្រូវតែបើកកូនសោនៃស្ថានបរមសុខឲ្យបងប្អូនកាន់តែច្រើនចូលនៅក្នុងសិរីរុងរឿងរបស់ព្រះជាម្ចាស់បាន នេះជាបេសកកម្មរបស់យើង។
តើបុត្រមនុស្សនឹងឃើញជំនឿនៅលើផែនដីនៅពេលដែលព្រះអង្គយាងមក? បងប្អូនសូមអធិដ្ឋានជានិច្ចសូមកាន់ផ្ដាំ ហើយសូត្រធម៌ជាដរាបក្នុងខែតុលានេះ ជាខែពិសេសដើម្បីសូត្រផ្ដាំជាមួយព្រះនាងម៉ារី។ សូមបងប្អូនរក្សាជំនឿជានិច្ច ហើយសូមព្រះជាម្ចាស់ប្រទានព្រះពរឲ្យអស់បងប្អូន ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ អាម៉ែន៕
Daily Program
